(ភ្នំពេញ)៖ លោក ប៉ុល ពីឌូ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានថ្លែងថា នៅក្នុងបរិយាកាស នៃសកលភាវូបនីយកម្ម ការប្រកួតប្រជែងក៏ដូចជាការឆ្លើយតប នឹងវិបត្តិនិងបញ្ហាប្រឈម ជាអន្តរជាតិនានា គឺតម្រូវឲ្យមានការលើកកម្ពស់ប្រសិទ្ធភាពការងារ និងបង្កើនសមត្ថភាពរដ្ឋបាលសាធារណៈឲ្យកាន់តែមានសមត្ថភាព និងគុណភាពគ្រប់គ្រាន់ ជាមួយគ្នានោះការពង្រឹងវិស័យ កែលម្អសមត្ថភាពរដ្ឋបាលសាធារណៈ ដែលសំដៅប្រែក្លាយធនធានមនុស្ស ក្នុងវិស័យសាធារណៈឲ្យកាន់តែមានសមត្ថភាព មានវិជ្ជាជីវៈច្បាស់លាស់ និងមានប្រសិទ្ធភាពក្នុងការបំពេញការងារ គឺជាកិច្ចការគន្លឹះ និងមានសារសំខាន់បំផុតដែលត្រូវយកចិត្តទុកដាក់ខ្ពស់។
លោក ប៉ុល ពីឌូ បានលើកឡើងយ៉ាងដូចនេះនាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០នេះ ក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នារវាងសាលាជាតិ រដ្ឋបាលមូលដ្ឋាន និងសាលាភូមិន្ទរដ្ឋបាលដែលបានរៀបចំឡើងនៅសាលាភូមិន្ទរដ្ឋបាល ដោយមានការចូលរួមពីលោក កុល វីរក្ស រដ្ឋលេខាធិការក្រសួងមហាផ្ទៃ, លោកស្រី ឈី វិជ្ជារ៉ា អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ រួមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
លោក ប៉ុល ពីឌូ បានបញ្ជាក់ទៀតថា ពិធីចុះអនុស្សារណៈនៃការយោគយល់គ្នានេះ គឺដើម្បីបង្កើតកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់ការគាំទ្រពីគ្នាទៅវិញទៅមក រវាងភាគីទាំងពីរពាក់ព័ន្ធ នឹងការសិក្សាអប់រំបណ្ដុះបណ្ដាលស្រាវជ្រាវ ព្រមទាំងកម្មវិធីពាក់ព័ន្ធផ្សេងៗផ្សេងទៀត។ ក្នុងស្មារតីនៃការកែទម្រង់រាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា ក្នុងយុទ្ធសាស្ត្រចតុកោណ និងបានដាក់ចេញនូវចក្ខុវិស័យច្បាស់លាស់ គឺការកសាងរដ្ឋបាលសាធារណៈឲ្យកាន់តែមានភាពឆ្លើយតប មានប្រសិទ្ធភាព ប្រសិទ្ធផល និងជំនឿទុកចិត្ត ព្រមទាំងលើកកម្ពស់វប្បធម៌សេវាសាធារណៈ ឆន្ទៈម្ចាស់ការ ភក្តីភាព មនសិកាវិជ្ជាជីវៈរបស់មន្ត្រីរាជការ ដើម្បីប្រែក្លាយរដ្ឋបាលសាធារណៈ ឲ្យទៅជាអ្នកផ្ដល់សេវាសាធារណៈដ៏មានប្រសិទ្ធភាព ក្នុងគោលដៅរួមគឺបម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរផងដែរ។
លោក ប៉ុល ពីឌូ បានបញ្ជាក់ទៀតថា ក្នុងស្មារតីនេះកន្លងមកសាលាភូមិន្ទរដ្ឋបាល ក្នុងបេសកកម្មចម្បងរបស់ខ្លួនបានធ្វើការពង្រឹង និងពង្រីកជាប្រចាំលើប្រសិទ្ធភាព និងគុណភាពនៃកម្មវិធីបណ្ដុះបណ្ដាល តាមរយៈការបន្តធ្វើកំណែទម្រង់ស៊ីជម្រៅលើការងារដឹកនាំ ការងារគ្រប់គ្រង ការងារបណ្ដុះបណ្ដាល និងការជ្រើសរើស សិស្សមន្ត្រីជាន់ខ្ពស់ សិស្សមន្ត្រីក្រមការ កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ និងមន្ត្រីមធ្យម។
សាលាភូមិន្ទរដ្ឋបាលក៏បានផ្ដោតទៅលើការកែទម្រង់រចនាសម្ព័ន្ធ និងដំណើរការងារព្រមទាំងធ្វើទំនើបកម្ម កម្មវិធីសិក្សា ការកែទម្រង់លើការជ្រើសរើសបេក្ខជនជា កម្មសិក្សាការី ឲ្យចូលរៀនតាមរយៈការចុះឈ្មោះចូលរៀនតាមប្រព័ន្ធអនឡាញ និងការប្រឡងត្រួតពិនិត្យសមត្ថភាព ដែលប្រើប្រាស់ប្រព័ន្ធកុំព្យូទ័រព្រមទាំងការកែទម្រង់ ការគ្រប់គ្រងដំណើរការនៃការបណ្ដុះបណ្ដាល តាមរយៈការបញ្ជ្រាបកម្មវិធីចុះការងារសង្គម ដើម្បីស្វែងយល់ពីគុណតម្លៃសាធារណៈនៅតាមមូលដ្ឋានជាច្រើនផងដែរ ដោយក្នុងនោះសិស្សមន្ត្រី និងកម្មសិក្សាការីជាច្រើននាក់ បានទទួលការបណ្តុះបណ្តាល និងចែករំលែកចំណោះដឹង ជាមួយនឹងភាពជឿជាក់ក្នុងស្មារតីម្ចាស់ការផងដែរ។
រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ រូបនេះបានបន្ថែមថា ឈរលើអភិក្រមការងារដើម្បីវិន័យ គុណភាព និងគុណធម៍ សាលាភូមិន្ទរដ្ឋបាល ដែលជាគ្រឹះស្ថាន បណ្ដុះបណ្ដាលសាធារណៈ ឈានមុខគេមួយរបស់រាជរដ្ឋាភិបាល តែងតែខិតខំអភិវឌ្ឍខ្លួនជាលំដាប់ ដោយភាពសកម្មបុរេកម្ម និងភាពជាម្ចាស់ចំពោះការងារប្រកប ដោយវិជ្ជាជីវៈខ្ពស់ផងដែរ៕