(ភ្នំពេញ)៖ ក្រុមប្រឹក្សារាជធានីភ្នំពេញ គណៈអភិបាល រាជធានីភ្នំពេញ អភិបាលខណ្ឌនានា រួមទាំងមន្ត្រីរាជការក្រោមឱវាទ រាជធានីភ្នំពេញជាច្រើននាក់ ដឹកនាំដោយលោក ប៉ា សុជាតិវង្ស បានរៀបចំពិធីតាមបែបសាសនា ដើម្បីឡើងអាគាររដ្ឋបាលថ្មីដែល ទើបសាងសង់រួច ក្នុងបរិវេណសាលារាជធានីភ្នំពេញ ស្របគ្នានឹងការចូលរួមអបអរសាទរឆ្នាំថ្មីឆ្នាំសកល២០១៦ផងដែរ។
ពិធីនេះត្រូវបានបានធ្វើឡើងនារសៀលថ្ងៃទី១មករា ឆ្នាំ២០១៦នេះ ដោយមាននិមន្តព្រះសង្ឃចំរើនព្រះបរិត្ត សូត្រមន្តសុំសេចក្តីសុខ សេចក្តីចំរើនក្នុងឆ្នាំថ្មី។ សមិទ្ធិផលដែលបានកើតមានឡើង នាពេលនេះ រួមមាន៖ អគាររដ្ឋបាលកំពស់១២ ជាន់, ចំណតរថយន្តក្រោមដីចំណុះ៣០០គ្រឿង,ហេដ្ឋារចនាសម្ពន្ធ័ក្រៅអគារ រួមទាំង គ្រឿងបរិក្ខាបំពាក់ផងដែរ។ នេះជាអគាររដ្ឋបាលថ្មី លើកដំបូងរបស់សាលារាជធានីភ្នំពេញ ដែលមានកំពស់រហូតដល់១២ជាន់ និងបានក្លាយជាការិយាល័យ ធ្វើការរបស់មន្ត្រីរាជការ មានលក្ខណៈស្អាតសមរម្យ ក្នុងការបំរើសេវាសាធារណៈ ជូនប្រជាពលរដ្ឋបានទាន់ពេលវេលាមានលក្ខណៈធំទូលាយ លែងចង្អៀតដូចមុន និងមានកន្លែងចតរថយន្តត្រឹមត្រូវដែល បានដំណើរការសាងសង់តាំងពីឆ្នាំ២០១៤មក។
មន្ត្រីរាជការក្នុងសាលារាជធានីភ្នំពេញ តាមការិយាល័យនិមួយៗ បានប្តូរទីតាំងពីការិយាល័យនៃអគារចាស់មកអគារថ្មីជាបណ្តើរៗហើយ។ ការសាងសង់អគារដ្ឋបាលថ្មីនេះ ក៏ជាការជំរះនូវមន្ទិលសង្ស័យនានា ដែលលើកឡើងថា ទីតាំងសាលារាជធានីភ្នំពេញ បច្ចុប្បន្នត្រូវបានគេលក់ហើយ និងត្រូវប្តូរទីតាំងទៅជាយក្រុង។ តាមរយះហ្វេសប៊ុក ផ្លូវការរបស់ខ្លួន លោក ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា៖តាមការគ្រោងទុក អគាររដ្ឋបាលថ្មី និងចំណតរថយន្តក្រោមដីដែលទើបសាងសង់រួច នេះ នឹងត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅដើមខែមេសា ឆ្នាំ២០១៦ឬមុនបុណ្យ ចូលឆ្នាំខ្មែរខាងមុខ។
លោកអភិបាលបញ្ជាក់ថា ទោះបីការអភិវឌ្ឍន៍ មិនទាន់បានដូចបំណង តែ យើងមានមោទនភាព ដែលអភិបាលរាជធានីភ្នំពេញ គ្រប់ជំនាន់សុទ្ធតែបានខិតខំអភិវឌ្ឍន៍ទីក្រុងភ្នំពេញឲ្យចេញពីទីក្រុងខ្មោចកាលពីឆ្នាំ១៩៧៩ បានប្រែក្លាយមកជាទី ក្រុងមួយមានសមត្ថភាពប្រកួតប្រជែងបានក្នុងតំបន់នៅពេលនេះ៕