(កណ្ដាល)៖ នគរបាលស្រុកអង្គស្នួល ខេត្តកណ្តាល បានបង្ក្រាបករណីក្រុមដាវសាម៉ូរ៉ៃប្រចាំស្រុក បន្ទាប់ពីបើកឆាកប្រយុទ្ធជាលទ្ធផលចាប់បាន ៣នាក់ ខណៈ ២នាក់ទៀត រងរបួសធ្ងន់សម្រាកព្យាបាលនៅមន្ទីរពេទ្យ។
ហេតុការណ៍កាប់ចាក់ប្រដាប់ដោយអាវុធសាម៉ូរ៉ៃនេះ បានកើតឡើងនាយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ នៅចំណុចភូមិថ្មី ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល។
នគរបាលបានរៀបរាប់សាច់រឿងប្រាប់ Fresh News ប្រចាំខេត្តកណ្ដាលថា នៅមុនពេលកើតហេតុ ជនសង្ស័យបានជិះម៉ូតូទៅទិញទឹកត្នោតជូរ តាមផ្លូវដីឡូតិ៍មានកញ្ចុះអង្គុយលេង ហើយមានគេបាញ់ ដោយជំពាមមកចំខ្លួន។ ពេលត្រឡប់ទៅវិញជនសង្ស័យ ហៅបក្ខពួកមកស្រាប់តែឃើញម៉ូតូ ជនរងគ្រោះជិះមកនាំគ្នាស្ទាក់ម៉ូតូ ហើយកាប់ទៅលើជនរងគ្រោះឈ្មោះអឿន សុខណា របួសត្រង់ក្បាលជាទម្ងន់ ហើយបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីពេទ្យលោកសង្ឃ។ ឯម៉ូតូត្រូវជនសង្ស័យវាយបែកក្បាលមុខបែកស្តុបក្រោយ។
ជនរងគ្រោះចំនួន២នាក់ រួមមានទី១៖ ឈ្មោះ សុត សុភក្រ្តា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាងដែក នៅភូមិថ្មី ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល (ម្ចាស់ម៉ូតូ), និងទី២៖ ឈ្មោះ អឿន សុខណា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក នៅភូមិថ្មី ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល (របួសបែកក្បាល)។
រីឯជនសង្ស័យ០៣នាក់ រួមមានទី១៖ ឈ្មោះ សែម ស៊ីធួន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់ការដ្ឋានសំណង់ភូមិព្រៃរំដួល ឃុំទួលព្រេជ ស្រុកអង្គស្នួលខេត្តកណ្តាល (អ្នកកាប់), ទី២៖ ឈ្មោះ ភា សម័យ ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅការដ្ឋានសំណង់ ភូមិព្រៃរំដួល ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល និងទី៣៖ ឈ្មោះ ហ៊ន ចន្នី ភេទប្រុស អាយុ១៨ឆ្នំា មុខរបរជាងដែក ស្នាក់នៅការដ្ឋានសំណង់ភូមិព្រៃរំដួល ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល។
ចំពោះករណីនេះ កម្លាំងជំនាញកំពុងបន្តចាត់ការតាមនីតិវិធីច្បាប់៕