(ស្វាយរៀង)៖ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង នៅក្នងកិច្ចប្រជុំស្តីពី ការប្រកាសសមាសភាពគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ (គ.អ.ភ) និងអនុគណៈកម្មាធិការជំនាញនៅក្នុងភូមិទាំង៥ ក្នុងឃុំព្រៃធំ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ នៅសាលាឃុំព្រៃធំ បានអំពាវនាវដល់អាជ្ញាធរ និងប្រជាពលរដ្ឋសូមចូលរួមផ្សព្វផ្សាយអំពីការបេជ្ញាចិត្ត ជំរុញការឈប់បន្ទោលបង់ពាស វាលពាសកាល ត្រូវបន្ទោបង់ជាមួយបង្គន់អនាម័យត្រឹមត្រូវ ដើម្បីឈានទៅសម្រេច១០០ភាគរយ សម្រាប់ស្រុក និងខេត្ត នៅឆ្នាំ២០២២។
នៅក្នុងពិធីនេះ ក៏មានការចូលរួមពីអនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរនានាជុំវិញខេត្ត តំណាងអង្គការ ICC លោកអភិបាលរងស្រុក លោកមេឃុំ ក្រុមប្រឹក្សាឃុំ លោក លោកស្រីមន្រ្តីមន្ទីរអភិវឌ្ឍន៍ជនបទ មេភូមិទាំង៥ នាយករងសាលាបឋមសិក្សា លោក លោកស្រីគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ និងអនុគណៈកម្មាធិការទាំង១១។
លោក តូច ប៉ូលី បានថ្លែងថា គោលបំណង និងភារកិច្ច នៃការបង្កើតគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ និងអនុគណៈកម្មាធិការជំនាញទាំង១១ ដើម្បីអោយមានការរីកចម្រើនក្នុងភូមិ ទាល់តែមានការចូលរួមពីបងប្អូនទើបទទួលបានជោគជ័យក្នុងការអភិវឌ្ឍន៍។ ក្នុងនោះក៏ត្រូវបង្កើតវគ្គបណ្ដុះបណ្ដាលខ្លីៗ និងរបៀបរបបធ្វើផែនការការងាររដ្ឋបាល និងរបាយការណ៍ រាយការណ៍ជាក់លាក់ផងដែរ។
លោកបានបន្ថែមថា ទាក់ទងទៅនឹងជំងឺ Covid-19 បងប្អូនប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់ចូលរួមការពារខ្លួន និងលាងសម្អាតអនាម័យខ្លួនប្រាណ លាងដៃនឹងសាប៊ូឱ្យបានជាប់ជាប្រចាំ។ ជាមួយគ្នាត្រូវចូលរួមទាំងអស់គ្នាអនុវត្តតាមគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព គោរពច្បាប់ចរាចរណ៍ ចូលរួមទប់ស្កាត់បញ្ហាគ្រឿងញៀននៅក្នុងមូលដ្ឋាន ក្នុងករណីមានសង្ស័យពាក់ព័ន្ធ នឹងបញ្ហាគ្រឿងញៀន ត្រូវរាយការណ៍ទៅ អាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងសូមកុំភ្លេចអរគុណនូវពាក្យមួយឃ្លាគឺ អរគុណសន្តិភាពទើបយើងមានអ្វីៗ ដូចសព្វថ្ងៃនេះ៕