(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា បានដើរតួនាទីដ៏សំខាន់ ក្នុងការជួយសម្រាល និងសង្គ្រោះដល់ជនឥតទីពឹង ដូចជាក្មេងកំព្រារ ស្ដ្រីមេម៉ាយ ចាស់ជរាគ្មានទីពឹង និងពលរដ្ឋងាយរងគ្រោះបំផុតនៅកម្ពុជា ដោយមិនរើសអើង និងប្រកាន់និន្នាការនយោបាយអ្វីនោះឡើយ។
កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន សម្ដេចបានយកចិត្ដទុកដាក់ និងស្វះស្វែងជួយសម្រាលទុក្ខលំបាករបស់ពលរដ្ឋ ដោយមិនទុក្ខនរណាម្នាក់ចោលនោះឡើយ ជាក់ស្ដែងនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ គឺបានបន្ដផ្ដល់ជាថវិកាដល់អង្គការចំនួន៣ រួមមាន៖ អង្គការអាហ្វេស៊ីប, អង្គការគ្រួសារថ្មី និងអង្គការសង្គ្រោះជនអស់សង្ឃឹម។
សម្រាប់អង្គការទាំងបីខាងលើនេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែយកចិត្ដទុកដាក់ និងបានផ្ដល់ជាថវិកា ស្បៀងអាហារ សម្ភារប្រើប្រាស់មួយចំនួន ជារៀងរាល់ឆ្នាំ ដោយមិនដែលរំលងនោះឡើយ ជាពិសេស អ្នកម្ដាយមនុស្សធម៌ ក៏តែងតែអញ្ជើញចុះដោយផ្ទាល់ ដើម្បីរៀបចំអាហារ និងសំណេះសំណាលសួរសុខទុក្ខ ស្វែងយល់ពីបញ្ហាជួបប្រទះ ដើម្បីយកមកដោះស្រាយសម្រាលការលំបាក។
ក្នុងឱកាសផ្ដល់ថវិកាដល់អង្គការទាំងបីនេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានចាត់តាំងតំណាងឱ្យលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានជួបសំណេះសំណាល និងប្រគល់ថវិកាដោយផ្ទាល់។ កម្មវិធីនេះប្រព្រឹត្តទៅនៅទីស្នាក់ការ កណ្តាលកាកបាទក្រហមកម្ពុជា។
ជាមួយគ្នានោះ លោកស្រីអគ្គលេខាធិការ បានពាំនាំការសាកសួរសុខទុក្ខ និងកោតសរសើរពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដល់អង្គការអាហ្វេស៊ីប, អង្គការគ្រួសារថ្មី និងអង្គការសង្គ្រោះជនអស់សង្ឃឹម ដែលខិតខំប្រឹងប្រែងជួយកុមារដែលបានរងគ្រោះពីអំពើហិង្សាផ្សេងៗ ថែមទាំងបណ្ដុះបណ្ដាលឱ្យបានរៀនសូត្រ មានចំណេះវិជ្ជា ដើម្បីចៀសផុតពីភាពអវិជ្ជា និងរស់នៅលើវិថីជីវិតដ៏ល្អរុងរឿង នាពេលអនាគត។
ទន្ទឹមនឹងនោះ អង្គការទាំងបីខាងលើនេះ ក៏បានសម្ដែងការត្រេកអរសប្បាយចិត្ដយ៉ាងខ្លាំង ពេលដែលបន្ដទទួលបានការយកចិត្ដទុក្ខដាក់ពីថ្នាក់ដឹកនាំដ៏គំរូ ប្រកបដោយព្រហ្មវិហារធម៌ ជាពិសេស បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់កាកបាទក្រហមកម្ពុជា ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលតែងតែគិតគូរ ដល់សុខទុក្ខគ្រប់ពេលវេលា ដោយមិនឱ្យកូនចៅម្នាក់ណាឯកានោះឡើយ៕