(ស្ទឹងត្រែង)៖ លោក ដួង ពៅ អភិបាលរងខេត្តស្ទឹងត្រែង បានស្នើរដល់មន្ទីរសុខាភិបាលខេត្ត ផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីបញ្ហាជំងឺ រលាក់ផ្លូវដង្ហើមប្រភេទថ្មី Covid-19 ឱ្យប្រជាពលរដ្ឋគ្រប់មូលដ្ឋានបានដឹង និងការពារខ្លួនឱ្យបានល្អជៀសវៀងឆ្លងរីករាល ព្រមទាំងត្រូវចូលរួមទប់ស្កាត់ទាំងអស់គ្នា។
ការជំរុញបែបនេះ របស់លោក ដួង ពៅ បានធ្វើឡើងនៅព្រឹកថ្ងៃទី០១២ ខែមីនា ឆ្នាំ២០២០នេះ ក្នុងឱកាសដែលលោកបានអញ្ជើញចូលរួម ក្នុងពិធីបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០១៩ និងលើកទិសដៅអនុវត្តឆ្នាំ២០២០ របស់មន្ទីរសុខាភិបាលខេត្ត ដោយមានការចូលរួម ពីសំណាក់លោកវេជ្ជបណ្ឌិត អ៊ុង សូវៀត ប្រធានមន្ទីរសុខាភិបាលខេត្ត និងមន្ដ្រីពាក់ព័ន្ធជាច្រើនរូបទៀត។
លោក ដួង ពៅ ក៏បានជំរុញឱ្យមន្ត្រីសុខាភិបាលត្រូវប្រឹងប្រែងបំពេញតួនារទីភារកិច្ចរបស់ខ្លួនឱ្យបានល្អ ព្រមទាំងត្រូវពង្រឹងក្រមសីលធម៌ វិជ្ជាជីវៈសុខាភិបាលរបស់ខ្លួន ក្នុងការបម្រើវិស័យសុខាភិបាល ពិសេសការផ្តល់សេវាសុខាភិបាល ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋកាន់តែទំនុកចិត្ត និងជឿជាក់លើប្រព័ន្ធសុខាភិបាលរបស់រដ្ឋ។ ទន្ទឹម នេះមន្ទីរសុខាភិបាល ត្រូវខិតខំពង្រឹងគុណភាពធនធានមនុស្ស ឱ្យបានខ្លាំងក្លាថែមទៀត។
លោក ដួង ពៅ បានបញ្ជក់ថា ដើម្បីឱ្យវិស័យសុខាភិបាលទទួលជោគជ័យ កាន់តែធំធេងថែមទៀត សុខាភិបាលត្រូវមានកិច្ចសហការ ឱ្យបានល្អ ជាមួយស្ថាប័នពាក់ព័ន្ធនិងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់។
លោកវេជ្ជបណ្ឌិត អ៊ុង សូវៀត បានឱ្យដឹងថា ក្នុងរយៈពេលកន្លងមកដោយមានការគាំទ្រ យ៉ាងពេញទំហឹងពីសំណាក់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ស្ថាប័ន មន្ទីរអង្គភាព និងអាជ្ញាធរមូលដ្ឋានធ្វើឱ្យមន្ត្រីសុខាភិបាលគ្រប់ជាន់ថ្នាក់។
លោកវេជ្ជបណ្ឌិត អ៊ុង សូវៀត បានបន្ថែមថា គោលដៅនៃការផ្តល់សេវាសុខាភិបាលដល់ប្រជាធ្វើយ៉ាងណាកត់បន្ថយការឈឺស្លាប់ បន្ថយបន្ទុកអ្នកជំងឺឆ្លង ជំងឺមិនឆ្លង និងបង្កាហានិភ័យ និងបន្ថយបន្ទុកចំណាយលើការថែទាំសុខភាពរបស់ប្រជាពលរដ្ឋដោយផ្តោតចម្បងលើការផ្តល់ សេវាបង្ការជំងឺ អប់រំលើកកម្ពស់សុខភាព ធ្វើរោគវិនិច្ឆ័យ ផ្តល់ការព្យាបាលថែទាំ ធ្វើឱ្យប្រជាពលរដ្ឋទទួលបានសេវាសុខភាព គ្រប់ជ្រុងជ្រោយ មានគុណភាព សុវត្តិភាព និងប្រសិទ្ធភាព៕