(បាត់ដំបង)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋ អាជីវករចូលរួមលក់ដូរទំនិញ ចំណីអាហារ ផលិតផលសិប្បកម្មក្នុងខេត្តឱ្យបានច្រើន ដែលប្រការនេះអាជ្ញាធរមិនត្រូវមានការហាមឃាត់ចំពោះពួកគាត់នោះឡើយ ប៉ុន្តែក៏ត្រូវរៀចំឱ្យមានសណ្ដាប់ធ្នាប់ល្អក្នុងការលក់ដូររបស់ពួកគាត់ផងដែរ។
ការថ្លែងបែបនេះរបស់លោករដ្ឋមន្ត្រី ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារត្រៀមរៀបចំពិធីបុណ្យទន្លេលើកទី៦ នៅសាលាខេត្តបាត់ដំបង នារសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០។
នាឱកាសនោះ លោករដ្ឋមន្ត្រីបានដាក់ទិសដៅគ្រប់មុខព្រួយដែលត្រូវចូលរួមក្នុងការរៀបចំពិធីបុណ្យទន្លេនេះ ដើម្បីធ្វើយ៉ាងណាឱ្យព្រឹត្តិការណ៍ទេសចរណ៍នេះប្រព្រឹត្តទៅដោយរលូន ក្នុងនោះមានការងារត្រៀមព្រឹត្តិការណ៍កីឡា ការសម្ដែងសិល្បៈ ការតាំងពិព័រណ៍ ការពង្រឹងផ្នែកសន្តិសុខ សណ្ដាប់ធ្លាប់សាធារណៈ និងសុវត្ថិភាពសម្រាប់ការអញ្ជើញចូលរួមរបស់សម្ដេចតេជោ ហ៊ុន សែន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្នាក់ដឹកនាំ និងគណៈប្រតិភូនានា។
ជាមួយគ្នានោះ លោករដ្ឋមន្ត្រីបានបញ្ជាក់ទៅកាន់ក្រុមការងាររៀបចំថា មិនត្រូវហាមឃាត់ប្រជាពលរដ្ឋដែលមកលក់ដូរទំនិញ ចំណីចំណុក ម្ហូបអាហារ ផលិតផលសិប្បកម្មដែលធ្វើបានក្នុងខេត្តនោះឡើយ ប៉ុន្តែក៏ត្រូវរៀបចំការលក់ដូររបស់ពួកគាត់ឱ្យមានសណ្ដាប់ធ្នាប់ត្រឹមត្រូវផងដែរ។
លោកបានបន្តថា ការរៀបចំពិធីបុណ្យទន្លេ ឬពិធីបុណ្យសមុទ្រ គឺមិនត្រឹមតែចង់ឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរចូលរួមទស្សនាកម្សាន្តប៉ុណ្ណោះទេ តែក៏ចង់ឱ្យប្រជាពលរដ្ឋក្នុងខេត្តចូលរួមលក់ដូរផលិតផលរបស់ខ្លួនជាអាទិភាពផងដែរ។
សូមជម្រាបថា ពិធីបុណ្យទន្លេលើកទី៦ នៅខេត្តបាត់ដំបង នឹងប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី១៣-១៥ ខែមីនា ឆ្នាំ២០២០ ក្រោមប្រធានបទ «ទន្លេនៃសន្តិ ទន្លេនៃវិបុលភាព»៕