(ភ្នំពេញ)៖ លោកបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០នេះ បានបញ្ជាក់ឲ្យដឹងថា កប៉ាល់សរុប ១៦គ្រឿង ដែលផ្ទុកវត្ថុធាតុដើមសម្រាប់វិស័យកាត់ នឹងត្រូវបានដឹកចូលមកកម្ពុជា រហូតដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០។
ការបញ្ជាក់ឲ្យដឹងបែបនេះបានធ្វើឡើងក្នុងឱកាសដែល លោកបណ្ឌិត គុណ ញឹម អញ្ជើញចូលរួម ក្នុងបាឋកថា «ច្បាប់ស្ដីពីការប្រឆាំងអំពើពុករលូយ» ដែលរៀបចំ ដោយអង្គភាពប្រឆាំង អំពើពុករលួយ ជូនដល់ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅទីចាត់ការកណ្ដាល នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នាល្ងាចថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០នេះ។
លោកបណ្ឌិត គុណ ញឹម បានបញ្ជាក់ថា កប៉ាល់ដឹកកុងតឺន័រចំនួន ៧គ្រឿង បាននឹងកំពុងបន្ដដឹកចូលកម្ពុជា, ៥គ្រឿង មកតាមកំពង់ផែ ក្រុងព្រះសីហនុ និង២គ្រឿងទៀត ចូលតាមកំពង់ផែ ហូជីមិញ ប្រទេសវៀតណាម ដែលនឹងដឹកបន្ដតាមផ្លូវគោក មកផ្គត់ផ្គង់នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងបាវិត ក្នុងនោះកប៉ាល់ ៤គ្រឿងហើយបានដល់កំពង់ផែ និងចាត់ចែងបញ្ចូនទៅរោងចក្ររួចរាល់ហើយដែរ។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន លោកបណ្ឌិត គុណ ញឹម បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំចង់ជម្រាបពីស្ថានភាព នៃការស្ដារឡើងវិញ ការផ្គត់ផ្គង់វត្ថុធាតុដើម សម្រាប់វិស័យកាត់ដេរ...តាមសំណូមពរ ពីរាជរដ្ឋាភិបាល មានកប៉ាល់ដឹកកុងតឺន័រចំនួន ៧គ្រឿង, ៥គ្រឿង មកកំពង់ផែក្រុងព្រះសីហនុ និង ២គ្រឿង ចូលកំពង់ផែ ហូជីមិញ ដែលនឹងដឹកបន្ដតាមផ្លូវគោក មកផ្គត់ផ្គង់ នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងបាវិត»។
លោកបណ្ឌិត គុណ ញឹម បានបន្ថែមទៀតថា «យើងបានទទួលព័ត៌មានបន្ថែមទៀត កប៉ាល់ ៧គ្រឿង មកក្រុមទី១, ក្រុមទី២ មកកប៉ាល់ ៩គ្រឿងទៀត តាមកម្មវិធីថ្ងៃទី១១ ដល់ថ្ងៃទី១៩ ខែមីនា ដែលផ្ទុកវត្ថុធាតុដើម សម្រាប់វិស័យកាត់ដេរ ចំនួន៧៤៩កុងតឺន័រ...យប់មិញនេះ បានមកដល់ ១គ្រឿងហើយ។ យើងរំពឹងថា ក្រុមទី៣ និងក្រុមទី៤ នឹងមកបន្ដបន្ទាប់ទៀត»។
បន្ថែមពីនោះទៀត លោកបណ្ឌិត គុណ ញឹម ជឿជាក់ថា នឹងមានកប៉ាល់បន្ដបន្ទាប់ទៀត បន្ដចូលមកកម្ពុជា ដោយយោងទៅតាមស្ថានភាពកែលម្អល្អប្រសើរ របស់ប្រទេសចិន ខណៈដែលប្រទេសចិន ជាប្រទេសមួយ ផលិតវត្ថុធាតុដើម សម្រាប់ប្រទេសកម្ពុជា។
លោកបណ្ឌិត បានថ្លែងថា «ចំពោះទំនិញ ដែលនាំមកកម្ពុជា មុននឹងទំនិញចេញពីប្រទេសចិន គឺមានការត្រួតពិនិត្យ...យើងដឹងហើយថា អ្វីៗដែលចេញពីប្រទេសចិន រួមទាំងអ្នកដំណើរ ប្រទេសចិន ត្រួតពិនិត្យទាំងចេញ និងចូល»។
ជាមួយគ្នានោះ លោកបណ្ឌិត គុណ ញឹម បានឲ្យដឹងផងដែរថា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានណែនាំវិធានការពិសេសចំពោះមុខ គឺសម្រួលឲ្យបាន ជាអតិបរិមា ក្នុងបំពេញបែបបទ បញ្ចេញទំនិញពីគយ ដោយបានបង្កើតច្រកពិសេសមួយ (ច្រកបៃតង) ទំនិញមកដល់ភ្លាម គឺអាចយកចេញបានភ្លាម ហើយបើមានតម្រូវការចាំបាច់ ត្រូវតែថែមម៉ោងធ្វើការ ដើម្បីសម្រូលដល់ការបំពេញបែបបទ យកទំនិញនោះ យកទៅប្រើប្រាស់៕