(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា នៅរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០នេះ ក្រុមភ្ញៀវទេសចរ និងអ្នកបម្រើការងារ នៅលើនាវា Viking Cruise Journey ដែលនៅសល់ត្រូវបានបញ្ជូនចេញពីនាវា ដើម្បីឲ្យមកស្នាក់នៅក្នុងសណ្ឋាគារមួយនៅតាមមាត់ទន្លេ ក្នុងក្រុងកំពង់ចាម រួចរាល់ហើយ ដើម្បីតាមដាននិងទុកដាច់ដោយឡែក ក្នុងរយៈពេល១៤ថ្ងៃ បើទោះបីលទ្ធផលតេស្តរបស់ពួកគេអវិជ្ជមាន COVID-19 ក៏ដោយនោះ។
ការសម្រចវិធានការបែបនេះ ក្រោយពេលដែលជនជាតិអង់គ្លេសចំនួន ៣នាក់ នៅលើនាវាមួយនេះ ត្រូវបានរកឃើញថា បានឆ្លង COVID-19។
អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា «នៅពេលនេះ ក្រុមការងារបាននាំពួកគាត់ទាំងអស់នៅលើនាវាមកដល់ សណ្ឋាគាររួចរាល់ហើយ ដើម្បីតាមដានស្ថានភាពជំងឺរបស់ពួកគេ បន្តទៀត បើទោះក្រោយការធ្វើតេស្តបង្ហាញថាអវិជ្ជមានលើ COVID-19 ក៏ដោយនោះ ហើយយើងក៏បានដាក់កម្លាំងការពារនាវា ព្រមទាំងសម្ភាររបស់ពួកគាត់មួយចំនួននៅលើនាវាផងដែរ»។
សណ្ឋាគារមួយដែលត្រូវឲ្យពួកគាត់ ស្នាក់នៅជាបណ្តោះអាសន្ននោះ ត្រូវបានរដ្ឋបាលខេត្តកំពង់ចាម រៀបចំ និងផ្លាស់ប្តូរសម្ភាររួចរាល់អស់ហើយទាំង គ្រែ ទូរទស្សន៍ ម៉ាស៊ីនត្រជាក់ ពូក ខ្នើយជាដើម តាំងពីថ្ងៃម្សិលមិញមកម្ល៉េះ។
សូមបញ្ជាក់ថា ក្រសួងសុខាភិបាល បានចេញប្រកាសព័ត៌មានជាបន្ទាន់ថា ក្រុមគ្រូពេទ្យបានរកឃើញអ្នកដំណើរលើនាវា Viking Cruise Journey នៅខេត្តកំពង់ចាម មានផ្ទុកជំងឺ Covid-19 ចំនួន ២នាក់ទៀត ជាបុរសជនជាតិអង់គ្លេស វ័យ៧៣ឆ្នាំ (ស្វាមី) និងស្រ្តីជនជាតិអង់គ្លេសម្នាក់ទៀត វ័យ៦៩ឆ្នាំ (ភរិយា)។
ការរកឃើញមេរោគកូវីដ១៩ លើខ្លួនជនជាតិអង់គ្លេស២នាក់ប្តីប្រពន្ធថ្មីនេះ បានធ្វើឡើងបន្ទាប់ពីក្រសួងសុខាភិបាលកម្ពុជា បានយកសំណាករបស់មនុស្ស៥៩នាក់ នៅលើនាវា Viking Cruise Journey ទៅធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រ។ អ្នកឆ្លងថ្មីនេះ គឺបុរសជនជាតិអង់គ្លេសអាយុ៧៣ឆ្នាំ និងប្រពន្ធរបស់គាត់ជាជនជាតិអង់គ្លេសអាយុ៦៩ឆ្នាំ។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា ជាសរុបអ្នកដំណើរតាមនាវាជាជនជាតិអង់គ្លេស វិជ្ជមានវិរុសកូវីដ១៩ គឺមានចំនួន ៣នាក់ ក្នុងចំណោមអ្នកដំណើរ និងអ្នកបម្រើការនៅលើនាវាទាំងអស់សរុបចំនួន ៦៤នាក់។
សរុបចំនួនអ្នកឆ្លង Covid-19 នៅកម្ពុជាបានកើនឡើងដល់ ៥នាក់ក្នុងនោះមាន៖
*ទី១៖ បុរសជនជាតិចិន មកពីទីក្រុងវូហាន (ជាសះស្បើយ)
*ទី២៖ បុរសជនជាតិខ្មែរ វ័យ៣៨ឆ្នាំ នៅខេត្តសៀមរាប
*ទី៣៖ ស្រ្តីជនជាតិអង់គ្លេស វ័យ៦៥ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
*ទី៤៖ បុរសជនជាតិអង់គ្លេស វ័យ៧៣ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
*ទី៥៖ ស្រីជនជាតិអង់គ្លេស វ័យ៦៩ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម៕