(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានគណៈកម្មការដឹកនាំ សមយុទ្ធនាគមាសឆ្នាំ២០២០ រវាងកងទ័ពកម្ពុជា-ចិន បានបញ្ជាក់ថា កងទ័ពរំដោះប្រជាជនចិន ដែលនឹងចូលរួមធ្វើសមយុទ្ធនាគមាស ឆ្នាំ២០២០ ជាមួយកងយោធពលខេមរភូមិន្ទ គឺជាកងទ័ពទ័ពដែលស្ថិតនៅក្រៅតំបន់ផ្ទុះវីរុសកូរ៉ូណា ឬ Covid-19 ហើយត្រូវបានពិនិត្យសុខភាព យ៉ាងម៉ត់ចត់បំផុតពីសំណាក់ភាគីកម្ពុជា-ចិន។
ការបញ្ជាក់បែបនេះ របស់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានធ្វើឡើងនៅក្នុងឱកាសធ្វើសន្និសីទសារព័ត៌មាន មុនបើកសមយុទ្ធនាគមាស រវាងកងទ័ពទាំងពីរ នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០នេះ នៅអគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ។ ដែលសមយុទ្ធនេះធ្វើឡើងក្រោមប្រធានបទ «រួមគ្នា ប្រឆាំងភេរវកម្ម និងការងារមនុស្សធម៌» នៅទីលានបាញ់គ្រាប់ពិត តេជោសែនជុំគីរី របស់កងពលតូចថ្មើរ ជើងលេខ៧០ ស្ថិតក្នុងភូមិអូរ ឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពត។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ចំពោះបញ្ហានេះ យើងមានការប្រុងប្រយ័ត្នណាស់ យើងមិនមែនធ្វើប្រហែសទេ ជាពិសេស គឺប្រមុខរាជរដ្ឋាភិបាលរបស់យើង ប្រមុខការពារជាតិរបស់យើង ហើយបញ្ហានេះ យើងបានកត់សម្គាល់ឃើញថា និងមានវិធានការណ៍រួចហើយ ជាក់ស្តែង ទ័ពដែលមករួមសមយុទ្ធជាមួយយើង គឺទ័ពដែលគាត់ឋិតនៅក្នុងតំបន់មិនមានផ្ទុះចេញវីរុស កូរ៉ូណា ឬ Covid-19 ទេ ជាក់ស្តែងកងទ័ពទាំងអស់ គឺឋិតនៅក្នុងតំបន់មួយនៅក្បែរ ព្រំដែនប្រទេសឡាវ»។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបន្តថា ដូច្នេះសម្រាប់កងទ័ពរំដោះប្រជាជនចិន ដែលនឹងមកចូលរួមធ្វើសមយុទ្ធនាគមាស ឆ្នាំ២០២០ ជាមួយភាគីកម្ពុជា ត្រូវបានត្រួតពិនិត្យ និងតាមយ៉ាងយកចិត្តទុកដាក់បំផុតពីសំណាក់ថ្នាក់ដឹកនាំចិន និងថ្នាក់ដឹកនាំកម្ពុជា។ មិនតែប៉ុណ្ណោះ សម្រាប់សុខភាពវិញ គឺកងទ័ពចិន បានយកចិត្តទុកដាក់ពីសុខភាពផ្ទាល់ខ្លួន របស់ខ្លាំងណាស់ផងដែរ។
បន្ថែមពីនេះ នាយឧត្តមសេនីយ៍ បានឱ្យដឹងថា កងទ័ពរំដោះប្រជាជនចិន ដែលនឹងមកធ្វើសមយុទ្ធនេះ គឺសុទ្ធតែមានបណ្ណត្រួតពិនិត្យសុខភាព ពីសំណាក់ក្រសួងសុខាភិបាលរបស់ប្រទេសចិន យ៉ាងច្បាស់លាស់អំពីជំងឺ Covid-19 ជាដើម។ ជាមួយគ្នានេះដែរ សម្រាប់កងទ័ពចិន ដែលមកធ្វើសមយុទ្ធនាគមាស លើកទី៤នេះ ប្រើប្រាស់យន្តហោះយោធា ដែលមានការត្រួតពិនិត្យយ៉ាងម៉ត់ចត់ ដែលខុសការពីសមយទ្ធលើកមុនៗ គឺកងទ័ពទាំងអស់ធ្វើដំណើរដោយយន្តហោះស៊ីវិលតែប៉ុណ្ណោះ ត្រង់ចំណុចនេះ បានបញ្ជាក់យ៉ាងច្បាស់ថាភាគីចិន បានយកចិត្តទុកដាក់យ៉ាងខ្លាំង អំពីបញ្ហាសុខភាពរវាងកងទ័ពចិន និងកងទ័ពកម្ពុជា នាឱកាសសមយុទ្ធនាគមាស ឆ្នាំ២០២០នេះ។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានបង្ហាញពីជំនឿចិត្តយ៉ាងមុតមាំថា ការធ្វើសមយុទ្ធនាគមាស ឆ្នាំ២០២០ រវាងកងទ័ពកម្ពុជា និងកងទ័ពចិន នឹងមិនមានបញ្ហាអ្វីកើតឡើងតាមរយៈការធ្វើកិច្ចសហប្រតិបត្តិការធ្វើសមយុទ្ធចំពោះកងទ័ពទាំងពីរនោះទេ។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានឱ្យដឹងទៀតថា សមយុទ្ធនាគមាស ឆ្នាំ២០២០ រវាងកម្ពុជា-ចិន នឹងធ្វើពិធីបើកសមយុទ្ធ នៅថ្ងៃទី១៥ ខែមីនា និងធ្វើពិធីបិទនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ ខាងមុខនេះ។ សមយុទ្ធលើកទី៤នេះដែរ កងទ័ពរំដោះប្រជាជនចិន នឹងបញ្ជូនកងទ័ពចូលរួមមានចំនួន ២៥៦នាក់ ដោយឡែកកងយោធពលខេមរភូមិន្ទ បញ្ជូនកម្លាំង ចូលរួមចំនួន ២,៧៤៦នាក់ ក្នុងនោះមានកម្លាំងចូលរួមធ្វើសមយុទ្ធ ដោយផ្ទាល់មានចំនួន ៤៦៣នាក់ ហើយក្រៅពីនោះសុទ្ធតែកម្លាំងសម្រាប់ពិធីបើក និងបិទសមយុទ្ធ។
ចំពោះគ្រឿងបំពាក់សម្រាប់ធ្វើសមយុទ្ធនាគមាស ឆ្នាំ២០២០នេះ គឺភាគីកងយោធពលខេមរភូមិន្ទ ប្រើប្រាស់ឧត្ថម្ភាកចក្រ ចំនួន៤គ្រឿង រថក្រោះ T55 ចំនួន១០គ្រឿង រថពាសដែក DMT1 ចំនួន១២គ្រឿង និងកាំភ្លើងធំ ១២២ D30 ៦គ្រឿង ព្រមទាំងកាំភ្លើងត្បាល់ចំនួន ១២ដើម រួមជាមួយនឹងកាំភ្លើងស្វយប្រវត្តិជាច្រើនដើមទៀត ឧបករណ៍សម្រាប់ស៊ើបការណ៍, ឧបករណ៍សម្រាប់ដោះមីន, ឧបករណ៍សម្រាប់រំដោះចំណាត់ខ្មាំង និងឧបករណ៍សម្រាប់បន្សាបសារធាតុគីមីជាដើម។ល។
ដោយឡែកភាគកងទ័ពរំដោះប្រជាជនចិន នឹងប្រើប្រាស់ឧត្ថម្ភាកចក្រ ចំនួន ៦គ្រឿង, កាំភ្លើងធំ ១២២ D30 ចល័ត ចំនួន ៣ដើម, រថពាសដែក ចំនួន ៩គ្រឿង ព្រមទាំងគ្រឿងយន្តដទៃទៀត សម្រាប់បម្រើដល់ការងារសមយុទ្ធនាគមាស ឆ្នាំ២០២០នេះ ចំនួន២៨គ្រឿង និងឧបករណ៍ជាច្រើនទៀតផងដែរ។
នេះជាលើកទី៤ ហើយ ដែលកងទ័ពកម្ពុជា-ចិន ធ្វើលំហាត់នាគមាសរួមគ្នា នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយលើកទី១ ធ្វើឡើងនៅឆ្នាំ២០១៦ និងលើកទី២ នៅឆ្នាំ២០១៨ លើកទី៣ នៅឆ្នាំ២០១៩។ ចំណែកលទ្ធភាពនៃការធ្វើសមយុទ្ធក៏កាន់តែធំឡើងពីមួយឆ្នាំទៅមួយឆ្នាំ៕