(ភ្នំពេញ)៖ នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៦នេះ ជាថ្ងៃចាប់ផ្តើមការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី កម្លាំងនគរបាលចរាចរណ៍ បានចុះធ្វើយុទ្ធនាការព្រមគ្នានៅ១៧៧គោលដៅ ទូទាំងប្រទេស ដើម្បីផ្សព្វផ្សាយ និងពង្រឹកការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី នេះបើយោងតាមការចុះផ្សាយ របស់គេហទំព័រអគ្គស្នងការនគរបាលជាតិ។
ជាមួយគ្នានេះ ឧត្តមសេនីយ៍ឯក ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ បានដឹកនាំកងកម្លាំង នគរបាលចរាចរណ៍មួយក្រុម ចុះធ្វើយុទ្ធនាការផ្សព្វផ្សាយ និងពង្រឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនៅផ្លូវជាតិលេខ១ ស្ថិតក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
តាមរយៈគេហទំព័រ អគ្គស្នងការនគរបាលជាតិ ឧត្តមសេនីយ៍ឯក ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ បានបញ្ជាក់ថា នៅព្រឹកនេះស្ថានភាពមានភាពល្អប្រសើរ ហើយការត្រួតពិនិត្យមានការល្អិតអន់ហ្មត់ចត់ទៅលើបទល្មើស ដែលផាកពិន័យអន្តរការណ៍ បទល្មើសដែលត្រូវឃាត់ទុក និងបទល្មើសផ្សេងៗទៀតទៅតាមច្បាប់។
លោកឧត្តមសេនីយ៍ឯងបញ្ជាក់ទៀតថា ករណីល្មើសភាគច្រើន គឺម៉ូតូ ដែលអ្នករួមដំណើរមិនបានពាក់មួកសុវត្ថិភាព តាមអនុក្រឹត្យលេខ៨៥ គឺត្រូវពិន័យចំនួន ១៥០០០រៀលក្នុងម្នាក់ ហើយការផាកពិន័យនេះ មិនត្រូវបានបង់ប្រាក់នៅនឹងកន្លែងផ្ទាល់នោះទេ គឺមសត្ថកិច្ចគ្រាន់តែចេញប័ណ្ណការផាកពីន័យ ហើយឲ្យទៅបង់នៅទីកន្លែងមួយដែលសមត្ថកិច្ចបានកំណត់។ ការផ្សព្វផ្សាយ និងពង្រឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះ សមត្ថកិច្ចនឹងបន្តធ្វើទាំងយប់ ទាំងថ្ងៃ ដើម្បីឲ្យទទួលបានលទ្ធផលល្អ។
គេហទំព័រដដែលបានឲ្យដឹងទៀតថា ការចុះធ្វើយុទ្ធនាការផ្សព្វផ្សាយ និងពង្រឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនាពេលនេះ ត្រូវគេមើលឃើញថា ធ្វើឡើងក្នុងគោលបំណងពញ្ញាក់អារម្មណ៍ និងស្មារតី របស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកដំណើរដែលកំពុងនាំគ្នាល្មើសនឹងច្បាប់ចរាចរណ៍ជើងគោក ដោយមិនបានបំពាក់នូវមួកសុវត្ថិភាពពេលធ្វើដំណើរ ម៉ូតូមិនបានបំពាក់កញ្ជក់មើលក្រោយត្រឹមត្រូវ លើសពីនេះ គឺបើកបរស្ថិតក្នុងល្បឿនហួសកំណត់ និងបើកបរដោយមិនគោរពទៅតាមស្លាកសញ្ញា ក៏ដូចជាភ្លើងស្តុបចរាចរណ៍នានា តាមដងផ្លូវតូចធំ ទាំងក្នុងរាជធានី និងតាមបណ្តាខេត្តជាដើម៕