(កណ្ដាល)៖ អ៊ីម៉ាំខេត្តកណ្ដាល និងជាប្រធានគណៈកម្មការគ្រប់គ្រងវិហារឥស្លាម «អាល់អាហ្ស៊ីម» ក្រុងតាខ្មៅ លោក ស៊ូ សេន បានដឹកនាំក្រុមការងារធ្វើយុទ្ធនាការបាញ់សំអាតអាល់កុល ដល់សាសនិកឥស្លាមទាំងអស់ ដែលចូលក្នុងវិហារ នៃថ្ងៃសីលនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០នេះ ដើម្បីឆ្លើយតបនឹងការអំពាវនាវរបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលនៃវីរុស Covid-19។
លោក ស៊ូ សេន បានឱ្យដឹងថា សកម្មភាពនេះ គឺជាការចូលរួមអនាម័យ និងទប់ស្កាត់ការរីករាលដាលវីរុស Covid-19 ដើម្បីចូលរួមអនុវត្តន៍នូវការណែនាំរបស់រដ្ឋាភិបាល ហើយកត្តានេះមិនមែន ភ័យស្លន់ស្លោនឹងវីរុសនោះទេ គ្រាន់តែជាការការពារប្រសើរជាងព្យាបាល ខណៈវីរុស Covid-19 នេះ មិនមែនជាការភ័យបារម្ភណ៍ជ្រុលនោះទេ ពោលគឺយើងទាំងអស់គ្នា ត្រូវអនាម័យជាប្រចាំ ទើបអាចការពារ បានពីការឆ្លងករណីណាមួយ។
សូមបញ្ជាក់ថា រហូតដល់ពេលនេះ កម្ពុជាបានរកឃើញកូវីដ១៩ ចំនួន៥ករណីហើយ ដោយក្នុងនោះមាន៖
*ទី១៖ បុរសជនជាតិចិន មកពីទីក្រុងវូហាន (ជាសះស្បើយ)
*ទី២៖ បុរសជនជាតិខ្មែរ វ័យ៣៨ឆ្នាំ នៅខេត្តសៀមរាប
*ទី៣៖ ស្រ្តីជនជាតិអង់គ្លេស វ័យ៦៥ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
*ទី៤៖ បុរសជនជាតិអង់គ្លេស វ័យ៧៣ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
*ទី៥៖ ស្រីជនជាតិអង់គ្លេស វ័យ៦៩ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម៕