(ស្វាយរៀង)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងថា រាជរដ្ឋាភិបាលបានសម្រេចបង្កើន មូលនិធិឃុំសង្កាត់ ដែលនៅក្នុងឆ្នាំ២០២០នេះ រដ្ឋបាលឃុំសង្កាត់នីមួយៗ នឹងទទួលបានថវិកាចំនួនទ្វេដងបៀបធៀបនឹងឆ្នាំ២០១៩ ហើយថវិកានេះនឹងមានការកើនឡើងជារៀងរាល់ឆ្នាំ រហូតដល់ឆ្នាំ២០២៣។
ការថ្លែងរបស់លោកស្រី ម៉ែន សំអន បែបនេះ នៅក្នុងបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលខេត្តស្វាយរៀងនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ ដែលមានការចូលរួមពីមន្ត្រីដែលពាក់ព័ន្ធប្រមាណ ៥០០នាក់។
លោកស្រីបានបន្តថា រដ្ឋបាលខេត្តក្រុងស្រុក ក៏ត្រូវពង្រឹងតួនាទីក្នុងការតាមដានត្រួតពិនិត្យ និងការគាំទ្រដល់រដ្ឋបាលឃុំសង្កាត់ នៅក្នុងការអនុវត្តគម្រោងអភិវឌ្ឍន៍នានា ដោយពិនិត្យ និងបង្កើនចំនួនមន្ត្រី និងការពង្រឹងសមត្ថភាពដើម្បីជួយគាំទ្រឃុំសង្កាត់ ក្នុងការបំពេញការងារឲ្យបានត្រឹមត្រូវ ស្របទៅតាមគោលការណ៍បែបបទ និងនីតិវិធីកំណត់ជាធរមាន។
លោកស្រីបានបញ្ជាក់ថា អង្គសន្និបាតបានវាយតម្លៃអំពីសមិទ្ធផលនានាដែលរដ្ឋបាលខេត្ត និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសម្រេចបាន ក្នុងឆ្នាំ២០១៩ កន្លងទៅ បញ្ហាប្រឈមដែលសេសសល់ កាលានុវត្តភាព ដើម្បីលើកទិសដៅការងារ សម្រាប់ឆ្នាំ២០២០ដែលជាឆ្នាំទី២ នៃការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលកម្ពុជា។
លោកស្រីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកលោកស្រី ដែលជាថ្នាក់ដឹកនាំនៃរដ្ឋបាលគ្រប់ថ្នាក់ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន មន្រ្តីរាជការ កងកម្លាំងមានសមត្ថកិច្ចទាំងអស់ ដែលបានរួមគ្នាបំពេញតួនាទី ភារកិច្ច ប្រកបដោយការទទួលខុសត្រូវ សម្រេចបានសមិទ្ធផល លើគ្រប់វិស័យ ថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ លើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម សំដៅលើកកម្ពស់ជីវភាពរស់នៅ និងបន្តកាត់ បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
លោកស្រីបានថ្លែងណែនាំកិច្ចការសំខាន់ៗ ដែលត្រូវរួមគ្នាខិតខំសម្រេចឱ្យបាននៅក្នុងឆ្នាំ២០២០ ត្រូវពង្រឹងសន្តិភាព និងស្ថិរភាពនយោបាយរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់នូវគុណតម្លៃខ្ពស់បំផុត ចំពោះការថែរក្សាសុខសន្តិភាព ស្ថិរភាព នយោបាយ ការពង្រឹង និងពង្រីកដំណើរការលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការលើកស្ទួយសិទ្ធិ សេរីភាពគ្រប់បែបយ៉ាងរបស់ប្រជាពលរដ្ឋ ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន ដែលជាមូលដ្ឋាន នៃការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព និងភាពសុខដុមរមនាក្នុងសង្គម។
ជំរុញបំផុសចលនាប្រជាជន ចូលរួមក្នុងការអនុវត្តគោលនយោបាយ «ភូមិឃុំមានសុវត្ថិភាព» ឲ្យបានជាប់ជាប្រចាំនៅគ្រប់មូលដ្ឋាន ដើម្បីបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសនានា នៅតាមមូលដ្ឋានរបស់ខ្លួន ដូចជា សកម្មភាពលួច ឆក់ ប្លន់ បទល្មើសគ្រឿងញៀនខុសច្បាប់ ល្បែង ស៊ីសងខុសច្បាប់ ការជួញដូរមនុស្ស និងសកម្មភាពក្មេងទំនើងជាដើម។
លោកស្រីបន្តថា អំពីការអភិវឌ្ឍទីក្រុងស្របនឹងការរីកចម្រើនរបស់ប្រទេសជាតិទីក្រុង ទីប្រជុំជននានាកំពុងមានសន្ទុះរីកចម្រើនយ៉ាងឆាប់រហ័ស។ ទន្ទឹមការកើនឡើង នៃទំហំទីក្រុង ទីប្រជុំជនក្នុងខេត្តស្វាយរៀង ក៏លេចឡើងនូវបញ្ហាប្រឈមនានា ជាច្រើន ដូចជាបញ្ហាគ្រប់គ្រងគុណភាពសំណង់ សំរាម កាកសំណង់រឹងរាវ និងបញ្ហាសណ្តាប់ធ្នាប់ អនាម័យ សោភណ្ឌភាព ដែលចាំបាច់ត្រូវគិតគូរអំពីវិធានការ និងដំណោះស្រាយ លើបញ្ហាប្រឈមទាំងនោះឲ្យបានសមស្រប និងទាន់ពេលវេលា។
ក្នុងនោះការរៀបចំប្លង់គោលអភិវឌ្ឍន៍ទីក្រុង ទីប្រជុំជនគឺជាបញ្ហាជា អាទិភាព ដើម្បីតម្រង់ទិសការអភិវឌ្ឍទីក្រុង ទីប្រជុំជនប្រកបដោយនិរន្តរភាព។ លោកស្រី ម៉ែន សំអន បានបន្តថា ការផ្តល់សេវាសាធារណៈ និងការដោះស្រាយបញ្ហាប្រឈម នៅមូលដ្ឋានត្រូវបន្តជំរុញ និងលើកកម្ពស់ការផ្តល់សេវាសាធារណៈនានាជូនប្រជាពលរដ្ឋប្រកបដោយ ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ដើម្បីឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋ ដែលកាន់តែមានការកើនឡើង ក្នុងពេលដែលប្រទេសជាតិយើងកំពុងមានការអភិវឌ្ឍរីកចម្រើន យ៉ាងឆាប់រហ័ស។
ចំពោះការផ្តល់សេវារដ្ឋបាលតាមអង្គភាពច្រកចេញចូលតែមួយ នៅថ្នាក់រាជធានី ខេត្ត និងក្រុង ស្រុក ខណ្ឌ រាជរដ្ឋាភិបាលបានប្រតិភូកម្មការផ្តល់សេវារដ្ឋបាលឲ្យទៅរដ្ឋបាលរាជធានីខេត្តជិត ៦០០ ប្រភេទសេវា ក្នុងវិស័យចំនួន១២ និងរដ្ឋបាលក្រុងស្រុកខណ្ឌប្រមាណ ២០០ប្រភេទសេវា ពីក្រសួង ស្ថាប័នចំនួន១០។ ហេតុនេះ រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបន្តលើកកម្ពស់ស្មារតីទទួលខុសត្រូវ និងគណនេយ្យភាពក្នុងការគ្រប់គ្រង ចាត់ចែង និងផ្តល់សេវានានានៅតាមអង្គភាពច្រកចេញចូលតែមួយ និងបន្តរៀបចំយន្តការច្រកចេញចូលតែមួយនៅថ្នាក់រដ្ឋបាលដែលមិនទាន់បានបង្កើត ដើម្បីធានាឲ្យ ប្រជាពលរដ្ឋទទួលបានសេវារដ្ឋបាលកាន់តែងាយស្រួល កាន់តែឆាប់រហ័ស មានតម្លាភាព និងគណ- នេយ្យភាព។
លោកស្រី ម៉ែន សំអន បានថ្លែងអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមថែរក្សាសុខភាព ដោយរស់នៅដោយអនាម័យលាងដៃសម្អាត និងសាប៊ូចៀសឆ្ងាយពីជំងឺផ្សេងៗ ជាពិសេសជំងឺថ្មី Covid19 ដែលកំពុងរាតត្បាតជាង១០០ប្រទេសនៅលើសកលលោក។ ដោយតបតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឲ្យបងប្អូនប្រជាពលរដ្ឋយើងប្រើប្រាស់ ក្រមាខ្មែរថែរក្សាសុខភាព៕