(ព្រះវិហារ)៖ មន្ទីរសុខាភិបាលខេត្តព្រះវិហារ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០នេះ បានចេញមកច្រានចោលទាំងស្រុង ចំពោះការចោទប្រកាសថា មានបុរសជនជាតិខ្មែរម្នាក់ ទើបមកពីប្រទេសកូរ៉េខាងត្បូង កើតវីរុសកូវីដ១៩ នៅភូមិស្រយ៉ងជើង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។
តាមរយៈសេចក្ដីប្រកាសព័ត៌មាន មន្ទីរសុខាភិបាលខេត្តព្រះវិហារ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃនេះ បានបញ្ជាក់ថា ក្រុមឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលខេត្ត បានចុះទៅប្រមូលសំណាកទៅធ្វើការវិភាគ នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដោយជាលទ្ធផលបង្ហាញថា មិនមានជំងឺកូវីដ១៩ កើតលើបុរសនោះទេ។
មន្ទីរសុខាភិបាលខេត្តព្រះវិហារ បានអំពាវនាវបញ្ឈប់ជាបន្ទាន់នូវការផ្សព្វផ្សាយព័ត៌មានមិនពិត គ្មានមូលដ្ឋានជាក់លាក់ ឬមិនមានប្រភពច្បាស់លាស់ ធ្វើឲ្យប្រជាពលរដ្ឋមានការភ័យខ្លាច និងធ្វើឲ្យមានភាពច្របូកច្របល់ក្នុងសង្គម។
គួរជម្រាបថា រហូតមកដល់ពេលនេះ សរុបចំនួនអ្នកឆ្លង Covid-19 នៅកម្ពុជាបានកើនឡើងដល់៥នាក់ ក្នុងនោះមាន៖
*ទី១៖ បុរសជនជាតិចិន មកពីទីក្រុងវូហាន (ជាសះស្បើយ)
*ទី២៖ បុរសជនជាតិខ្មែរ វ័យ៣៨ឆ្នាំ នៅខេត្តសៀមរាប
*ទី៣៖ ស្រ្តីជនជាតិអង់គ្លេស វ័យ៦៥ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
*ទី៤៖ បុរសជនជាតិអង់គ្លេស វ័យ៧៣ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
*ទី៥៖ ស្រីជនជាតិអង់គ្លេស វ័យ៦៩ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម៕