(បាត់ដំបង)៖ ដោយសំអាងទៅលើវិធានការនានារបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ខណៈដែលខេត្តបាត់ដំបងមិនមានករណីជំងឺកូវីត១៩ (COVID-19) នោះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអំពាវនាវទៅដល់ប្រជាពលរដ្ឋកុំឱ្យមានការព្រួយបារម្ភពីឆ្លងនៃជំងឺនេះ ហើយចូលរួមលេងបុណ្យទន្លេនៅក្នុងខេត្តបាត់ដំបងនៅចុងសប្តាហ៍នេះ។
ក្នុងបទសម្ភាសន៍ជាមួយ Fresh News លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា ដ្បិតថា បច្ចុប្បន្នប្រទេសកម្ពុជារកឃើញការកើតជំងឺកូវីត១៩ ចំនួន៥ករណីក៏ដោយចុះ។ តែករណីទាំង៥នេះ គឺសុទ្ធតែជាជនជាតិបរទេស ដែលកើតមកពីខាងក្រៅ ហើយមានតែពលរដ្ឋខ្មែរម្នាក់ប៉ុណ្ណោះនៅក្នុងខេត្តសៀមរាប ដែលឆ្លងពីជនជាតិជប៉ុន។
លោករដ្ឋមន្ត្រី បានបន្ថែមថា អ្នកដែលមានទាក់ទងជាបុរសជនជាតិខ្មែរ និងជនជាតិជប៉ុន ត្រូវបានយកទៅពិនិត្យ និងតេស្តសុខភាព គឺមិនមានឆ្លងជំងឺកូវីត១៩នោះឡើយ។ បន្ថែមពីលើនោះ ក្រសួងសុខាភិបាលបានអះអាងថា កម្ពុជាមិនមានករណីឆ្លងរីករាលដាលក្នុងសហគមន៍នោះឡើយ។ ទន្ទឹមគ្នានោះ ខេត្តបាត់ដំបងដែលជាខេត្តរៀបចំបុណ្យទន្លេនៅចុងសប្តាហ៍នេះ ក៏មិនកើតមានករណីជំងឺកូវីត១៩នោះដែរ។
ដោយយោងទៅលើសំអាងខាងលើនេះ លោក ថោង ខុន មិនបានបង្ហាញក្តីបារម្ភនៃការរីករាលដាល ឬចម្លងជំងឺកូវីតនៅក្នុងពិធីបុណ្យទន្លេលើទឹកដីខេត្តបាត់ដំបងនោះដែរ។ បើទោះបីជាយ៉ាងណា លោករដ្ឋមន្ត្រី គ្រាន់តែលើកទឹកចិត្តឱ្យអ្នកចូលរួមលេងកម្សាន្តបុណ្យទន្លេនេះ រក្សានូវវិធានការអនាម័យទាំងឡាយដើម្បីថែទាំសុខភាព។
សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០នេះ ខេត្តបាត់ដំបង ទទួលភារកិច្ចជាម្ចាស់ផ្ទះរៀបចំបុណ្យទន្លេលើកទី០៦។ ពិធីបុណ្យទន្លេនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជាអធិបតីបើកពិធីបុណ្យ។
ពិធីបុណ្យទន្លេលើដីបាត់ដំបង នឹងប្រារព្ធធ្វើឡើងក្រោមប្រធានបទ «ទន្លេនៃសន្តិភាព ទន្លេនៃវិបុលភាព»។ លោក ថោង ខុន បានរៀបរាប់ថា ទន្លេដែលផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ការរស់នៅរបស់ប្រជាពលរដ្ឋនោះ គឺបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ។
បើតាមលោក ថោង ខុន ការជ្រើសយកប្រធានបទខាងលើនេះ គឺចង់រំលឹកប្រជាពលរដ្ឋថា ដើម្បីអាចរក្សាបាននូវការទាញអត្ថប្រយោជន៍នានាពីទន្លេ គឺទាល់តែមាននូវសុខសន្តិភាព។ លោកបានពន្យល់បន្ថែមថា ទឹកដីខេត្តបាត់ដំបងជាទឹកដីមួយដែលធ្លាប់យាយីដោយភ្លើងសង្គ្រាម ហើយបានធ្វើឱ្យខេត្តនេះខ្ទេចខ្ទាំ ហើយក៏បានធ្វើឱ្យប្រជាពលរដ្ឋរស់នៅក្នុងខេត្តបាត់ដំបងជាប់បឹងទន្លេសាបបាត់ឱកាសអភិវឌ្ឍជីវិត ឬទាញប្រយោជន៍នានាពីបឹងទន្លេសាប ពីស្ទឹងសង្កែមកអភិវឌ្ឍន៍ជីវភាពនោះដែរ។
ក្នុងន័យនេះ ការលើកយកប្រធានបទ «ទន្លេនៃសន្តិភាព ទន្លេនៃវិបុលភាព» គឺចង់បង្ហាញថា មានសន្តិភាពទើបមានឱកាសទាញយកប្រយោជន៍ពីទន្លេ ហើយមានសន្តិភាពទើបមានឱកាសអភិវឌ្ឍន៍ និងនាំសង្គមជាតិឆ្ពោះទៅភាពរុងរឿង។ នេះជាការបញ្ជាក់របស់លោករដ្ឋមន្ត្រី។
លោក ថោង ខុន ក៏បានថ្លែងដោយមោទនភាពផងដែរថា តាមរយៈបុណ្យទន្លេរយៈពេល៥ឆ្នាំកន្លងទៅ បានធ្វើឱ្យមានការផ្លាស់ប្តូរជាច្រើនទៅលើឥរិយាបថរបស់ប្រជាពលរដ្ឋក្នុងការចូលរួមថែរក្សាទន្លេ ថែរក្សាជីវៈចម្រុះក្នុងទន្លេ និងទាញបានប្រយោជន៍ពីតាមដងទន្លេលើវិស័យទេសចរណ៍ប្រកបដោយសក្តានុពល។
ក្នុងនោះបុណ្យទន្លេ ក៏បានរួមចំណែកផ្សព្វផ្សាយផលិតផលដែលជាស្នាដៃរបស់ខ្មែរ ទៅកាន់អ្នកប្រើប្រាស់ផងដែរ។ ព្រោះថានៅពេលប្រារព្ធពិធីបុណ្យទន្លេផលិតរបស់ខ្មែរជាច្រើនត្រូវបានយកមកបង្ហាញដល់អ្នកមកលេងកម្សាន្ត។
លោករដ្ឋមន្ត្រីទេសចរណ៍បន្ថែមថា តាមរយៈបុណ្យទន្លេ ក៏បានរួមចំណែកផ្សព្វផ្សាយគោលដៅទេសចរណ៍របស់ខេត្តជាប់ដងទន្លេផងដែរ។ លោករដ្ឋមន្ត្រី រំពឹងថា បុណ្យទន្លេនៅខេត្តបាត់ដំបង នឹងជួយឱ្យប្រជាពលរដ្ឋជ្រួតជ្រាបកាន់តែច្រើនពីគុណតម្លៃនៃទន្លេ ហើយរួមគ្នាចូលរួមថែរក្សាសម្បត្តិទាំងដែលមាននៅតាមទន្លេ។ ជាពិសេសនឹងបានរួមចំណែកផ្សព្វផ្សាយតំបន់ទេសចរណ៍ក្នុងខេត្តបាត់ដំបង៕