(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០នេះ បានទទួលជួបគណៈប្រតិភូ អញ្ជើញមកពី ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដឹកនាំដោយលោក Jiangfeng Zhang នាយកធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំអាស៊ីអាគ្នេយ៍ទទួលបន្ទុកបរិស្ថាន ធនធានធម្មជាតិ និងកសិកម្ម និងសហការី ដើម្បីពិនិត្យការអនុវត្ត គម្រោងដែលកំពុងអនុវត្ត និងពិនិត្យលទ្ធភាពពង្រីកកិច្ចសហប្រតិបត្តិការ លើកម្មវិធីអាទិភាជាក់ស្ដែង ឆ្លើយតបទៅនឹងគោលនយោបាយរបស់ក្រសួង ក្នុងវិស័យកសិកម្ម។
ជាកិច្ចស្វាគមន៍ តាមរយៈលោកនាយក លោករដ្ឋមន្ត្រី វេង សាខុន បានថ្លែងអំណរគុណ ចំពោះធនាគារអភិវឌ្ឍន៍អាស៊ី ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្តល់ជំនួយហិរញ្ញប្បទាន បច្ចេកទេស ការបណ្តុះបណ្តាល និងអភិវឌ្ឍន៍ធនធានមន្ត្រីជំនាញនៃក្រសួង និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ក្នុងវិស័យកសិកម្ម។
លោករដ្ឋមន្ត្រី វេង សាខុន សង្ឃឹម និងជឿជាក់ថា ធនាគារអភិវឌ្ឍន៍អាស៊ី នឹងបន្តផ្តល់ការគាំទ្រ ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការដល់ក្រសួង ដើម្បីរួមគ្នាអភិវឌ្ឍន៍ វិស័យកសិកម្ម ប្រកបដោយចីរភាព ឆ្លើយតបទៅនឹងបរិបទកំណើនសេដ្ឋកិច្ច របស់កម្ពុជា និងចក្ខុវិស័យវែងឆ្ងាយ របស់រាជរដ្ឋាភិបាលសម្រាប់ឆ្នាំ២០៣០ និង២០៥០។
ក្នុងឱកាសនេះផងដែរ លោកនាយក ធនាគារអភិវឌ្ឍន៍អាស៊ី ក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះលោករដ្ឋមន្ត្រី និងសហការី ដែលតែងតែផ្តល់កិច្ច សហការយ៉ាងល្អប្រសើរ ជាមួយក្រុមការងារធនាគារអភិវឌ្ឍន៍អាស៊ី រួមគ្នាអនុវត្តកម្មវិធី និងគម្រោងទទួលបានលទ្ធផលជាផ្លែផ្កា ជាប្រយោជន៍ដល់ប្រជាកសិករ និងវិស័យកសិកម្មទាំងមូល។
លោកបានបន្ថែមថា ដោយទទួលបានអនុសាសន៍ ពីលោករដ្ឋមន្ត្រី នាជំនួបកន្លងមក ធនាគារអភិវឌ្ឍន៍អាស៊ី បានធ្វើការកែសម្រួល និងរៀបចំផែនការយុទ្ធសាស្ត្រ សម្រាប់គាំទ្រដល់កម្ពុជា ក្នុងវិស័យកសិកម្ម ២០២១-២០២៣ ដែលផែនការយុទ្ធសាស្ត្រថ្មីនេះ ផ្តោតភ្ជង់ជាសំខាន់ទៅលើការធ្វើកំណែទម្រង់តាមរយៈ៖
* ការធ្វើទំនើបកម្មកសិកម្ម យន្តុបនីយកម្មកសិកម្ម ពិពិធកម្មកសិកម្ម
* ការរៀបចំផែនការកំណត់តំបន់ដាំដុះ
* ការគ្រប់គ្រងនិងប្រើប្រាស់ថ្នាំកសិកម្ម
* ការកែច្នៃ និងវេចខ្ចប់ប្រកបដោយគុណភាព និងសុវត្ថិភាព និងការផ្ដល់ប្រាក់កម្ចីជូនសហគមន៍ និងសហគ្រាសខ្នាតតូច និងមធ្យម ធ្វើយ៉ាងណាបំពេញខ្សែច្រវាក់ ផលិតកម្មកសិកម្មឲ្យបានពេញលេញ ដើម្បីបង្កើនតម្លៃបន្ថែមជូនអ្នកផលិត។
មួយវិញទៀត ចំពោះវិស័យផលិតកម្មសត្វ និងសុខភាពសត្វ ធនាគារអភិវឌ្ឍន៍អាស៊ី នឹងផ្តល់ការគាំទ្រផងដែរ ដែលកម្មវិធីថ្មីនេះ គ្រោងនឹងដាក់អនុវត្តក្នុងឆ្នាំ២០២១ ដើម្បីគ្រប់គ្រង ការពារចលនាសត្វ និងជំងឺឆ្លងពីមនុស្សមកសត្វ និងសត្វមកមនុស្ស រួមជាមួយការបង្កើនផលិតកម្មសត្វក្នុងស្រុក។
លោកនាយក ក៏បានរាយការណ៍បន្ថែមថា ក្រុមការងាររបស់ធនាគារអភិវឌ្ឍន៍អាស៊ី បាននិងកំពុងធ្វើការយ៉ាងសកម្ម ជាមួយរដ្ឋបាលជលផល រៀបចំអនុវត្តកម្មវិធី ដើម្បីអភិរក្ស និងអភិវឌ្ឍន៍ធនធានធម្មជាតិ នៅតាមតំបន់សមុទ្រ និងឆ្នេរសមុទ្រផងដែរ។ កម្មវិធីទាំងអស់នេះ សម្រេចទៅបាន គឺត្រូវការការចូលរួមយ៉ាងសកម្ម និងមានប្រសិទ្ធភាព ពីមន្ត្រីជំនាញរបស់ក្រសួង ដូច្នេះស្នើសុំលោករដ្ឋមន្ត្រី មេត្តាផ្តល់ការគាំទ្រ។
ជាការឆ្លើយតប លោករដ្ឋមន្ត្រី វេង សាខុន ជាថ្មីម្ដងទៀត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការយកចិត្តទុកដាក់ និងជាពិសេសផ្តល់ការគាំទ្រ ដល់គោលនយោបាយកំណែទម្រង់របស់ក្រសួង ដើម្បីឆ្លើយតបទៅនឹងបរិបទនៃកំណើនសេដ្ឋកិច្ច និងប្រជាជនសម្រាប់ពេលបច្ចុប្បន្ន និងអនាគត។
ចំពោះកម្មវិធីថ្មីៗទាំងអស់នេះ លោករដ្ឋមន្ត្រី បានបញ្ជាក់ថា គឺពិតជាមានវិសាលភាពទូលំទូលាយ និងបានគ្របដណ្តប់គ្រប់គោលដៅរបស់ក្រសួង និងពិសេស បានឆ្លើយតបទៅនឹងអនុសាសន៍ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការបង្កើនផលិតភាពផលិតកម្ម ក្នុងស្រុកទាំងផ្នែកដាំដុះ និងផលិតកម្មសត្វ ឈានឆ្ពោះទៅការកាត់បន្ថយការនាំចូល៕