(បន្ទាយមានជ័យ, ប៉ោយប៉ែត)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០នេះ បានអញ្ជើញចុះទៅពិនិត្យការងារមន្ដ្រីចត្ដាឡីស័ក នៅច្រកឆ្លងដែនប៉ោយប៉ែត និងចត្ដាឡីស័ករបស់ថៃ ដើម្បីបង្ការការចម្លងជំងឺ COVID-19 រវាងប្រទេសទាំងពីរ។
រដ្ឋមន្រ្ដីបានថ្លែងថា ដើម្បីបន្ថែមទៅលើការការពារ ទប់ស្កាត់ ការរាតត្បាតពីការចម្លង វីរុសផ្លូវដង្ហើម COVID-19 ដែលកំពុងផ្ទុះឡើង និងវិវឌ្ឍយ៉ាងឆាប់រហ័សនៅលើសកលលោក នៅរសៀលនេះ លោកបានចុះទៅត្រួតពិនិត្យដោយផ្ទាល់នូវការការពារនៅតាមច្រកចេញចូលរវាងប្រទេសទាំងពីរ និងបន្ដពង្រឹងការងារដល់មន្ដ្រីក្រុមការងារ កុំឱ្យមានការធ្វេសប្រហែស និងបន្ដសហការជាមួយ អាជ្ញាធរពាក់ព័ន្ធទាំងអស់ ដើម្បីរួមគ្នាធ្វើកិច្ចការងារនេះ យ៉ាងយកចិត្ដទុកដាក់ខ្ពស់បំផុត ។
ជាពិសេស ធ្វើយ៉ាងណា ដើម្បីធានាបាននូវការត្រួតពិនិត្យតាមដានស្ថានភាពអ្នកធ្វើដំណើរចេញចូលមកកម្ពុជាយើង ឱ្យសុក្រិតបំផុត។ នេះបើតាមការបញ្ជាក់របស់ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង។
សូមជម្រាបថា ចំនួនបីថ្ងៃជាប់គ្នាហើយ ចាប់ពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០មក រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានអញ្ជើញចុះពិនិត្យដំណើរការងាររបស់មន្ដ្រីរបស់ខ្លួន ពីការពង្រឹងវិធានការបង្ការវីរុស COVID-19 និងបានអញ្ជើញចុះទៅស្ថានភាពសុខភាព បុរសជនជាតិខ្មែរអាយុ ៣៨ឆ្នាំ ដែលបានឆ្លងវីរុស COVID-19 ពីបុរសជនជាតិជប៉ុន និងកំពុងសម្រាកព្យាបាល-ថែទាំយ៉ាងល្អ ពីក្រុមគ្រូពេទ្យក្នុងមន្ទីរពេទ្យខេត្ដសៀមរាប។
កាលពីថ្ងៃទី១១ ខែមីនា លោកក៏បានអញ្ជើញចុះទៅពិនិត្យដោយផ្ទាល់ ទៅលើស្ថានភាពសុខភាព ស្ត្រីជនជាតិអង់គ្លេសម្នាក់អាយុ៦៥ឆ្នាំ នៅខេត្ដកំពង់ចាម (បច្ចុប្បន្ននៅសម្រាកព្យាបាលថែទាំនៅមន្ទីរពេទ្យរាជធានីភ្នំពេញ) ដែលត្រូវបានកម្ពុជារកឃើញករណីវិជ្ជមានកូវីដ-១៩ កាលពីថ្មីៗនេះ កំឡុងពេលស្ត្រីរូបនេះ បានធ្វើដំណើរតាមនាវាឈ្មោះ Viking Cruise Journey ចេញពីកំពង់ផែ My Tho នៃទីក្រុងហូជីមីញ សំដៅមកទីក្រុងភ្នំពេញ តាមរយៈចូវដុក ក្អមសំណរ និងហួសទៅចូលចតនៅចំណតនាវានៃទីរួមខេត្តកំពង់ចាម។
ក្រោមការយកចិត្ដទុកដាក់របស់រដ្ឋមន្ដ្រីក្រសួងសុខាភិបាល គ្រាន់ថ្ងៃដំបូងដែលអង្គការសុខភាពពិភពលោក បានប្រកាសពីការផ្ទុះឡើងនៃវីរុសផ្លូវដង្ហើមនេះភ្លាម ក្រសួងបានដាក់ម៉ាស៊ីនស្កេនកំដៅភ្លាម នៅតាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ខេត្តព្រះសីហនុ សៀមរាប បាវិត ប៉ោយប៉ែត ព្រែកចាក និងស្រាវជ្រាវរកករណីសង្ស័យ ដោយក្រុមចត្តាឡីស័ក នៅតាមច្រកអាកាសយានដ្ឋានអន្តរជាតិនីមួយៗ។
លើសពីនោះ ក្រសួងក៏បានត្រៀមបន្ទប់ដាក់អ្នកជំងឺ ឲ្យនៅដាច់ដោយឡែកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅរាជភ្នំពេញ និងមន្ទីរពេទ្យនៅគ្រប់២៤ខេត្តក្រុង ដើម្បីត្រៀមសម្ភារ បរិក្ខារពេទ្យ និងឱសថចាំបាច់ សម្រាប់ការព្យាបាលផងដែរ តាំងពីដើមខែមករាមកម៉្លេះ និងបានចុះមកពិនិត្យ និងបណ្ដុះបណ្ដាលដល់មន្ដ្រីខ្លួនពីរបៀបការពិនិត្យថែទាំ និងព្យាបាលវីរុស COVID-19 នេះផងដែរ។
ជាមួយគ្នានោះ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវបន្ដប្រុងប្រយ័ត្នខ្ពស់ពីវីរុសដោយមិនត្រូវធ្វេសប្រហែសឡើយ តែក៏មិនត្រូវភិតភ័យពេក និងត្រូវពិចារណាមុននឹងជឿទៅលើព័ត៌មានផ្សព្វផ្សាយតាមបណ្ដាញសង្គមនានា ដែលធ្វើឱ្យចលាចល អាចបណ្ដាឱ្យគ្រោះថ្នាក់ជីវិតដល់ខ្លួនផងដែរ បើមានករណីសង្ស័យ សូមទំនាក់ទំនងទៅលេខ ១១៥ ដោយឥតគិតថ្លៃ ទោះក្នុងទូរស័ព្ទមិនមានលុយ ក៏អាចទាក់ទងចូលដែរ។
ជាពិសេស សូមប្រជាពលរដ្ឋ ត្រូវអនុវត្ដនូវវិធានការការពារសុខភាពលោកអ្នកពីវិរុស COVID-19នេះ តាមរយៈសារអប់រំសុខភាពចំនួន ១១ចំនុច ដែលក្រសួងសុខាភិបាល បានប្រកាសជូនកន្លងមកនេះ៕