(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ សហព័ន្ឋសហជីពកម្មករកម្ពុជា-CLUF បានរៀបចំពិធីអបអរសាទរទិវាសិទ្ឋិនារីអន្តរជាតិ ៨ មីនា ខួបលើកទី១០៩ ក្រោមប្រធានបទ «មានសន្តិភាព មានលើកកំពស់យេនឌ័រ» ដោយបានអញ្ជើញចូលរួមជាអធិបតីភាពពីសំណាក់លោក សោម អូន ប្រធានសភាសម្ព័ន្ឋសហជីពជាតិកម្ពុជា-NACC និងជាប្រធានសហព័ន្ឋសហជីពកម្មករកម្ពុជា-CLUF និងបានអញ្ជើញជាភ្ញៀវកិតិ្តយសពីសំណាក់លោក យឹម សេរីវឌ្ឍនៈ តំណាងមជ្ឈមណ្ឌលសាមគ្កីភាព-SC និងថ្នាក់ដឹកនាំសភាសម្ព័ន្ឋសហជីពជាតិកម្ពុជាជាច្រើនរូប ព្រមទាំងមានការចូលរួមពី សំណាក់បងប្អូនថ្នាក់ដឹកនាំសហជីព និងកម្មករនិយោជិតចំនួនជាង ២៦០នាក់ មកពី១៣៤រោងចក្រសហគ្រាស។
លោក សោម អូន បានលើកឡើងពីប្រវត្តិសិទ្ឋិនារីអន្តរជាតិ ៨ មីនា ដែលកើតចេញពីចលនាតស៊ូរបស់ស្ត្រីជាកម្មករនៅលើពិភពលោកដើម្បីទាមទារសិទ្ឋិ និងផលប្រយោជន៏សមរម្យ រហូតទទួលបានជោគជ័យ ហើយបានកំណត់យកថ្ងៃ ៨ មីនា ជាទិវាប្រារព្វសិទ្ឋិនារីអន្តរជាតិនៅលើពិភពលោក។
លោក សោម អូន បានថ្លែងបន្តថា ផ្នត់គំនិត នៃការគោរពសិទ្ឋិនារីជាធំគឺត្រូវ បានចាក់ប្ញសយ៉ាងជ្រៅនៅក្នុងសង្គមខ្មែរ តាំងពីសម័យអាណាចក្រភ្នំ ឬហ្វូណនមកម្ល៉េះដែលពេលនោះព្រះនាងលីវយី គឺជាម្ចាស់ក្សត្រីខ្មែរដំបូង បានគ្រងរាជ្យនៅនគរភ្វូណនក្នុងប្រវត្តិសាស្ត្រខ្មែរក្នុងកំឡុងដើមសតវត្សទី១ នៃគ.ស។
លោកបានបន្តថា បច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជា មានស្ត្រីជាច្រើនដែលកំពុងតែមានតួនាទីខំខាន់ក្នុងកិច្ចការដឹកនាំប្រទេសជាតិ ទាំងនៅក្នុងកំរិតថ្នាក់ជាតិនិងកំរិតក្រោមជាតិ។
លោក សោម អូន ក៏បានលើកឡើងផងដែរអំពីផលប៉ះពាល់ដែលនឹងអាចកើតមានឡើងក្នុងរយៈពេលខ្លីខាងមុខសម្រាប់វិស័យវាយណភណ្ឌកាត់ដេរ សំលៀកបំពាក់ស្បែកជើង និងការបូប ដោយមូលហេតុខ្វះវត្ថុធាតុដើម ពីព្រោះជម្ងឺ Coronavirus បានធ្វើអោយប្រទេសដែលនាំចូលវត្ថុធាតុដើមមកកម្ពុជាត្រូវបានផ្អាកដំណើរការផលិតជាបណ្តោះអាសន្ន។
លោកបានបន្ថែមថា នៅពេលខ្លីខាងមុខនេះ បើសិនជាមានផលប៉ះពាល់ដល់ការងាររបស់បងប្អូនកម្មករពិតមែន គឺទាំងអស់គ្នាត្រូវចូលរួមអនុវត្តប្រកាសលេខ ០១៤ របស់ក្រសួងការងារអោយមានប្រសិទ្ឋិភាពបំផុត។
លោក សោម អូន បានអំពាវនាវដល់បងប្អូនកម្មករទាំងអស់ចូលរួមអនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាលក្នុងការអនុវត្តវិធានការអនាម័យ ការពារនៃការឆ្លងជម្ងឺ Coronavirus និង ជឿជាក់លើវិធានការណ៍ទាំងឡាយរបស់រាជរដ្ឋាភិបាលកម្ពុជា៕