(ត្បូងឃ្មុំ)៖ រយៈពេលមួយថ្ងៃពេញ នៃសន្និបាតបូកសរុបសមិទ្ធផល ការងារសុខាភិបាលក្នុងឆ្នាំ២០១៩ និងលើកទិសដៅឆ្នាំ២០២០ របស់មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ ដែលធ្វើឡើងនាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ នៅសាលាខេត្តត្បូងឃ្មុំ បានលើកបង្ហាញពីលទ្ធផលការងារ ដែលមន្ទីរបង្អែកទាំង០៧ក្រុងស្រុក និងតាមបណ្ដា ប៉ុស្តិ៍សុខភាព ទូទាំងខេត្ត សម្រេចបានយ៉ាងល្អប្រសើរ និងបញ្ហាប្រឈម ក៏ដូចជាដំណោះស្រាយ ធ្វើយ៉ាងណាជំរុញឲ្យវិស័យសុខាភិបាលខេត្តត្បូងឃ្មុំ ឲ្យកាន់តែល្អទ្វេឡើង។
ជាងនេះទៅទៀត ក្នុងអង្គសន្និបាត បានធ្វើការបញ្ជ្រាបការយល់ដឹងបន្ថែម ទៅកាន់មន្ត្រីសុខាភិបាលទូទាំងខេត្ត ពិសេសបានត្រៀមខ្លួនរួចរាល់ ក្នុងបង្ការទប់ស្កាត់ ប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺCovid-19 គ្រប់ពេលវេលា ដោយប្រុងប្រយ័ត្នខ្ពស់បំផុត។
អង្គសន្និបាតនេះ បានប្រារព្ធបើក ក្រោមអធិបតីភាព លោកទន្តបណ្ឌិត អឿន ប៉ូរារ័ត្នន៍ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោក ចេង ប៊ុណ្ណារ៉ា អភិបាលរងខេត្តត្បូងឃ្មុំ ដោយឡែកនៅថ្ងៃដដែល អង្គសន្និបាតបានប្រារព្ធបិទ ក្រោមអធិបតីភាព លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត។
ថ្លែងនាឱកាសបើកអង្គសន្និបាត លោកទន្តបណ្ឌិត អឿន ប៉ូរារ័ត្នន៍ បានជំរុញឲ្យមន្ទីរសុខាភិបាលខេត្ត ត្រូវយកចិត្តទុកដាក់ពង្រឹង និងអភិវឌ្ឍគុណភាព សេវាសុខាភិបាល ឲ្យក្លាយទៅជាដៃគូដ៏សំខាន់ ជាមួយនឹងសេវាសាធារណៈ និងត្រូវធានានិរន្តរភាព នៃសកម្មភាពលុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់ ក្នុងខេត្តត្បូងឃ្មុំ។
ក្នុងឱកាសបិទអង្គសន្និបាត លោក ជាម ច័ន្ទសោភ័ណ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់មន្ទីរសុខាភិបាលខេត្ត ក៏ដូចជាមន្ត្រីសុខាភិបាលទូទាំងខេត្តទាំងអស់ ដែលបានខិតខំបំពេញការងារបម្រើសេវាសុខាភិបាល ជូនប្រជាពលរដ្ឋពេញ២៤ម៉ោង ប្រកបដោយវិជ្ជាជីវៈ និងមានទំនួលខុសត្រូវខ្ពស់ ដោយបញ្ជាក់យ៉ាងដូច្នេះថា «សូមអរគុណចំពោះការខិតខំរបស់លោកគ្រូអ្នកគ្រូពេទ្យ អំពើល្អនេះមិនសាបសូន្យនោះទេ»។
ស្របពេលពិភពលោក រងការវាយលុកអំពីជំងឺរលាកផ្លូវដង្ហើម Covid-19 លោក ជាម ច័ន្ទសោភ័ណ បានណែនាំដល់អភិបាលក្រុង-ស្រុក ឃុំ-សង្កាត់ រួមជាមួយអាជ្ញាធរ អង្គភាពពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ទូទាំងខេត្ត ត្រូវរួមគ្នាជាមួយវិស័យសុខាភិបាល ធ្វើសកម្មភាពអប់រំអំពីការរស់នៅប្រកបដោយអនាម័យ ត្រូវពាក់ម៉ាស និងឧស្សាហ៍ លាងដៃ ជាមួយសាប៊ូ ឬអាកុល ហើយបើសង្ស័យមានអាការៈមិនប្រក្រតី នៃរោគសញ្ញា ត្រូវទាក់ទងទៅកាន់លេខ 115 ឬទៅជួបជាមួយមន្ត្រីសុខាភិបាល ដើម្បីទទួលបានការណែនាំ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំង ការរីករាលដាលនឹងជំងឺនេះ។
ក្នុងឱកាសនោះ លោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានធ្វើរបាយការណ៍សង្ខេបអំពីសមិទ្ធផលការងារសុខាភិបាលឆ្នាំ២០១៩ និងលើកទិសដៅផែនការឆ្នាំ២០២០ ដោយក្នុងនោះអនុវត្តតាម ០៤កម្មវិធីសំខាន់ៗ ពាក់ព័ន្ធនឹងការកាត់បន្ថយការឈឺ និងស្លាប់របស់មាតាទារកនិងកុមារ លើកកម្ពស់សេវាសុខាភិបាល កាត់បន្ថយការឈឺនិងឆ្លងនៃជំងឺគ្រុនឈាម និងផ្ដាសាយបក្សី និងវិធានការពិសេសពាក់ព័ន្ធនឹងជំងឺ Covid-19 ដែលកំពុងតែផ្ទុះ និងរីករាលដាលពេលបច្ចុប្បន្ននេះ៕