(ភ្នំពេញ)៖ នៅដើមឆ្នាំ២០២០នេះ ពិភពលោកទាំងមូលកំពុងតែជួបវិបត្តិមួយ គឺការរីករាលដាលនៃមេរោគ COVID-19 ដែលបណ្តាលឲ្យមានផលប៉ះពាល់ទៅដល់ខ្សែចង្វាក់ផលិតកម្មទាំងមូលរបស់ពិភពលោក ហើយកម្ពុជា ក៏រងផលប៉ះពាល់ដល់ការផ្គត់ផ្គង់វត្ថុធាតុដើម ដល់វិស័យមួយចំនួន ដូចជាវិស័យកាត់ដេរ និងសំណង់ជាដើម។ ទន្ទឹមជាមួយគ្នា វិស័យទេសចរណ៍ក៏ទទួលរងការប៉ះពាល់ខ្លះដែរ។
ដោយឡែកចំពោះវិស័យអចលនវត្ថុនៅក្នុងប្រទេសកម្ពុជាវិញ COVID-19 បានបង្អាក់ចលនាកម្លាំងក្នុងការទិញ ក៏ដូចជាការវិនិយោគក្នុងស្រុក និងពីក្រៅស្រុកនៅត្រីមាសទី១ នៃឆ្នាំ២០២០នេះដែរ។
ជុំវិញករណីខាងលើ លោក សំ សុខនឿន អគ្គនាយក KW Sen Sok ដែលជាអ្នកជំនាញវិស័យអចលនវត្ថុមួយរូបបានឲ្យដឹងថា COVID-19 ពិតជាមានផលប៉ះពាល់ដល់ការទិញលក់អចលនវត្ថុនៅកម្ពុជាពិតមែន។ ប៉ុន្ដែយ៉ាងណារាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានមានយន្ដការមួយចំនួន ដើម្បីឆ្លើយតបនឹងស្ថានការណ៍នេះ។
សម្តេចតេជោ បានសម្រេចលើកលែងពន្ធប្រថាប់ត្រាសម្រាប់ការទិញអចលនវត្ថុទាំងឡាយណា ដែលមានតម្លៃក្រោម ៧ម៉ឺនដុល្លារ ព្រមទាំងអំពាវនាវឲ្យអ្នកអភិវឌ្ឍអចលនវត្ថុទាំងអស់បញ្ចុះតម្លៃ ក៏ដូចជាអភិវឌ្ឍលំនៅដ្ឋាន និងខុនដូតម្លៃសមរម្យ ដើម្បីសម្រួលដល់ប្រជាជនខ្មែរទូទៅ មានភាពងាយស្រួលក្នុងការទិញ និងលើកកម្ពស់ជីវភាព សុខមាលភាព និងសេចក្តីថ្លៃថ្នូររបស់ប្រជាជនកម្ពុជា។
ដោយហេតុនេះ ប្រធានក្រុមហ៊ុន សេម អេសអិន រៀលធី ដដែលបានបង្ហាញនូវគំនិតវិជ្ជមាន ៣ចំណុច ដែលជាឱកាសដ៏ល្អសម្រាប់អ្នកមានបំណងចង់ទិញលំនៅដ្ឋានស្នាក់នៅ ក្នុងឆ្នាំ២០២០ នេះ ទី១-អ្នកអភិវឌ្ឍបុរីជាទូទៅកំពុងតែផ្តល់លក្ខខណ្ឌបង់ប្រាក់ងាយស្រួល និងមានការបញ្ចុះតំលៃពិសេស។ ទី២- ក្នុងឆ្នាំ២០២០នេះ អ្នកទិញនឹងមិនត្រូវបង់ពន្ធប្រថាប់ត្រា៤% សម្រាប់ផ្ទះតម្លៃក្រោម ៧ម៉ឺនដុល្លារ និងទី៣-អ្នកទិញមានឱកាសចំណេញខ្ពស់ ព្រោះកម្ពុជាពុំមានការរីករាលដាលខ្លាំងនៃមេរោគ COVID-19 ដូចប្រទេសដទៃឡើយ។
អ្នកជំនាញវ័យក្មេងខាងលើបានបង្ហាញនូវសុទិដ្ឋិនិយមថា មេរោគ COVID-19 នឹងបាត់ទៅវិញ ព្រោះមានសញ្ញាណវិជ្ជមានមួយចំនួនដែលបង្ហាញថា ពិភពលោកអាចគ្រប់គ្រងស្ថានការណ៍ នៃការរីករាលដាលនេះបានហើយ។ ដូច្នេះលោកបានចាត់ទុកនេះ គឺជាឱកាសដ៏ល្អ សម្រាប់ការវិនិយោគអចលនវត្ថុទូទៅ គួរវិនិយោគដីធ្លី ដោយផ្អែកលើកត្ដាសំខាន់៣ ដូចខាងក្រោម៖
១. អ្នកទិញមានជម្រើសច្រើនក្នុងការទិញ ដោយមានអ្នកចង់លក់ច្រើន ធ្វើឲ្យអ្នកទិញ ទិញបានតម្លៃក្រោមទីផ្សារ និងមានឱកាសចំណេញបានខ្ពស់។
២. ប្រមុខរាជរដ្ឋាភិបាលកំពុងមានយន្តការជំរុញ និងលើកទឹកចិត្តវិនិយោគិនក្រៅប្រទេស ឲ្យមកវិនិយោគនៅក្នុងប្រទេសកម្ពុជា។
៣. តម្រូវការក្នុងស្រុកជាក់ស្តែងនៅតែមានការកើនឡើង នៅក្នុងឆ្នាំ២០២០នេះ។
ដោយផ្អែកលើហេតុផលខាងលើ លោកសំ សុខនឿន នៅតែមានជំនឿយ៉ាងមុតមាំថា ដើមឆ្នាំ២០២០នេះ ជាឱកាសល្អចំពោះអ្នកទិញលំនៅដ្ឋានសម្រាប់ស្នាក់នៅ និងសម្រាប់វិនិយោគ៕