(ភ្នំពេញ)៖ លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ បានជួបសំណេះសំណាលមន្រ្តី បុគ្គលិក និងប្រកាសបើកគម្រោងប្រតិបត្តិការស្រាវជ្រាវព័ត៌មាន និងបោសសម្អាតសំណល់គ្រាប់បែកចង្កោម ដែលកម្លាំងប្រតិបត្តិការនេះ បានមករំលឹកបទដ្ឋានប្រតិបត្តិការ និងការប្រើប្រាស់សម្ភារប្រតិបត្តិការ នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពមីន ខេត្តកំពង់ឆ្នាំង។
ការបើកប្រតិបត្តិការនេះធ្វើឡើងបន្ទាប់ពី ស៊ីម៉ាក់បានចុះហត្ថលេខាជាមួយអង្គការ NPA លើគម្រោងស្រាវជ្រាវព័ត៌មាន និងបោសសម្អាតសំណល់គ្រាប់បែកចង្កោម ហើយគម្រោងនេះ មានរយៈពេល១២ខែ (ថ្ងៃទី១ ខែមីនា ២០២០ ដល់២៨ ខែកុម្ភៈ ឆ្នាំ២០២១) គាំទ្រថវិកាដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក និងមានថវិកាគាំទ្រគម្រោងចំនួន១,៦០០,០០០ដុល្លារអាមេរិក។
លោក ហេង រតនា បានបញ្ជាល់ថា គម្រោងនេះនឹងអនុវត្តនៅតាមបណ្តាខេត្តមួយចំនួនដូចជា ខេត្តកំពង់ចាម ត្បូងឃ្មុំ ស្វាយរៀង ក្រចេះ ស្ទឹងត្រែង តាកែវ និងខេត្តព្រៃវែង ជាដើម ដោយគ្រោងរំដោះផ្ទៃដីឲ្យបានចំនួន១៩,០១៦,៩៣២ម៉ែត្រក្រឡា ស្រាវជ្រាវផ្ទៃដីចំនួនប្រមាណ៣០គីឡូម៉ែត្រក្រឡា និងត្រូវប្រើប្រាស់កម្លាំងប្រតិបត្តិការ ចំនួនប្រមាណ២៣០នាក់។
លោកអគ្គនាយកបញ្ជាក់ថា «ថ្ងៃនេះកម្លាំងប្រតិបត្តិការរបស់គម្រោងនេះ នឹងចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួនចាប់ពីពេលនេះទៅ។ អរគុណអង្គការ NPA និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានផ្តល់ជំនួយ ដើម្បីបោសសំអាតសំណល់ជាតិផ្ទុះពីសង្គ្រាម ដើម្បីសុខសុវត្ថិភាពប្រជាជនកម្ពុជា ក្រោមដំបូលសុខសន្តិភាព នៃព្រះរាជាណាចក្រនេះ»។
ឆ្លៀតក្នុងឱកាសនេះ លោកក៏បានរំលឹកបន្ថែមអំពីការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ ដែលមន្ត្រីទាំងអស់ត្រូវយកឈ្នះ លើជម្ងឺភ័យខ្លាចហួសហេតុ ខ្វះចំណេះដឹង និងចាញ់បោកក្រុមបន្លាចពីជម្ងឺ ប្រើប្រាស់ «ក្រមាខែ្មរ ថែសុខភាព» ត្រូវមានភាពម៉ឺងម៉ាត់ករណីមានការសង្ស័យ មានជម្ងឺត្រូវាយការណ៍ និងទៅពិនិត្យនៅមន្ទីរទេព្យស្វែងរកមេរោគ ទន្ទឹងនឹងនេះ ត្រូវតែអនុវត្តវិធានការម៉ត់ចត់ត្រឹមត្រូវ តាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល៕