(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ) បានសហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ (ACU) រៀបចំបាឋកថា ស្តីពី «ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ» ក្រោមអធិបតីភាព លោក ឃាង សេង អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ តំណាងលោកបណ្ឌិតទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៃ អគរ នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០។
ក្នុងពិធីនេះ លោកបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏បានគូសបញ្ជាក់ពីវឌ្ឍនភាព ការងារអភិបាលកិច្ច កិច្ចសម្រួលពាណិជ្ជកម្ម និងការអនុវត្តដោយជោគជ័យ នូវកម្មវិធីកំណែទម្រង់និងទំនើបកម្ម រដ្ឋបាលគយនាពេលកន្លងមក ជាពិសេសការស្តែង ឡើងនូវលទ្ធផល គួរឲ្យកត់សម្គាល់ក្នុងរយៈពេល៥ឆ្នាំចុងក្រោយ តាមរយៈកំណើននៃការប្រមូលចំណូល ជាមធ្យមប្រមាណ១៩.៥% ក្នុង១ឆ្នាំ។
ជាក់ស្តែង ក្នុងឆ្នាំ២០១៩ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលពន្ធនិងអាករ បានលើសផែនការប្រមាណជាង៤២ភាគរយ ហើយបើប្រៀបធៀបនឹងឆ្នាំ២០១៤ ចំណូលពន្ធអាករដែល អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សម្រេចបានក្នុងឆ្នាំ២០១៩នេះ បានកើនឡើងជាង២ដង ពី៥.៣ទ្រីលានរៀល ដល់១៣ទ្រីលានរៀល ឬពីប្រមាណ ១,៣១៨.៨លានដុល្លារអាមេរិក ដល់ ៣,២១៥.២លានដុល្លារអាមេរិក។
ក្នុងបាឋកថានេះ លោក ឃាង សេង បានលើកឡើងពីគោលបំណងគន្លឹះ នៃច្បាប់ស្តីពីការប្រឆាំងអំពើ ពុករលួយ ដើម្បីបង្ការនិងទប់ស្កាត់បុគ្គលគ្រប់រូប មិនឲ្យប្រព្រឹត្តអំពើពុករលួយ តាមរយៈបាវចនា៣ចំណុចគឺ «មិនចង់មិនអាច និងមិនហ៊ាន ប្រព្រឹត្តអំពើពុករលួយ»។
បន្ទាប់មកលោកក៏បានបង្ហាញផងដែរ ពីប្រវត្តិអង្គភាពប្រឆាំងអំពើពុករលួយ ស្ថាប័នប្រឆាំងអំពើពុករលួយ អំណាចស៊ើបអង្កេត ប្រភេទបទល្មើសពុករលួយ និងរបៀបនៃការដាក់ពាក្យបណ្តឹងជាដើម។
អង្គភាពប្រឆាំងអំពើពុករលួយ បាននិងកំពុងអនុវត្តការងាររបស់ខ្លួន ដែលគាំទ្រដោយច្បាប់ស្តីពី ការប្រឆាំងអំពើពុករលួយ ក្រមនីតិវិធីព្រហ្មទណ្ឌ និងក្រមព្រហ្មទណ្ឌ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការប្រឆាំងអំពើពុករលួយ។
បទបង្ហាញនេះ បានរំលេចពីប្រភេទ នៃបទល្មើសអំពើពុករលួយ ដែលមន្ត្រីរាជការសាធារណៈ ត្រូវយកចិត្តទុកដាក់ គឺបទល្មើសស៊ី-សូក ដែលមានបទស៊ីសំណូក បទសូកប៉ាន់ បទវិតិក្រម បទជំនួញឥទ្ធិពលអកម្មនិងសកម្ម បទរំលោភអំណាច បទមានទ្រព្យសម្បត្តិដោយខុសច្បាប់ និងបទទទួលផល បន្តពីបទល្មើសពុករលួយជាដើម។
ជារួម អង្គភាពប្រឆាំងអំពើពុករលួយ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមលើកកម្ពស់អភិបាលកិច្ច និងនីតិរដ្ឋ ព្រមទាំងចូលរួមអនុវត្ត និងដើរតួនាទី ជាកញ្ចក់ សម្រាប់ឆ្លុះបញ្ចាំង ការអនុវត្តរបស់ស្ថាប័នសាធារណៈ និងបុគ្គលពាក់ព័ន្ធ ដើម្បីកែលម្អសេវា កិច្ចប្រតិបត្តិការ និងប្រសិទ្ធភាព នៃការអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន ប្រកបដោយតម្លាភាព សុច្ចរិតភាពស្របតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន។
បទបង្ហាញអំពីច្បាប់ស្តីពី ការប្រឆាំងអំពើពុករលួយនាពេលនេះ បានបង្កើននូវចំណេះដឹងបន្ថែមទៀត ដល់មន្ត្រីគយ និងរដ្ឋាករគ្រប់ជាន់ថ្នាក់ នូវខ្លឹមសារ នៃបទល្មើសពុករលួយ និងផលវិបាកនៃការប្រព្រឹត្តបទល្មើសនេះ ហើយប្រែក្លាយជាកម្លាំងចលករ ជំរុញឲ្យមន្ត្រីគយ និងរដ្ឋាករទាំងអស់ យកចិត្តទុកដាក់អនុវត្តការងារ ប្រចាំថ្ងៃរបស់ខ្លួន ប្រកបដោយជំនាញ និងក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីពង្រឹងការកៀរគរចំណូលពន្ធអាករចូលថវិកាជាតិ កាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។
អង្គភាពប្រឆំាងអំពើពុករលួយ បានប្រគល់សៀវភៅច្បាប់ ស្តីពីការប្រឆាំងអំពើពុករលួយ ជូនអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអញ្ជើញទស្សនាមជ្ឈមណ្ឌលព័ត៌មានវិទ្យារបស់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕