(ស្វាយរៀង)៖ ក្រោយពីមានអ្នកមានអំណាចម្នាក់ បានជីករណ្តៅដីជ្រៅខ្លាំងយកអាចម៍ដី ទៅចាក់លុបដីចំណីព្រែកទន្លេវ៉ៃគោ ត្រង់ចំណុចស្ពានអូស្មាច់ ស្ថិតនៅភូមិតាស្អាង ឃុំកំពង់ចម្លង ស្រុកស្វាយជ្រំ ធ្វើជាកម្មសិទ្ធិធ្វើឱ្យប៉ះពាល់ផ្លូវទឹក និងអាចលិចលំនៅឋានរបស់ប្រជាពលរដ្ឋនៅរដូវវស្សានោះ អភិបាលខេត្តស្វាយរៀង បានបញ្ជាទៅលោកអភិបាលស្រុកស្វាយជ្រំ ចុះផ្អាកគ្រឿងចក្រមិនឱ្យចាក់បន្ត កាលពីរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០។
លោក ហែម សារិទ្ធ អភិបាលស្រុកស្វាយជ្រំ បានបញ្ជាក់ប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០នេះ ថា កាលពីម្សិលមិញ ក្រុមការងារស្រុកបានចុះពិនិត្យទីតាំងចាក់ដី រំលោភយកដីព្រែកស្ថិតនៅភូមិតាស្អាង ឃុំកំពង់ចំឡង ក្រោយការពិនិត្យក្រុមការងារបានចាត់វិធានការហាមឃាត់ភ្លាមៗ ទៅលើការចាក់ដីនេះ និងបន្តចាត់ការទៅតាមនីតិវិធីច្បាប់បន្តទៀត។
ពាក់ពន្ធ័ទៅនឹងករណីចាក់ដីយកចំណីព្រែកទន្លេវ៉ៃគោអូស្មាច់នេះដែរ លោក ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង បានឱ្យដឹងថា ចំពោះការដីនៅភូមិតាស្អាង ឃុំកំពង់ចម្លងនេះ លោកបានឱ្យស្រុកចុះទៅហាមឃាត់គ្រឿងចក្រមិនឱ្យចាក់ដីបន្តទៀតទេ គឺឱ្យម្ចាស់ដីនេះធ្វើអ្វី ដែលជាដីកម្មសិទ្ធរបស់គាត់អ្វីដែលជាចំណីព្រែកត្រូវរង់ចាំការកំណត់របស់មន្ទីរធនធានទឹក ឥឡូវបានបង្កើតគណៈកម្មការហើយ ដើម្បីធ្វើរឿងហ្នឹង ហើយលោកនឹងឱ្យស្រុក និងឃុំតាមដានឱ្យជាប់ចំពោះរឿងនេះផងដែរ។
ពាក់ពន្ធ័ទៅនឹងការចាក់ដីយកចំណីព្រែកអូស្មាច់នេះ បើតាមលោក សែន សារ៉ាត់ បានអះអាងថា ខ្លួនជាមេការ មើលការខុសត្រូវកន្លែងចាក់ដីនេះ ហើយម្ចាស់ចាក់ដីលុបចំណីព្រែកដៃទន្លេវ៉ៃគោ ត្រង់ចំណុចអូស្មាច់នេះ ឈ្មោះ ទេព ចំរើន សាមឌី ជានាយទាហានថ្នាក់ឧត្តមសេនីយ៍នៅរាជធានីភ្នំពេញ។
ប្រភពដដែលបន្តទៀតថា ដីដែលនៅតាមមាត់ព្រែកដៃទន្លេវ៉ៃគោនេះ លោក ទេពចំរើន សាមឌី ប្រមូលទិញពីប្រជាពលរដ្ឋនៅភូមិតាស្អាង ហើយបានប្រគល់ប្រាក់ឱ្យប្រជាពលរដ្ឋអស់ហើយ។ ចំណែកការជីករណ្តៅយកអាចម៍ដី គឺជីកនៅលើរណ្តៅចាស់ ហើយយកអាចម៍ដី ចាក់លើភ្លឺរណ្តៅចាស់ផង ដើម្បីអភិវឌ្ឍន៍ធ្វើជារមណីយដ្ឋានផ្ទះទឹក ឬខ្ចុះលក់ដូរហើយអាចម៍ដីមួយផ្នែកទៀត ចាក់លើដីចាស់ ដែលបានចាក់កាលពីឆ្នាំមុន ដែលបានសុំច្បាប់ពីអាជ្ញាធរ និងមន្ទីរពាក់ពន្ធ័អនុញ្ញាតរួចហើយ។
ចំពោះប្រជាពលរដ្ឋភូមិតាស្អាង មានព្រួយបារម្មណ៍ខ្លាចបិទអូរផ្លូវទឹកលិចលំនៅឋានពួកគាត់នៅរដូវវស្សានោះ គឺលោកបានទុកអូរស្មាច់នេះ ហើយនិងកាយដីជាប្រឡាយក្នុងអូរឱ្យបានជ្រៅមានផ្លូវ ទឹកហូរមិនឱ្យស្ទះផ្លូវទឹកទេ។
ចំណែកលោក គឹម សាវុធ ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយម ខេត្តស្វាយរៀង បានឱ្យដឹងថា ការចាក់ដីនៅចំណុចជិតស្ពានអូស្មាច់ ភូមិតាស្អាងនេះ គឺបានចាក់លើចំណីព្រែក និងក្នុងព្រែក នៃដៃទន្លេវ៉ៃគោពិតប្រាកដមែន ហើយលោកបានរាយការណ៍ ជូនលោកអភិបាលរង ខេត្តទទួលបន្ទុក ដើម្បីពិនិត្យដោះស្រាយ ហើយលោកអភិបាលខេត្តស្វាយរៀង បានឱ្យម្ចាស់អ្នកចាក់ដីផ្អាក ការងារចាក់ដីសិន និងបង្កើតគណៈកម្មការចុៈពិនិត្យ និងធ្វើការវាស់វែងពីផលប៉ះពាល់ ក៏ប៉ុន្តែដំណើរការនៃការងារចុះវាស់វែងមានលទ្ធផល ឬដល់ណានោះទេ។
លោក គឹម ពិសិដ្ឋ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានឱ្យដឹងថា លោកមិនបានដឹងបញ្ហាចាក់ដីលុបព្រែក អូរស្មាច់នេះទេ ហើយអ្នកចាក់ដីនោះមានបណ្ណ ឬបានចុះបញ្ជីដីជាលក្ខណៈប្រព័ន្ធ ហើយក៏លោកមិនអាចដឹងបានដែរ សូមឱ្យសួរទៅមន្ត្រីសុរិយោដីស្រុកស្វាយជ្រំ ដែលជាអ្នកចុះវាស់វែង ជាមួយគណៈកម្មការរដ្ឋបាលតំបន់វិនិច្ឆ័យភូមិតាស្អាង ទើបច្បាស់។
បើតាមមន្រ្តីជំនាញម្នាក់ បានបង្ហើបឱ្យដឹងថា ការចាក់ដីលុបព្រែកនិងចំណីព្រែកដៃទន្លេវ៉ៃគោនេះ គឺមានទំហំប្រមាណ ៤ហិកតា ចាប់ពីគល់ស្ពានអូរស្មាច់ ទៅដល់ផ្ទះអ្នកភូមិតាស្អាង គឺមានប្រវែងជាង៧០០ម៉ែត្រ មានទទឹងជិត២០០ម៉ែត្រ មានរណ្តៅដីចំនួន ៤រណ្តៅជីក ដល់ក្បាលប្រែត សូមលោកប្រធានមន្ទីររ៉ែ និងឋាមពលខេត្ត ចុះទៅមើលផងទាន។
ទាក់ទិននឹងករណីនេះដែរ ភ្នាក់ងារ Fresh News ប្រចាំខេត្តស្វាយរៀង មិនអាចសុំការបំមិនបំភ្លឺពីលោក ទេពចំរើន សាមឌី បានទេនៅព្រឹកថ្ងៃទី១៣ មីនា ឆ្នាំ២០២០នេះ៕