(កណ្តាល)៖ លោក ឆេង សំអឿន នាយការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានប្រាប់អ្នកយកព័ត៌មាន Fresh News ប្រចាំខេត្តកណ្ដាលថា ចាប់ពីថ្ងៃនេះទៅ នគរបាលចរាចរ នឹងចាប់ផ្ដើមរឹតបន្តឹងផាកពិន័យ ទៅលើការប្រព្រឹត្តិល្មើសចរាចរណ៍ ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ខណៈនៅថ្ងៃនេះ សមត្ថកិច្ចឃាត់បានរថយន្តដឹកសំពីងសំពោង ចំនួន ១៥គ្រឿង។
ជាក់ស្ដែងនៅថ្ងៃទី១៣ ខែ មីនា ឆ្នាំ២០២០នេះ កម្លាំងនគរបាលចរាចរផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅតាមគោលដៅផ្លូវជាតិសំខាន់ៗជុំវិញ រាជធានីភ្នំពេញ និងក្រុងតាខ្មៅដូចភ្លៀងរលឹម និងធ្វើការផាកពិន័យទៅលើរថយន្តល្មើសច្បាប់មួយរយភាគរយ។
ប្រតិបត្តិការដូចភ្លៀងរលឹមនេះ ធ្វើឡើងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងដឹកនាំផ្ទាល់ពីលោក ឆេង សំអឿន និងលោកឧត្តមសេនីយ៍ត្រី វ៉ែន សុវិន ស្នងការរងទទួលផែនការងារសណ្តាប់ធ្នាប់។
លោក ឆេង សំអឿន បានឱ្យដឹងថា ដោយអនុវត្តតាមផែនការរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងមហាផ្ទៃ និងបទបញ្ជារបស់លោកឧត្តមសេនីយ៍ស្នងការ រូបលោកបានដឹកនាំកម្លាំងនគរបាលចរាចរណ៍ ផ្លូវគោកខេត្ត ចុះអនុវត្តច្បាប់ចរាចរណ៍ នៅតាមគោលដៅផ្លូវជាតិសំខាន់ៗជុំវិញ រាជធានីភ្នំពេញ និងក្រុងតាខ្មៅដូចភ្លៀងរលឹម។
នាយការិយាល័យបានបន្តថា ការចុះអនុវត្តច្បាប់ចរាចរណ៍នេះ ធ្វើឡើងដើម្បីត្រួតពិនិត្យទៅលើបច្ចេកទេសយានយន្ត, ឯកសារយានយន្ត និងការផ្ទុកនៅលើយានយន្ត។ ក្នុងករណីរកឃើញរថយន្តល្មើសច្បាប់ សមត្ថកិច្ចនឹងនាំយករថយន្ត និងអ្នកបើកបរល្មើសច្បាប់ទាំងនោះ ទៅធ្វើការផាកពិន័យមួយរយភាគរយ នៅការិយាល័យចរាចរណ៍ផ្លូវគោក តាមច្បាប់កំណត់។
លោកឧត្តមសេនីយ៍ត្រី វ៉ែន សុវិន បានបញ្ជាក់ថា សកម្មភាពចុះអនុវត្តច្បាប់ចរាចរណ៍នេះនឹងធ្វើឡើងជារៀងរាល់ថ្ងៃ ដូចភ្លៀងរលឹម និងធ្វើការដាក់គោលដៅពិនិត្យជាតិអាល់កុល ជាពិសេសនៅពេលយប់ផងដែរ ក្នុងគោលបំណងបង្ការទប់ស្កាត់ បទល្មើសគ្រោះថ្នាក់ចរាចរណ៍ នៅលើដងផ្លូវ។
លោក ក៏បានសំណូមពរដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ មេត្តាចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានម៉ឺងម៉ាត់ ដើម្បីបញ្ជៀសបញ្ហាណាមួយកើតឡើងជាយថាហេតុ៕