(ភ្នំពេញ)៖ បន្ទាប់ពីបានធ្វើតេស្តសុខភាព ដោយវិទ្យាស្ថានប៉ាស្ទ័រ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០នេះ លទ្ធផលបង្ហាញថា ប្រជាពលរដ្ឋ២នាក់ម្តាយ និងកូន ដែលមានអាការៈផ្តាសាយក្អក រស់នៅស្រុកបាភ្នំ ខេត្តព្រៃវែងនោះ មិនមានមេរោគកូវីដ១៩ នោះទេ។ នេះបើតាមការបញ្ជាក់របស់ លោកស្រី ឱ វណ្ឌឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល ដល់បណ្តញព័ត៌មាន Fresh News។
លោកស្រីបានបញ្ជាក់ដូច្នេះថា៖ «ករណីអ្នកជំងឺសង្ស័យបញ្ជូនពីស្រុកបាភ្នំមកសម្រាកនៅមន្ទីរពេទ្យខេត្តព្រៃវែង ដែលបានដាក់ឲ្យសម្រាកដាច់ដោយឡែក និងបានយកសំណាកទាំង២នាក់ម្តាយនិងកូន ទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រភ្នំពេញ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០។ នាពេលរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០នេះ លទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័របានបញ្ជាក់ថា អ្នកជំងឺទាំងពីរនាក់ម្តាយនិងកូន មិនមានវត្តមាន COVID-19 ទេ គឺគាត់មិនមានជំងឺ COVID-19 ទេ»។
សូមបញ្ជាក់ថា នាថ្មីៗនេះ ប្រជាពលរដ្ឋ២នាក់ម្តាយកូន ដែលធ្លាប់មានទំនាក់ទំនងការងារជាមួយជនជាតិចិន បានទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រៃវែង ដោយសង្ស័យថា ខ្លួនមានមេរោគកូវីដ១៩ ដោយសារតែមានអាការៈក្តៅខ្លួន និងផ្តាសាយ។
សូមបញ្ជាក់ថា រហូតដល់ពេលនេះ កម្ពុជាបានរកឃើញកូវីដ១៩ ចំនួន៥ករណីហើយ ដោយក្នុងនោះមាន៖
ទី១៖ បុរសជនជាតិចិន មកពីទីក្រុងវូហាន (ជាសះស្បើយ)
ទី២៖ បុរសជនជាតិខ្មែរ វ័យ៣៨ឆ្នាំ នៅខេត្តសៀមរាប
ទី៣៖ ស្រ្តីជនជាតិអង់គ្លេស វ័យ៦៥ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
ទី៤៖ បុរសជនជាតិអង់គ្លេស វ័យ៧៣ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
ទី៥៖ ស្រីជនជាតិអង់គ្លេស វ័យ៦៩ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម