(សៀមរាប)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដា្រចារ្យ ម៉ម ប៊ុនហេង បានថ្លែងបញ្ជាក់ថា បុរសជនជាតិខ្មែរអាយុ ៣៨ឆ្នាំ ដែលបានឆ្លងវីរុស COVID-19 ពីបុរសជនជាតិជប៉ុន និងបានកំពុងទទួលការព្យាបាលនៅបន្ទប់ដាច់ដោយឡែក នៅក្នុងមន្ទីរពេទ្យខេត្ដសៀមរាប គឺមានសុខភាពរឹងមាំធម្មតា។
ការថ្លែងបែបនេះរបស់លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង ក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខបុរសជនជាតិខ្មែរ ដែលបានឆ្លង COVID-19 កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យខេត្តសៀមរាប នារសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០នេះ ។
ក្នុងឱកាសនោះ លោករដ្ឋមន្ដ្រី បានចូលជួបសួរសុខទុក្ខផ្ទាល់ អំពីបញ្ហាសុខភាពរបស់ជនជាតិខ្មែរ ដែលបាននិងកំពុងស្នាក់នៅក្រោមការថែទាំយ៉ាងយកចិត្តទុកដាក់ ពីក្រុមគ្រូពេទ្យជំនាញ នៃមន្ទីរពេទ្យខេត្តសៀមរាប។
ខណៈនោះ បុរសជនជាតិខ្មែរឆ្លងវីរុស COVID-19 បានសម្ដែងនូវសេចក្តីរីករាយ និងបានឱ្យដឹងថា ស្ថានភាពសុខភាពរបស់គាត់ គឺមានភាពធម្មតា មិនមានភាពប្រែប្រួល ឬមានរោគសញ្ញាអ្វីទាំងអស់ និងបានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ដល់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ដែលបានយកចិត្តទុកដាក់ក្នុងការមើលថែគាត់ និងអ្នកដែលមានហានិភ័យ ចំពោះការឆ្លងមេរោគនេះ។
ទន្ទឹមនឹងនោះ រដ្ឋមន្រ្តី ម៉ម ប៊ុនហេង បានណែនាំផ្តាំផ្ញើដល់អ្នកឆ្លងវីរុសកូវីដ-១៩នេះ ឲ្យសហការណ៍ជាមួយគ្រូពេទ្យថែទាំ និងទទួលទានអាហារ ហាត់ប្រាណឲ្យបានទៀងទាត់ និងកុំឲ្យមានការព្រួយបារម្ភអ្វីទាំងអស់ ក្រុមគ្រូពេទ្យនឹងបន្ដព្យាបាលរហូតឱ្យជាសះស្បើយត្រលប់ទៅផ្ទះវិញ។
ជាមួយគ្នាដែរ រដ្ឋមន្រ្តីក្រសួងសុខាភិបាល ក៏បានណែនាំ និងថ្លែងនូវការកោតសរសើរដល់មន្រ្តីសុខាភិបាល ដែលបានខិតខំប្រឹងប្រែងប្រតិបត្តិការងារយ៉ាងយកចិត្តទុកដាក់ ក្នុងការមើលថែរទាំអ្នកជំងឺ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃរបស់សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាល។
លើសពីនោះ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង សង្ឃឹមយ៉ាងមុតមាំ ថាបុរសជនជាតិខ្មែរដែលមានផ្ទុកមេរោគ COVID-19 នឹងបានជាសះស្បើយ ពីជំងឺនេះ ក្រោមការមើលថែរព្យាបាលនៃលោកគ្រូ-អ្នកគ្រូពេទ្យ ក្នុងមន្ទីរពេទ្យខេត្តសៀមរាបនេះ។
សូមជម្រាបថា បុរសជនជាតិខ្មែរ ដែលបានឆ្លងវីរុស COVID-19 ពីបុរសជនជាតិជប៉ុននេះ ត្រូវបានកម្ពុជារកឃើញករណីវិជ្ជមាន កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០ កន្លងទៅកាលពីថ្មីៗនេះ៕