(បាត់ដំបង)៖ ក្រោយបញ្ចប់ព្រឹត្តិការណ៍កីឡាជិះកង់កម្សាន្ត នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ ដែលជាថ្ងៃចាប់ផ្ដើមដំបូង នៃពិធីបុណ្យទន្លេលើកទី៦ នៅខេត្តបាត់ដំបង លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានដឹកនាំសកម្មភាពផ្សព្វផ្សាយកញ្ចប់ទស្សនកិច្ចពីក្រុងបាត់ដំបង ទៅដល់រមណីយដ្ឋានឡូរីជើងភ្នំបាណន់ ស្ថិតក្នុងភូមិកន្ទឺ២ ឃុំបាណន់ ស្រុកបាណន់ ដើម្បីផ្សព្វផ្សាយបង្ហាញដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរឱ្យមានការចាប់អារម្មណ៍ទៅលេងកម្សាន្ដ នាឱកាសចូលរួមក្នុងពិធីបុណ្យទន្លេនេះ។
លោករដ្ឋមន្ត្រី និងលោកអភិបាលខេត្ត បានបង្ហាញពីការពេញចិត្តចំពោះការរៀបចំគ្រប់គ្រងរមណីយដ្ឋានជិះឡូរីនេះ ដែលមិនត្រឹមតែបង្កើតយានឡូរីឱ្យភ្ញៀវជិះលេងកម្សាន្តប៉ុណ្ណោះទេ ថែមទាំងមានការយកចិត្តទុកដាក់លើបញ្ហាអនាម័យ មានការសម្អាតសំរាម គីតគូរដល់បរិស្ថានជាប្រចាំ ចំណតយយានយន្ត និងការលក់ដូរក៏មានសណ្ដាប់ធ្នាប់ត្រឹមត្រូវ ព្រមទាំងមានការ រៀបចំតុបតែងសួនផ្កាប្រកបដោយភាពទាក់ទាញ។
លោករដ្ឋមន្ត្រី ថោង ខុន បានជំរុញឱ្យម្ចាស់រមណីយដ្ឋានឡូរីគប្បីរកវិធីទាញចំណូលពីភ្ញៀវទេសចរឱ្យបានច្រើនថែមទៀត ដូចជាការបង្កើតជាកសិដ្ឋាន ចម្ការផ្លែឈើ ចម្ការផ្កា អភិវឌ្ឍន៍ក្លាយទៅជា ផលិតផលកសិទេសចរណ៍ថ្មី ដើម្បីទាក់ទាញការទស្សនារយៈពេលយូរ និងចំណាយច្រើនជាងមុន។
ដោយឃើញមានការលក់ដូរបន្លែ ផ្លែឈើ ចំណីចំណុក ផលិតផលសិប្បកម្មរបស់ប្រជាពលរដ្ឋជុំវិញតំបន់ទេសចរណ៍ខាងលើ នៅតាមផ្លូវចូលរមណីយដ្ឋាននោះ លោក ថោង ខុន ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋបង្កើនការបង្កបង្កើនផលដំណាំ បន្លែ ផ្លែឈើ ឬផលិតផលសិប្បកម្មរបស់ខ្លួនឱ្យបានច្រើនទៀត ដើម្បីយកមកលក់ដូរជូនភ្ញៀវទេសចរដែលមក ទស្សនារមណីយដ្ឋានភ្នំបាណន់ និងឡូរីក្បែរជើងភ្នំនេះ រួមចំណែកជំរុញជីវភាពបានមួយកម្រិតទៀត។
លោករដ្ឋមន្ត្រីបានស្នើដល់រដ្ឋបាលខេត្តបាត់ដំបង និងមន្ទីរទេសចរណ៍ខេត្តឱ្យចូលរួមលើកកម្ពស់គោលដៅទេសចរណ៍នៅក្នុងខេត្តបន្ថែមទៀត ដើម្បីឱ្យប្រជាពលរដ្ឋចូលរួមក្នុងវិស័យនេះឱ្យបានច្រើន ពីព្រោះប្រសិនបើប្រជាពលរដ្ឋទទួលបានចំណូលច្រើនពីវិស័យទេសចរណ៍ ពួកគាត់នឹងបញ្ឈប់ការកាប់បំផ្លាញព្រៃឈើ បញ្ឈប់ការបរបាញ់សត្វ ឬសកម្មភាពមុខរបរដែលប៉ះពាល់ដល់ធនធានធម្មជាតិ ហើយចូលរួមថែរក្សាការពារធនធានធម្មជាតិទាំងនោះឡើងវិញដែរ។
មិនតែប៉ុណ្ណោះ លោករដ្ឋមន្ត្រី ថោង ខុន បានអំពាវនាវដល់រមណីយដ្ឋានទេសចរណ៍ មូលដ្ឋានអាជីវកម្ម ប្រតិបត្តិករទេសចរណ៍ទាំងអស់ក្នុងខេត្តបាត់ដំបង និងខេត្តជុំវិញ ដូចជាខេត្តសៀមរាប ពោធិ៍សាត់ បន្ទាយមានជ័យ ខេត្តប៉ៃលិនជាដើម ត្រូវបង្កើនការពង្រឹងគុណភាពសេវាកម្មទេសចរណ៍របស់ខ្លួនបន្ថែមទៀត ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរឱ្យបានល្អប្រសើរក្នុងឱកាសពិធីបុណ្យទន្លេ និងក្នុងពេលបន្តទៅមុខទៀត។
សូមជម្រាបថា ខេត្តបាត់ដំបង មិនតែជាទីក្រុងបេតិកភណ្ឌទេសចរណ៍ដ៏ទាក់ទាញប៉ុណ្ណោះទេ ថែមទាំងមានកន្លែងទេសចរណ៍កម្សាន្តជាច្រើនទៀត ដូចជារមណីយដ្ឋានភ្នំសំពៅ និងកន្លែងមើលប្រចៀវនៅល្អាងភ្នំសំពៅ រមណីយដ្ឋានប្រាសាទឯកភ្នំ រមណីយដ្ឋានប្រាសាទភ្នំបាណន់ និងកន្លែងជិះឡូរីនៅជាប់ជើងភ្នំ រមណីយដ្ឋានទឹកធ្លាក់ចំការស្វាយ សហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំ បន្ទាយសត្វស្លាបព្រែកទាល់ វត្តអារាមចំណាស់ៗ និងផ្ទះខ្មែរបុរាណជាច្រើនក្នុងក្រុងបាត់ដំបង។ ក្រៅពីនោះ ផ្ទះផ្កា ចម្ការទំពាំងបាយជូរ និងចម្ការផ្លែឈើនានា និងរមណីយដ្ឋានវប្បធម៌ និងធម្មជាតិនានាជាច្រើនទៀត៕