(ភ្នំពេញ)៖ ភ្លាមៗក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីប្រកាសមួយថ្មីទៀត ដោយកែសម្រួលខ្លឹមសារលើលិខិតរបស់លោក ម៉ក់ ស៉ីដេត អគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ ដែលបានចេញផ្សាយឲ្យផ្អាកការអនុញ្ញាតចូលនៃនាវាដឹកអ្នកដឹកដំណើរ ឬដឹកអ្នកទេសចរ មកប្រទេសកម្ពុជា ដើម្បីទប់ស្កាត់នៃការរីករាលដាល នៃជំងឺឆ្លងកូវីដ១៩។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសាធារណការ គឺសម្រេចផ្អាកតែ «ច្រកអន្តរជាតិក្អមសំណរ» ក្នុងខេត្តកណ្តាលតែប៉ុណ្ណោះ។
អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ហ៊ាង សុទ្ធាយុត្តិ តាមរយៈបណ្ដាញព័ត៌មាន Fresh News បានថ្លែងបញ្ជាក់ថា ចំពោះលិខិតដែលត្រូវបាន បណ្ដាញព័ត៌មានធ្វើការផ្សព្វផ្សាយ ស្ដីពីការផ្អាកនាវាដឹកអ្នកដំណើរ ឬដឹកអ្នកទេសចរ ចូលមកប្រទេសកម្ពុជានោះ ក្រសួងបានសម្រេចធ្វើការកែសម្រួលខ្លឹមសារថ្មី ដោយការសម្រេចផ្អាកនាវាដឹកអ្នកដំណើរ ឬដឹកភ្ញៀវទេសចរ ចូលមកប្រទេសកម្ពុជានោះ ធ្វើឡើងតែចំពោះច្រកក្អមសំណរក្នុងទឹកដីស្រុកកោះធំ ខេត្តកណ្ដាល តែមួយគត់ប៉ុណ្ណោះមិនសំដៅគ្រប់ច្រកទាំងអស់ ទាំងផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែនោះឡើយ។ ការសម្រេចផ្អាកនេះអនុវត្តចាប់ពីថ្ងៃនេះរហូតដល់មានការសម្រេចជាថ្មី។
សេចក្តីប្រកាសរបស់ក្រសួងសាធារណការ សូមអំពាវនាវ និងបញ្ជាក់សារជាថ្មីដល់ប្រជាពលរដ្ឋ ជាពិសេសម្ចាស់នាវាដឹកអ្នកទេសចរ ឬអ្នកដំណើរទាំងអស់មានការយោគយល់ចំពោះការចេញសេចក្តីប្រកាសនេះ។
សូមជំរាបថា នៅពេលថ្មីៗនេះ Viking Cruise Journey មួយគ្រឿង បានចូលចតនៅក្នុងខេត្ដកំពង់ចាម និងបានរកឃើញភ្ញៀវទេសចរជាជនជាតិអង់គ្លេស ៣នាក់ មានផ្ទុកជំងឺឆ្លង COVID-19 ខណៈមនុស្សផ្សេងទៀតនៅលើនាវាដែលរួមដំណើរជាមួយកំពុងដាក់ឲ្យនៅដាច់ ដោយឡែកពីគេក្នុងសណ្ឋាគារមួយ នៃក្រុងកំពង់ចាម។
សរុបចំនួនអ្នកឆ្លង Covid-19 នៅកម្ពុជាបានកើនឡើងដល់ ៥នាក់ក្នុងនោះមាន៖
*ទី១៖ បុរសជនជាតិចិន មកពីទីក្រុងវូហាន (ជាសះស្បើយ)
*ទី២៖ បុរសជនជាតិខ្មែរ វ័យ៣៨ឆ្នាំ នៅខេត្តសៀមរាប
*ទី៣៖ ស្រ្តីជនជាតិអង់គ្លេស វ័យ៦៥ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
*ទី៤៖ បុរសជនជាតិអង់គ្លេស វ័យ៧៣ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
*ទី៥៖ ស្រីជនជាតិអង់គ្លេស វ័យ៦៩ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម៕