(សៀមរាប)៖ ភ្ញៀវទេសចរមកពីភាគខាងត្បូងប្រទេសថៃចំនួន ១០៨នាក់ បានសម្រេចគោលបំណងមកទស្សនាកម្សាន្តនៅប្រទេសកម្ពុជាទាំងភាពជឿជាក់ ដោយមិនបានព្រួយភ័យពីបញ្ហាជំងឺ Covid-19 នោះឡើយ ខណៈពួកគេបានបង្ហាញពីការពេញចិត្ត និងមានគម្រោងបបួលគ្នាមកទស្សនាកម្ពុជានៅលើកក្រោយទៀត នាចុងខែមីនា ឆ្នាំ២០២០នេះ។
លោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថ្លែងប្រាប់ Fresh News នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០នេះថា ភ្ញៀវទេសចរថៃទាំងជាង ១០០នាក់នេះ បានធ្វើដំណើរចូលមកដល់កម្ពុជានាថ្ងៃទី១១ ខែមីនា និងតម្រង់មកគោលដៅទេសចរណ៍សៀមរាប-អង្គរ ក្នុងនោះទាំងមន្ត្រីនៅតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ទាំងមន្ត្រីទេសចរណ៍ និងមគ្គុទ្ទេសក៍ទេសចរណ៍នៅតាមគោលដៅទេសចរណ៍សៀមរាប-អង្គរ សុទ្ធតែមានការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះក្រុមទេសចរថៃខាងលើនេះ។ ចំណែកឯកភ្ញៀវទេសចរថៃក៏មានការពេញចិត្តយ៉ាងខ្លាំងចំពោះការទទួលស្វាគមន៍ បដិសណ្ឋារកិច្ច ការរៀបចំសេវាកម្មទេសចរណ៍របស់កម្ពុជា។
លោក ហោ សារុន បានបន្តថា នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ក្រុមមន្ត្រីច្រកទ្វារ ក៏ដូចជាក្រុមមន្ត្រីចត្តាឡីស័ក ក៏បានយកចិត្តទុកដាក់លើការត្រួតពិនិត្យសុខភាព លិខិតឆ្លងដែនរបស់ភ្ញៀវទេសចរថៃទាំងនោះយ៉ាងត្រឹមត្រូវ និងទទួលបានការសហការពីភ្ញៀវយ៉ាងស្រុះស្រួលផងដែរ។
បើតាមលោករដ្ឋលេខាធិការ ក្រុមភ្ញៀវទេសចរទាំងនេះសុទ្ធសឹងជាក្រុមសាស្ត្រាចារ្យ ឧទ្ទេសោចារ្យនៅតាមសាកលវិទ្យាល័យនានានៅក្នុងខេត្តចំនួន ៣ (ខេត្តយាឡា ខេត្តសុងខ្លា និងខេត្តណារ៉ាធីវ៉ាត់) ភាគខាងត្បូងប្រទេសថៃ។
បើតាមការឱ្យពីភ្ញៀវទេសចរថៃខាងលើ ពួកគេគ្មានការព្រួយភ័យអំពីបញ្ហាជំងឺ Covid-19 នៅប្រទេសកម្ពុជានោះឡើយ។ ពួកគេសុទ្ធតែបានបញ្ជាក់ថា បានជាពួកគេជ្រើសរើសប្រទេសកម្ពុជា ក៏ដូចជាខេត្តសៀមរាប ជាគោលដៅទេសចរណ៍របស់ខ្លួន ក៏ព្រោះតែពួកគេជឿជាក់ថា «កម្ពុជានៅតែជាគោលដៅទេសចរណ៍ប្រកបដោយសុខសន្តិភាព សុវត្ថិភាព និងផ្ដល់នូវភាពកក់ក្ដៅ មិនមានការព្រួយភ័យខ្លាចចំពោះការរីករាលដាលជំងឺដង្ហើមប្រភេទថ្មីនឡើយទេ», នេះបើតាមការបញ្ជាក់បន្ថែមពីលោក ហោ សារុន។
ពួកគេបានបង្ហើបឱ្យដឹងថា ពួកគេនឹងជួយផ្សព្វផ្សាយពីគោលដៅទេសចរណ៍កម្ពុជាទៅកាន់គ្រូៗ សាស្ត្រាចារ្យ ឧទ្ទេសោចារ្យក្នុងសាកលវិទ្យាល័យរបស់ពួកគេ និងមានគម្រោងធ្វើដំណើរមកទស្សនាកម្សាន្តនៅកម្ពុជាលើកក្រោយទៀត នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ខាងមុខ៕