(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា បានលើកទឹកចិត្តដល់អ្នកវិទ្យាសាស្រ្ត និងអ្នកស្រាវជ្រាវបច្ចេកទេសទាំងអស់ ទោះបីជាមានទស្សនៈនយោបាយផ្សេងៗគ្នាក៏ដោយ សូមចូលរួមជាមួយរដ្ឋាភិបាល តាមរយៈការប្រើប្រាសចំណេះវិជ្ជា និងសក្តានុពលរបស់ខ្លួន ជំរុញការអនុវត្តរួមគ្នាក្នុងគោលដៅមួយ ដើម្បីបង្កើននូវសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា លើឆាកអន្តរជាតិ ក្នុងដំណាក់កាលសកលភាវូបនីយកម្ម និងបដិវដ្តឧស្សាហកម្មជំនាន់ទី៤។

ការលើកឡើងរបស់លោក ហ៊ុន ម៉ានី តាមរយៈបទអន្តរាគមន៍ ក្នុងកិច្ចពិភាក្សាលើរបៀបវារៈ សេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។ លោក ហ៊ុន ម៉ានី បានគាំទ្រចំពោះការសម្រេចចិត្ត និងឆន្ទៈរបស់រាជរដ្ឋាភិបាលក្នុងការដឹកនាំសម្របសម្រួលវិស័យនេះ ឲ្យបានដំណើរការដោយជោគជ័យ ដើម្បីផលប្រយោជន៍ជាតិ។

ទន្ទឹមនឹងនោះ លោក ហ៊ុន ម៉ានី បានឆ្លៀតយកឱកាសនោះ រំលឹកនូវអ្វីដែលជាឆន្ទៈ និងភាពចាស់ទុំ នៃការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបង្រួបបង្រួមជាតិ ដោយការដាក់ចេញ និងអនុវត្តនយោបាយឈ្នះឈ្នះ ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍកម្ពុជា មកដល់ពេលបច្ចុប្បន្ន និងទៅអនាគត។

សូមជម្រាបជូនថា រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំរដ្ឋសភាវិសាមញ្ញ នីតិកាលទី៦ ក្រោមអធិបតីភាពសម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដើម្បីពិនិត្យ និងអនុម័តសេចក្តីព្រាងច្បាប់ចំនួន៦ នាព្រឹកថ្ងៃសុក្រ ៥រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០៕