(កណ្ដាល)៖ លោក នៃ ចារី អភិបាលរងខេត្តកណ្ដាល បានបង្គាប់ឱ្យអាជ្ញាធរស្រុក ក្រុង ត្រូវមានវិធានការផ្សព្វផ្សាយអប់រំ ណែនាំដល់ម្ចាស់អាជីវកម្មរ៉ែទាំងអស់ បូកទាំងការដឹកជញ្ជូន ត្រូវគោរពច្បាប់ និងបទដ្ឋានបច្ចេកទេស ដែលហ៊ានប្រព្រឹត្តិល្មើសសារាចរណ៍ណែនាំ ច្បាប់ពាក់ព័ន្ធនានាដោយគ្មានការយោគយល់ គ្មានការឃុបឃិត និងគ្មានអំពើពុករលួយណាមួយជាដាច់ខាត។
ការព្រមានរបស់លោក នៃ ចារី បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពិភាក្សា ត្រួតពិនិត្យលើអាជីកម្មបូមខ្សាច់ បកខ្សាច់ ដេប៉ូស្តុកខ្សាច់ និងដឹកខ្សាច់ ក្នុងខេត្តកណ្ដាល ដែលមានការអញ្ជើញចូលរួមពីអភិបាល ក្រុង ស្រុក ទាំង១១ ក្នុងខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធនានាជុំវិញ ខេត្តទាំងអស់ នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ម្សិលមិញ។
ជាមួយគ្នានេះដែរលោក នៃ ចារី ក៏បានព្រមានដល់បណ្ដាក្រុមហ៊ុន និងម្ចាស់អាជីវកម្មរ៉ែទាំងអស់ បូកទាំងការដឹកជញ្ជូន ត្រូវធ្វើយ៉ាងណាឱ្យស្របច្បាប់ជាមុន និងគោរពតាមគោលការណ៍លេខ០៣១០ របស់ក្រសួងរ៉ែ និងថាមពល, ដើម្បីធ្វើយ៉ាងណាធានា បាននូវការប្រកបអាជីវកម្មមួយនេះ មានការក្រិតក្រមទៅតាមច្បាប់ ហើយពិសេសក្រុមឡានដឹកជញ្ជូនត្រូវគោរពតាមច្បាប់ឱ្យបានម៉ត់ចត់ ចៀសវាងបង្កបញ្ហាផ្សេងៗ ដែលជាកង្វល់ដល់សាធារណជន និងប៉ះពាល់បរិស្ថានជាដើម។
លោក នៃ ចារី បានលើកឡើងទៀតថា ការធ្វើអាជីវកម្មរ៉ែ ជាផ្នែកមួយ នៃចំណូលសេដ្ឋកិច្ចយ៉ាងសំខាន់ ប៉ុន្តែជាទូទៅ ចៀសមិនផុតពីផលប៉ះពាល់ផ្សេងៗ ចំពោះបរិស្ថាន សង្គម និងជាពិសេសចំពោះ សហគមន៍មូលដ្ឋានឡើយ។ ដូច្នេះ ខេត្តបានយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែង ក្នុងការពង្រឹងប្រសិទ្ធភាពការគ្រប់គ្រង និងតាមដានត្រួតពិនិត្យលើកការអនុវត្ត និងការធ្វើសកម្មភាពអាជីវកម្ម ធនធានរ៉ែ ឱ្យមានប្រសិទ្ធភាព។
ដើម្បីប្រសិទ្ធភាព នៃការអនុវត្តន៍ច្បាប់នានា លោក នៃ ចារី បានណែនាំដល់បណ្តាស្រុក ក្រុង និងមន្ទីរពាក់ព័ន្ធទាំងអស់ ត្រូវពង្រឹងការអនុវត្តច្បាប់ ស្ដីពីការគ្រប់គ្រង និងការធ្វើអាជីវកម្មធនធានរ៉ែ, ពង្រឹងការគ្រប់គ្រង ការទប់ស្កាត់ និងលុបបំបាត់អាជីវកម្មបូមខ្សាច់ បកខ្សាច់ ដេប៉ូស្តុកខ្សាច់ និងដឹកខ្សាច់ ដែលធ្វើអាជីវកម្មខុសច្បាប់ និងមិនគោរពបទដ្ឋានបច្ចេកទេស នៅក្នុងមូលដ្ឋានរបស់ខ្លូន, ត្រូវធ្វើការវាយតម្លៃលើស្ថានភាព នៃការគ្រប់គ្រងអាជីវកម្មរ៉ែ ឱ្យកាន់តែមានប្រសិទ្ធភាព សំដៅបង្កើនចំណូលជាតិ ពិសេសកំណត់ឱ្យបាននូវចំនួនទីតាំងអាជីវកម្ម ចំនួនអាជ្ញាប័ណ្ណដែលផ្ដល់ដោយ ក្រសួង ផ្ដល់ដោយខេត្ត និងផ្ដល់ដោយក្រុង-ស្រុក៕