(ភ្នំពេញ)៖ លោក អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន, លោក ង៉ូវ បូរីណា អគ្គនាយករង រដ្ឋបាលកិច្ចការទូទៅ នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងលោក រ័ត្ន សេរីបុត្រ (ល្បង លី) បានឧបត្ថម្ភថវិកាជូនយុវតីសិស្សថ្នាក់ទី១០ម្នាក់ ឈ្មោះ ផង់ ភិជ្ជរ៉ា ផានុត នៃវិទ្យាល័យជម្ពូវ័ន ដែលរងគ្រោះព្រោះអំពើហិង្សា។
ថវិកាទាំងនោះរួមមាន លោក អ៊ាង សុផល្លែត ចំនួន៤០ម៉ឺនរៀល, លោក ង៉ូវ បូរីណា ចំនួន៤០ម៉ឺនរៀល និងលោក រ័ត្ន សេរីបុត្រ (ល្បង លី) ចំនួន២០ម៉ឺនរៀល សរុបថវិកា១លានរៀល។
ជាមួយគ្នានេះ យុវតីទាំង ២នាក់ ក៏បានលើកម្រាមដៃ១០ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរសជនខាងលើ ដែលបានចូលរួមចំណែកកាត់បន្ថយការលំបាករបស់ពួកគេ ខណៈដែលកំពុងប្រឈមនឹងការលំបាកយ៉ាងខ្លាំង ទៅលើជីវភាពប្រចាំថ្ងៃ ដោយសារតែឪពុកជាប់ពន្ធនាគារ។
គួរជម្រាបថា យុវតីសិស្សថ្នាក់ទី១០ម្នាក់ ឈ្មោះ ផង់ ភិជ្ជរ៉ា ផានុត នៃវិទ្យាល័យជម្ពូវ័ន ដែលរងគ្រោះព្រោះអំពើហិង្សា ដោយត្រូវសិស្សសាលាឈ្មោះ ស្រ៊េន ចន្ទ្រា និងបក្ខពួកព្រួតគ្នាវាយខ្លួន រហូតដល់មានស្នាមរបួសធ្ងន់ធ្ងរពេញអស់ទាំងខ្លួន បានស្នើសុំដល់ក្រសួងយុត្តិធម៌ ក៏ដូចជាព្រះរាជអាជ្ញា ជួយស្វែងរកយុត្តិធម៌ដល់ខ្លួន ខណៈដែលអ្នកប្រើហិង្សាលើ ខ្លួនបែរជាមានសេរីភាពរស់នៅ ក្រៅរង្វង់ច្បាប់យ៉ាងសប្បាយ ហើយថែមទាំងមើលងាយ និងសើចចំអកឲ្យនាងទៀតផង ធ្វើឲ្យនាងមានការឈឺចាប់យ៉ាខ្លាំង និងស្នើសុំឲ្យលោកព្រះរាជអាជ្ញា ក៏ដូចជាក្រសួងយុត្តិធម៌មេត្តា ជួយអន្តរាគមន៍រកយុត្តិធម៌បានដល់រូបនាងផង។
ពេលនេះឪពុកនាង ដែលប្រើហិង្សាទៅលើគេអ្នកដែលវាយនាង ត្រូវគេចាប់ឃុំខ្លួន បាត់ទៅហើយ ចុះហេតុអីបានជាអ្នកប្រើអំពើហិង្សាដាក់នាងបែរ ជាមានសេរីភាព នៅក្រៅរង្វង់ច្បាប់បាន យ៉ាងដូច្នេះទៅវិញ បើសិនពួកគេមិនព្រួតគ្នាវាយដំលើរូបរាងកាយនាងទេ ខ្លួននាងក៏មិនបាន ទូរស័ព្ទទៅប្រាប់ឪពុកនាងដែរ ហើយឪពុកនាងក៏មិនត្រូវបានប្រើហិង្សា តបតទៅនរណាម្នាក់ដែរ ជាធម្មតាពេលដឹងថាគេព្រួតគ្នាវាយកូនស្រីដល់ថ្នាក់នេះ ជាទឹកចិត្តឪពុកតើនរណាម្នាក់ទ្រាំបានទៅ។
ជាចុងបញ្ចប់នាងខ្ញុំសុំលើកម្រាមដៃដប់សុំឲ្យក្រសួងយុត្តិធម៌ ព្រះរាជអាជ្ញាគ្រប់លំដាប់ថ្នាក់ មេត្តាយកជនល្មើសមកទទួលខុសត្រូវ ចំពោះមុខច្បាប់តាមទោសទណ្ឌ ដែលគេបានប្រព្រឹត្តផង ព្រោះរូបរាងកាយមនុស្សម្នាក់ៗ កើតមក ត្រូវបានការពារដោយច្បាប់។
សិស្សស្រីរូបនេះ ក៏បានលើកដៃសំពះសូមអភ័យទោស ពីសំណាក់លោកនាយកសាលាជម្ពវ័ន និងលោកគ្រូ អ្នកគ្រូទាំងអស់កំហុសអចេតនារបស់ខ្លួន ចំពោះរឿងរ៉ាវទាំងអស់ ដែលបានកើតមានឡើង រហូតដល់មានការឃាត់ខ្លួនឪពុក និងបងស្រីថែមទៀត។
សូមជម្រាបថា មន្ដ្រីនគរបាលបំរើការងារនៅនាយកដ្ឋាននគរបាលបច្ចេកទេសវិទ្យាសាស្រ្ត ក្រសួងមហាផ្ទៃម្នាក់ និងកូនស្រីច្បងម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន សង្ស័យពាក់ព័ន្ធការប្រើហិង្សា លើក្មេងស្រីសិស្សសាលាជម្ពូវ័ន កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០កន្លងទៅ៕