(ភ្នំពេញ)៖ វិស័យអចលនទ្រព្យក្នុងប្រទេសកម្ពុជា កំពុងតែមានការរីកចម្រើនជាលំដាប់ឥតឈប់ឈរ ខណៈដែលអ្នកវិនិយោគក្នុងស្រុក ក៏ដូចជាអ្នកវិនិយោគមកពីក្រៅស្រុក កំពុងបណ្តាក់ទុនរកស៉ីពាសពេញផ្ទៃប្រទេស ហើយក្នុងរាជធានីភ្នំពេញ ដែលជាបេះដូងរបស់ប្រទេសនោះ គឺជាគោលដៅសំខាន់ក្នុងការវិនិយោគផងដែរ។
ជាក់ស្តែង ស្របពេលដែលខណ្ឌសែនសុខ កំពុងតែមានការអភិវឌ្ឍដ៏ច្រើន ផ្សារឃ្លាំងរំសេវថ្មីសែនសុខយ៉ាងធំមួយ មានតូបចំនួន ៩៨០តូប នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០នេះ បានចាប់ផ្តើមបុកគ្រឹះសាងសង់ហើយ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍតំបន់នេះ កាន់តែមានភាពអ៊ូរអរ។
ផ្សារឃ្លាំងរំសេវថ្មីសែនសុខ ត្រូវបានសាងសង់ឡើងលើផ្ទៃដីទំហំជាង ២ហិកតាឯណោះ ខណៈគម្រោងនៃការសាងសង់ នឹងត្រូវបញ្ចប់នៅក្នុងរយៈពេល៦ខែតែប៉ុណ្ណោះ។ នេះបើតាម លោក សោម កែវម៉ាលីដា សហស្ថាបនិកផ្សារឃ្លាំងរំសេវថ្មីសែនសុខ។
លោក សោម កែវម៉ាលីដា បានពន្យល់ថា មូលហេតុដែលបង្កើតផ្សារនេះឡើង ដោយសារកត្តា ៤យ៉ាង ហើយកត្តាទាំង៤នោះ រួមមាន៖ កត្តាសុខសន្តិភាព កត្តាស្ថិរភាពនយោបាយ កត្តាសេដ្ឋកិច្ចមានកំណើនថេរ ៧ភាគរយ ក្នុងរយៈ២ទស្សវត្សរ៍នេះ និងកត្តាតំបន់។ លោកថ្លែងថា ខណ្ឌសែនសុខ គឺជាតំបន់មួយប្រមូលផ្តុំទៅដោយលំនៅស្ថាន ហើយថ្មីៗនេះមានការវិនិយោគពីក្រុមហ៊ុនធំៗ ដូចជា ផ្សារទំនើបអ៉ីអន២ (Aeon 2) ផ្សារម៉ាក្រូ (Makro) ព្រីម៊ែរសែនសុខ (Premier Sen Sok) និងហ្គ្លូបលហោស (Global House) ជាដើម។
សហស្ថាបនិករូបនេះ បញ្ជាក់ថា «យើងបង្កើតឡើងដើម្បីរួមចំណែកក្នុងការអភិវឌ្ឍ ហើយតំបន់នេះមានភាពអ៊ូអរកាន់តែប្រសើរឡើង។ ផ្សារឃ្លាំងរំសេវសែនសុខយើង មានតូបសរុបទាំងអស់ ៩៨០តូប ហើយបច្ចុប្បន្ន អាជីវករប្រហែល ៨០ ទៅ៩០ ភាគរយ បានកក់ទិញតូបរួចរាល់អស់ហើយ»៕