(ត្បូងឃ្មុំ)៖ លោក ហាប់ អូម៉ាលី ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយឃុំបើស១ និងអនុប្រធានក្រុមការងារ បានអំពាវនាវពលរដ្ឋខ្មែរឥស្លាមបងប្អូនចៀសវាងការនៅកន្លែង ដែលមានការ ប្រមូលផ្ដុំមនុស្សច្រើនគ្នា ចូលរួមទប់ស្កាត់ពីជំងឺទាំងអស់គ្នា ហើយសូមកុំមានការភ័យជ្រុលហូសតាមគ្នាឲ្យសោះអំពីជំងឺ COVID-19 (កូរ៉ូណា) ព្រោះកម្ពុជា បានត្រៀមរួចជាស្រេចក្នុងការព្យាបាល ឬសង្រ្គោះបន្ទាន់ករណីមានជម្ងឺនេះកើតឡើងមែន ខណៈវិស័យវេជ្ជសាស្ត្រពេទ្យធានាបាននូវការព្យាបាលជាសះស្បើយ មិនចាញ់បរទេសឡើយ ។
លោកថ្លែងបែបនេះ ក្នុងឱកាសជួបជុំជាមួយសមាជិកក្រុមប្រក្សាឃុំ និងបងប្អូនប្រជាពលរដ្ឋប្រមាណជិត ១០០គ្រួសារ នៅឃុំ បើស១ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នាពេលថ្មីៗនេះ ។
លោក ហាប់ អូម៉ាលី បានថ្លែងបន្តថា «អរគុណសន្តិភាព» អរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបានធ្វើឲ្យស្រុកទេសយើងមានសុខសន្តិភាពបរិបូណ៍ មានការរីកចំរើនស្ទើរគ្រប់វិស័យ មានសេដ្ឋកិច្ចរីកចំរើន មានមុខមាត់លើឆាកអន្តរជាតិ ពិសេសពលរដ្ឋមានជីវភាពកាន់តែធូរធារឡើងៗ ដែលនេះសបញ្ជាក់ពីស្នាដៃដ៏ធំធេងរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានខិតខំដឹកនាំប្រទេសកម្ពុជាយើងពីបាតដៃទទេរហូតមកដល់ប្រទេសថ្កុំថ្កើនមកដល់សព្វថ្ងៃ និងបន្តរីកចំរើនលូតលាស់ទៅមុខជានិរន្តន៍បន្តទៀត។
សរុបចំនួនអ្នកឆ្លង Covid-19 នៅកម្ពុជាបានកើនឡើងដល់ ៥នាក់ក្នុងនោះមាន៖
*ទី១៖ បុរសជនជាតិចិន មកពីទីក្រុងវូហាន (ជាសះស្បើយ)
*ទី២៖ បុរសជនជាតិខ្មែរ វ័យ៣៨ឆ្នាំ នៅខេត្តសៀមរាប
*ទី៣៖ ស្រ្តីជនជាតិអង់គ្លេស វ័យ៦៥ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
*ទី៤៖ បុរសជនជាតិអង់គ្លេស វ័យ៧៣ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
*ទី៥៖ ស្រីជនជាតិអង់គ្លេស វ័យ៦៩ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម៕