(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០នេះ រដ្ឋសភា បានបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ ដើម្បីពិភាក្សា និងអនុម័តលើ សេចក្តីព្រាងច្បាប់បង្កើតក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងសេចក្តីព្រាងច្បាប់៥ទៀត។
កិច្ចប្រជុំនេះ ដឹកនាំដោយ សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា ដោយមានការចូលរួមពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា រួមទាំងសមាជិករដ្ឋសភា និងតំណាងរាជរដ្ឋាភិបាលផងដែរ។
សេចក្តីព្រាងច្បាប់ ទាំង៦ ដែលលើមកពិភាក្សា និងអនុម័តនាពេលនេះ រួមមាន៖
១៖ សេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង នវានុវត្តន៍។
២៖ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទីពីរ ស្តីពីវិសោធនកម្ម កិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន។
៣៖ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទីបី ស្តីពីវិសោធនកម្ម កិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន។
៤៖ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទី១ ធ្វើវិសោធនកម្ម កិច្ចព្រមព្រៀង ស្តីពីពាណិជ្ជកម្មទំនិញអាស៊ាន។
៥៖ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីការផ្ទេរទណ្ឌិត រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។
៦៖ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីការជួយគ្នា ទៅវិញទៅមកផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គម និយមវៀតណាម៕