(បាត់ដំបង)៖ នារសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០នេះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានរៀបចំពិធីក្រុងពាលីសុំម្ចាស់ទឹកម្ចាស់ដី ដើម្បីឲ្យដំណើរការរៀបចំពិធីបុណ្យទន្លេលើកទី៦ នៅខេត្តបាត់ដំបង ប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។
ពិធីបុណ្យទន្លេលើកទី៦នេះ នឹងចាប់ផ្តើមនៅថ្ងៃស្អែក ដែលមានរយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៥ ខែមីនា ឆ្នាំ២០២០ ដែលក្នុងនោះមានរៀបចំជាព្រឹត្តិការណ៍មុនពិធី (Pre Event) និងសកម្មភាពជាច្រើន រួមមានពិធីដាំដើមឈើ (ព្រឹកថ្ងៃទី១២ មីនា) សិក្ខាសាលាស្តីពីការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ (ព្រឹកថ្ងៃទី១២ មីនា) កីឡាជិះកង់កម្សាន្ត ១០គីឡូម៉ែត្រ រត់ប្រណាំងកម្សាន្ត ការប្រកួតកីឡាបាល់ទាត់ បាល់ទះមិត្តភាព កីឡាប៉េតង់ប្រដាល់គុណខ្មែរអន្តរជាតិ កីឡាចំបាប់បុរាណ កីឡាទាញព្រ័ត្រ ការប្រកួតអុកចត្រង្គ ការតាំងពិព័រណ៍កសិទេសចរណ៍ ផលិតផលសហគ្រាសធុនតូច និងមធ្យម ផលិតផលបរទេស មហោស្រពម្ហូបអាហារ និងភេសជ្ជៈ ការសម្ដែងទស្សនីយភាពសិល្បវប្បធម៌ និងការប្រគំតន្ត្រី និងការបាញ់កាំជ្រួចអបអរសាទរបុណ្យទន្លេ។
គួរជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកបុណ្យទន្លេលើកទី៦ នៅខេត្តបាត់ដំបងនេះ នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០៕