(បាត់ដំបង)៖ ពិធីបុណ្យទន្លេលើកទី៦ នឹងប្រារព្ធនៅថ្ងៃចុងសប្តាហ៍នេះហើយលើទឹកដីខេត្តបាត់ដំបង ភាគពាយព្យនៃប្រទេសកម្ពុជា។ ពិធីបុណ្យទន្លេឆ្នាំនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញចូលរួមផងដែរ។
ពិធីបុណ្យទន្លេនៅក្នុងខេត្តបាត់ដំបងនេះ ក៏មិនខុសពីបណ្តាឆ្នាំកន្លងទៅនោះដែរ មានព្រឹត្តិការណ៍ជាច្រើននឹងត្រូវរៀបចំឡើង ដើម្បីផ្តល់ការកម្សាន្តដល់អ្នកចូលរួម។ ព្រឹត្តិការណ៍ដែលញ៉ាំងឱ្យពិធិបុណ្យទន្លេក្នុងខេត្តបាត់ដំបងកាន់តែអធិកអធមនេះ មានការប្រគំតន្ត្រី ព្រឹត្តិការណ៍កីឡា ស្តង់អាហារ និងស្តង់លក់ផលិតផលផ្សេងៗសរុបជាង៤០០ស្តង់។
គ្រាដែលការប្រារព្ធកាន់ខិតជិតមកដល់ក្រសួងទេសចរណ៍ អាជ្ញាធរពាក់ព័ន្ធ និងអាជ្ញាធរខេត្ត កំពុងតែសស្រាក់សស្រាំក្នុងការរៀបចំតុបតែងលំអរសោភណភាពនៅក្នុងក្រុង។ តាមសួនច្បារត្រូវបានតាំងលំអរដោយភ្លើងពណ៌ចម្រុះជាហេតុញ៉ាំងឱ្យសោភណភាពពេលរាត្រីកាន់តែស្រស់ស្អាត និងទាក់ទាញដួងនេត្រារបស់អ្នកលេងកម្សាន្តកាន់តែខ្លាំងថែមទៀត។
លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានឱ្យដឹងថា ការរៀបចំតុបតែងលំអរ និងបានត្រៀមលក្ខណៈសម្បត្តិនានារួចហើយ ដើម្បីស្វាគមន៍ពិធិបុណ្យទន្លេនេះ។ លោកអភិបាលខេត្ត បានបង្ហាញការរំពឹងថា ពិធិបុណ្យទន្លេនឹងបង្កើនសក្តានុពលបន្ថែមទៀត សម្រាប់វិស័យទេសចរណ៍ក្នុងខេត្តបាត់ដំបង ដែលជាខេត្តចំណាស់មួយ និងជាជង្រុកវប្បធម៌ដ៏យូរលង់ផងដែរនោះ។
លោកអភិបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋទីជិតឆ្ងាយចូលរួមលេងកម្សាន្តពិធីបុណ្យនៅចុងសប្តាហ៍នេះ ឱ្យបានកុះករ។ ក្នុងឱកាសនេះ លោកអភិបាលខេត្ត ក៏បានអះអាងផងដែរថា តម្លៃម្ហូបអាហារ និងតម្លៃបន្ទប់សណ្ឋាគារ និងផ្ទះសំណាក់រក្សាក្នុងតម្លៃសមរម្យមិនមានការដំឡើងឱ្យថ្លៃហួសហេតុនោះឡើយ។
លោក ងួន រតនៈ រំពឹងថា ពិធីបុណ្យទន្លេលើកទី៦នេះ នឹងទទួលបានអ្នកចូលរួមរាប់ពាន់នាក់៕