(ឥណ្ឌូនេស៊ី)៖ លោក ហោ ណាំបូរ៉ា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពកម្ពុជា ប្រចាំនៅសាធារណរដ្ឋឥណ្ឌូនេស៊ី នឹងបញ្ចប់បេសកកម្ម ជាឯកអគ្គរាជទូតខ្មែរប្រចាំប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ខាងមុខនេះ ហើយមុនបញ្ចប់បេសកកម្មនេះ លោកបានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានផ្តល់ឱកាសដល់ លោកចូលរួមបម្រើជាតិ មាតុភូមិ រយៈពេល៣២ឆ្នាំកន្លងមក។
តាមរយៈទំព័រ Facebook ផ្លូវការរបស់ខ្លួន បានបង្ហោះនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០នេះ លោក ហោ ណាំបូរ៉ា បានបង្ហាញយ៉ាងដូច្នេះថា៖ «នៅថ្ងៃទី៣១ ខែមីនា ខាងមុខនេះ ខ្ញុំនឹងបញ្ចប់បេសកកម្មនៅទីក្រុងហ្សាកាតា ហើយនឹងវឹលត្រលប់មកនៅមាតុភូមិកំណើតដ៏ស្រស់ស្អាតវិញ។ បទពិសោធន៍ការងារការទូតកន្លងមក ខ្ញុំបានចែករំលែកនៅក្នុងសៀវភៅ "The Jourmey of Down to Earth Diplomat" ដែលបង ប្អូន កូនក្មួយអាចរកមើលបាននៅ បណ្ណាគារជាតិ និងមានលក់នៅ Monuments Books ហើយក៏សូមអរគុណមិត្ត បងប្អូន កូនក្មួយ ដែលកន្លងមកបានតាមដានចំពោះ Page មួយនេះ»។
លោកបន្តថា «សម្រាប់ Page មួយនេះនឹងមិនមានសម្មភាពការងារការទូតតទៅទៀតដែរ គឺមានតែសកម្មភាពមន្រ្តីចូលនិវត្តន៍។ វាដល់ពេលហើយដែលខ្ញុំត្រូវសម្រាក និងប្រើជីវិតដ៏ស្រស់ស្អាតជាមួយសមិទ្ធផល ដែលខ្ញុំបានសាងបានបម្រើ ជាតិ សាសនា ព្រះមហាក្សត្រ អស់រយៈពេល៣២ឆ្នាំកន្លងមក ហើយក៏គោរពអរគុណចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានផ្តល់ឱកាសដ៏មានតម្លៃនេះ សម្រាប់ខ្ញុំ»។
ក្រៅពីអ្នកការទូតខ្មែរមួយរូប លោក ហោ ណាំបូរ៉ា ក៏មានចំណេះជំនាញដែលបានសរសរសៀវភៅមួយមានចំណងជើងថា «Down To Earth: Tact and Diplomacy, The Untold Story» ព្រមទាំងបានបោះពុម្ភចេញផ្សាយជាផ្លូវការ នៅខែធ្នូ ឆ្នាំ២០១៨។
លោក ហោ ណាំបូរ៉ា មិនត្រឹមតែជាបណ្ឌិតផ្នែក ប៊ែនវីយូណូទេ ថែមទាំងធ្លាប់ជាអតីតអ្នកតំណាងអគ្គលេខាធិការ អង្គការសហប្រជាជាតិរបស់ប្រទេសកម្ពុជា កាលពីឆ្នាំ១៩៩៤ ដល់១៩៩៧ នៅឯការិយាល័យកណ្តាលរបស់អង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
លោក ហោ ណាំបូរ៉ា ត្រូវបានទទួលស្គាល់ជាឯកអគ្គរាជទូតដែលមានស្នាដៃបម្រើរជាតិ ជាច្រើននៅក្នុងប្រទេស ក៏ដូចនៅក្នុងតំបន់អាស៊ានផងដែរ។ និស្សិតសាកលវិទ្យាល័យ ក៏ដូចជាសហគមន៍ការទូតគួរតែអាននៅសៀវភៅនេះ ដែលជាមគ្គទេសដ៏សំខាន់សម្រាប់ស្វ័យសិក្សា បន្ថែមទៀត។
លោក ហោ ណាំបូរ៉ា បានទទួលសញ្ញាបត្របណ្ឌិតពីវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ និងវិទ្យានយោបាយដែលមានទំនាក់ទំនង ជាមួយសាកលវិទ្យាល័យសេដ្ឋកិច្ច នៃទីក្រុងប៊ុយដាប៉េ ប្រទេសហុងគ្រី។ លោក ហោ ណាំបូរ៉ា ត្រូវបានព្រះរាជាណាចក្រថៃ ប្រគល់ជូនរង្វាន់ (១១៩៣-១៩៩៦) និងទទួលបានអាហារូបករណ៍ទៅអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ (១៩៩៤-១៩៩៥) មុនពេលធ្វើជាអ្នកតំណាងអចិន្ដ្រៃយ៍រងនៃគណៈកម្មាធិការសេដ្ឋកិច្ច និងសង្គមកិច្ចរបស់អង្គការសហប្រជាជាតិសម្រាប់អាស៊ី និងមហាសមុទ្រប៉ាស៊ីហ្វិក នៅប្រទេសថៃ (១៩៩៦-១៩៩៦)។
បន្ទាប់ពីការវិលត្រឡប់វិញ គាត់ត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការ និងជាទីប្រឹក្សាកិច្ចការបរទេសនសប្រមុខរដ្ឋចាប់ពីឆ្នាំ១៩៩៦-១៩៩៨ និងក្រោយមកត្រូវបានប្រកាសជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់ប្រទេសអូស្រ្តាលី និងនូវែលសេឡង់នៅឆ្នាំ១៩៩៩។ គាត់បានចាកចេញពីខេនបឺរ៉ា និងអូស្ត្រាលី នៅខែតុលា ឆ្នាំ២០០៤ និងត្រូវបានតែងតាំង ជាឯកអគ្គរាជទូតកម្ពុជា ប្រចាំចក្រភពអង់គ្លេស ដាណឺម៉ាក ហ្វាំងឡង់ អៀរឡង់ ន័រវេស និងស៊ុយអែដ ព្រមទាំងបានទទួលតំណែង ជាព្រឹទ្ធបុរស នៃបណ្ដាប្រទេសអាស៊ាន នៅទីក្រុងឡុង។
ដោយមានការចាប់អារម្មណ៍លោក ហោ ណាំបូរ៉ា ត្រូវបានតែងតាំងជាទីប្រឹក្សាដែលមានឋានៈជារដ្ឋមន្ត្រី ទទួលបន្ទុករាជរដ្ឋាភិបាលកម្ពុជា ក្នុងឆ្នាំ២០០៩ ទន្ទឹមគ្នានេះដែរ ត្រូវបានតែងតាំងជាបេសកជនពិសេសរបស់នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឆ្នាំ២០១១ ទទួលបន្ទុកយុទ្ធនាការលើកកម្ពស់បេក្ខភាព នៃប្រទេសកម្ពុជា ទៅកាន់សន្ដិសុខអង្គការសហប្រជាជាតិ ក្នុងឆ្នាំ ២០០១៣-២០១៤។
លោក ហោ ណាំបូរ៉ា ត្រូវបានតែងតាំងជាថ្មីម្តងទៀត ជាឯកអគ្គរដ្ឋទូតប្រចាំកម្ពុជានៅប្រទេសអេត្យូពី ដែលជាតំណាងអចិន្រ្តៃយ៍ នៃប្រទេសកម្ពុជា ប្រចាំនៅសហភាពអាហ្វ្រិក ក្នុងឆ្នាំ ២០១១ ដែលមានទីតាំងនៅទីក្រុងឡុង និងបច្ចុប្បន្នភាពជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅសាធារណរដ្ឋឥណ្ឌូនេស៊ី៕