(កណ្ដាល)៖ ប្រធានសាខាពន្ធដារខេត្តកណ្ដាល លោក នុត វុត្ថា បានអំពាវនាវពលរដ្ឋដែលមានកាតព្វកិច្ចបង់ពន្ធទាំងអស់ មេត្តាមកទទួលសេវាដោយខ្លួនផ្ទាល់ ដើម្បីធានាបានសេវាពីរដ្ឋបាល សារពើពន្ធផ្ទាល់ ចៀសវាងពឹងអ្នករត់ការដែលជាមូលដ្ឋាន នៃការបង្កើតបញ្ហាថ្នាំងថ្នាក់ និងយឺតយ៉ាវផ្សេងៗ ក្នុងការងារលើការបង់ពន្ធនេះ។
លោក នុត វុត្ថា បានអំពាវនាវយ៉ាងដូច្នេះ ក្នុងការផ្ដល់បទសម្ភាសន៍ជាមួយភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកណ្ដាល នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០នេះ។
លោកបន្តថា «ដោយគោរពតាមគោលការណ៍របស់ថ្នាក់ដឹកនាំ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ក្នុងការពន្លឿនក្នុងការចុះបញ្ជីក្បាលដី មានលក្ខណៈជាប្រព័ន្ធដល់ពលរដ្ឋឲ្យបានលឿន សាខាពន្ធដារខេត្តកណ្តាល បានខិតខំពុះពារ និងបន្តជំរុញឲ្យអស់ពីសមត្ថភាពនូវធនធានមន្ត្រីមានស្រាប់ ក្នុងអង្គភាពដោយបន្ថែម ពេលម៉ោងបំពេញការងារនារៀងរាល់ថ្ងៃធ្វើការ (ក៏ដូចជាថ្ងៃចុងសប្តាហ៍តាមលទ្ធភាព) សំដៅបំពេញការផ្តល់សេវាបង់ពន្ធឲ្យបានទាន់ពេលវេលាកំណត់»។
លោកប្រធានបានបន្ថែមទៀតថា ដោយមានការគាំទ្រពីអគ្គនាយកដ្ឋានពន្ធដារ ក្រោមការដឹកនាំ និងចង្អុលបង្ហាញរបស់លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ និងការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំសាខា និងមន្ត្រីគ្រប់លំដាប់ថ្នាក់ ទើបសាខាអនុវត្តការប្រមូលចំណូលបានលើសផែនការចំនួន១៩៦.៨៤% ក្នុងឆ្នាំ២០១៩កន្លងទៅ។
លោកសង្កត់ធ្ងន់ថា «ចំពោះការអនុវត្តការងារទទួលឯកសារចូល (Check-list) នៃការស្នើសុំបង់ពន្ធប្រថាប់ត្រា គឺអនុវត្តតាមការ ចាប់លេខរៀងដើម្បីទទួលសេវា (អ្នកមកមុនទទួលបានសេវាមុន) យោងប្រកាសលេខ ១១៤៦ សហវ.ប្រក របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សេវាបង់ពន្ធប្រថាប់ត្រា ប្រើរយៈពេលពី០៤ ទៅ ០៨ថ្ងៃ នៃថ្ងៃធ្វើការ (រាប់ចាប់ពីការដាក់ឯកសារគ្រប់គ្រាន់ ជូនរដ្ឋបាលសារពើពន្ធ) និងតម្រូវឲ្យម្ចាស់អចលនទ្រព្យត្រូវបង់ប្រាក់ពន្ធនៅធនាគារ ជាដៃគូររបស់អគ្គនាយកដ្ឋានពន្ធដារ ដែលបានចុះអនុសារណៈយោគយល់គ្នា។ ដូច្នេះសូមពលរដ្ឋទាំងអស់ មេត្តាយោគយល់ អធ្យាស្រ័យចំពោះការយឺតយ៉ាវ បន្តិចបន្តួច ដោយសារក្រុមការងារពិតជាទទួលឯកសារបង់ពន្ធច្រើនដែលមិនធ្លាប់មានពីមុនពិតមែន ប៉ុន្តែមិនមែនបានន័យថា ទុកឯកសាររបស់បងប្អូនចោលនោះទេ គឺត្រូវតែបំពេញជូនពលរដ្ឋឱ្យបានល្អ»។
លោក នុត វុត្ថា បានលើកឡើងទៀតថា កន្លងមកមានសារព័ត៌មានមួយចំនួន បានចុះផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុក ពីភាពយឺតយ៉ាវនៃការបង់ពន្ធប្រថាប់ត្រានៅសាខាពន្ធដារខេត្តកណ្តាល ដែលកើតចេញពីអ្នករត់ការ ឫម្ចាស់អចលនទ្រព្យមួយចំនួនដែលមកទទួលសេវាពីរដ្ឋបាលសារពើពន្ធ ចង់បានលឿនតាមតែចិត្តគាត់ចង់បាន ខុសពីពេលវេលា ដែលច្បាប់បានកំណត់។
ក្នុងនាមជាប្រធានសាខាពន្ធដារខេត្តកណ្តាល លោក នុត វុត្ថា សំណូមពរផងដែរ៖
*ម្ចាស់អចលនទ្រព្យទាំងអស់ សូមមកមកទទួលសេវាដោយផ្ទាល់ពីរដ្ឋបាលសារពើពន្ធ
*សូមចាប់លេខរៀងដើម្បីទទួលសេវាពីរដ្ឋបាលសារពើពន្ធ (អ្នកមកមុនទទួលបានសេវាមុន)
*សូមអំពាវនាវដល់បណ្តាញសារព័ត៌មាន សូមប្រកាន់ភ្ជាប់នូវគោលការណ៍ក្រមសីលធម៌ និងវិជ្ជាជីវៈក្នុងការបំពេញភាកិច្ច ដើម្បីចៀសវាងរាល់ទង្វើនាំឲ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ របស់អ្នកសារព័ត៌មានដូចជា ការចុះផ្សាយពុំមានមូលដ្ឋានច្បាស់លាស់ ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសស្ថាប័នរដ្ឋ និងមន្ត្រីរាជការផងដែរ៕