(ភ្នំពេញ)៖ ជាការពិតចំនួនរាជធានី-ខេត្ត នៅក្នុងប្រទេសកម្ពុជា ប្រជាពលរដ្ឋបានដឹងច្បាស់គ្រប់គ្នាទៅហើយថា មានចំនួន ២៥រាជធានី-ខេត្ត ប៉ុន្ដែអ្វីដែលប្រជាពលរដ្ឋនៅមិនទាន់ដឹងច្បាស់នោះ គឺចំនួនក្រុង-ស្រុក-ខណ្ឌ, ឃុំ-សង្កាត់ និងភូមិ តើមានចំនួនប៉ុន្មាន?
នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០នេះ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីវឌ្ឍនភាព និងទិសដៅបន្ដ របស់ក្រសួងមហាផ្ទៃ បានបង្ហាញនូវតួលេខទាំងអស់នេះ ដើម្បីជាអត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋ ពិសេសសិស្សានុសិស្ស ព្រោះនេះជាចំណេះដឹងទូទៅដែលទាមទារឲ្យពលរដ្ឋដឹងឲ្យច្បាស់។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានឲ្យដឹងយ៉ាងដូច្នេះថា បច្ចុប្បន្នកម្ពុជាមានរាជធានី-ខេត្ត ចំនួន២៥, ក្រុងចំនួន២៧, ស្រុកចំនួន១៦២, ខណ្ឌចំនួន១៤, ឃុំចំនួន១,៤០៥, សង្កាត់ចំនួន២៤១ និងភូមិចំនួន១៤,៣៩៤។
នាយឧត្តមសេនីយ៍ បានបញ្ជាក់ទៀតថា កម្ពុជាបច្ចុប្បន្នមានច្រកទ្វារសរុប ចំនួន៨២ ក្នុងនោះមាន ច្រកទ្វារអាកាសយាន្ដដ្ឋានអន្ដរជាតិ ចំនួន០៣, ច្រកទ្វារព្រំដែនអន្ដរជាតិ ចំនួន២៦, ច្រកទ្វារកំពង់ផែអន្ដរជាតិ ចំនួន០៣, ច្រកទ្វារព្រំដែនទ្វេភាគី ចំនួន១៤, ច្រកទ្វារតំបន់ព្រំដែន ចំនួន២៦ និងច្រកទ្វារកំពង់ផែសមុទ្រ ចំនួន១០។
ដោយឡែក សម្រាប់រចនាសម្ព័ន្ធក្រសួងមហាផ្ទៃវិញ មានរដ្ឋមន្ដ្រីម្នាក់ គឺសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី, រដ្ឋលេខាធិការ ចំនួន២៤រូប, អនុរដ្ឋលេខាធិការ ចំនួន៤១រូប, អគ្គនាយកដ្ឋាន និងអង្គភាពស្មើអគ្គនាយកដ្ឋាន ចំនួន១១អង្គភាព, នាយកដ្ឋានសរុប ចំនួន១១២នាយកដ្ឋាន, ការិយាល័យសរុប ចំនួន៥៧៧ការិយាល័យ។
ក្នុងឆ្នាំ២០១៩ ក្របខ័ណ្ឌមន្ដ្រីរាជការស៉ីវិល នគរបាលជាតិ និងមន្ដ្រីពន្ធនាគារសរុបចំនួន ៧១,៧២៣រូប។ ចំពោះគណៈអភិបាល និងក្រុមប្រឹក្សា នៅរដ្ឋបាលថ្នាក់ក្រោមជាតិ សរុប១៦,៧៩៩រូប ស្រី៤៥០រូប៕