(ភ្នំពេញ)៖ ជនជាតិអង់គ្លេសម្នាក់ និងជនជាតិចិនម្នាក់ ដែលមានកំដៅខ្លួនលើសពី៣៨អង្សា ពេលចូលទៅទស្សនានៅសារមន្ទីរឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍ទួលស្លែងនោះ ត្រូវបានក្រសួងសុខាភិបាលស្រាវជ្រាវឃើញហើយ ដោយពេលនេះក្រសួងកំពុងយកសំណាករបស់ជនបរទេសទាំងពីររូបនោះ ទៅពិនិត្យរកមេរោគកូវីដ១៩ នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។ នេះបើតាមលោកស្រី ឱ វណ្ឌឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។
លោកស្រី បានរៀបរាប់ថា ករណីទី១ គឺសម្រាប់ជនជាតិអង់គ្លេសអាយុ៣២ឆ្នាំ ដែលជាអ្នកទេសចរ មានកំដៅខ្លួនលើពី៣៨អង្សាហើយចូលទស្សនា នៅសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងនោះ គឺគាត់បានរត់គេចក្នុងពេលក្រុមគ្រូពេទ្យយកទៅពិនិត្យនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតម្តងរួចទៅហើយ ប៉ុន្តែដោយមានកិច្ចសហការជាមួយអាជ្ញាធរ ក្រសួងបានរកឃើញគាត់ជាថ្មីម្តងទៀតនៅខេត្តកំពត ហើយក្រុមគ្រូពេទ្យសុខាភិបាលបានយកគាត់ទៅសម្រាក នៅមន្ទីរពេទ្យបង្អែកខេត្តកំពត និងបានយកសំណាកទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។
ចំណែកករណីមួយទៀត គឺបុរសជជនជាតិចិន ដែលមានកំដៅខ្លួនលើសពី៣៨អង្សា ហើយចូលទស្សនានៅសារៈមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងដែរនោះ ក៏ត្រូវបានមន្រ្តីសុខាភិបាលយកមកពីនិត្យ និងដាក់ឱ្យសម្រាកដាច់ដោយឡែកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដោយបានយកសំណាករបស់គាត់ទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាផងដែរ។
បើតាមលោកស្រី ឱ វណ្ឌឌីន រហូតមកដល់ពេលនេះ ជនបរទេសទាំងពីររូបមានសុខភាពល្អធម្មតា ដោយមិនមានរោគសញ្ញាអ្វីក្រៅពីឡើងកំដៅ៣៨អង្សានោះទេ។ ទោះជាយ៉ាងណាក្រសួងកំពុងរង់ចាំលទ្ធផលដែលពិនិត្យដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។
ឆ្លៀតឱកាសនេះ អ្នកនាំពាក្យក្រសួងសុខាភិបាល ក៏បានអំពាវនាវកុំឱ្យប្រជាពលរដ្ឋភ័យខ្លាច និងបារម្ភខ្លាំងពេកចំពោះករណីទាំងនេះ ដោយលោកស្រីបានបញ្ជាក់ថា អ្នកទាំងពីរនាក់នេះ មិនមែនមកដល់កម្ពុជាតាមរយៈនាវា Viking Cruise Journey ដែលមកពីប្រទេសវៀតណាមនោះឡើយ។
សូមបញ្ជាក់ថា រហូតដល់ពេលនេះ កម្ពុជាបានរកឃើញកូវីដ១៩ ចំនួន៥ករណីហើយ ដោយក្នុងនោះមាន៖
ទី១៖ បុរសជនជាតិចិន មកពីទីក្រុងវូហាន (ជាសះស្បើយ)
ទី២៖ បុរសជនជាតិខ្មែរ វ័យ៣៨ឆ្នាំ នៅខេត្តសៀមរាប
ទី៣៖ ស្រ្តីជនជាតិអង់គ្លេស វ័យ៦៥ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
ទី៤៖ បុរសជនជាតិអង់គ្លេស វ័យ៧៣ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
ទី៥៖ ស្រីជនជាតិអង់គ្លេស វ័យ៦៩ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម៕