Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

TOP NEWS: អយ្យការអមសាលាដំបូងរាជធានីភ្នំពេញប្រកាសថា ព្រះរាជអាជ្ញាមិនបានចោទប្រកាន់ប៉ះពាល់សហរដ្ឋអាមេរិក ឬរដ្ឋណាមួយ ពាក់ព័ន្ធនឹងសំណុំរឿង កឹម សុខា ទេ (Video inside)

12-03-2020 16:26

(ភ្នំពេញ)៖ ឆ្លើយតបនឹងការចោទប្រកាន់របស់អគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសថា ក្នុងសំណុំរឿងលោក កឹម សុខា តំណាងអយ្យការមិនបានចោទប្រកាន់សហរដ្ឋអាមេរិក រដ្ឋបរទេស ឬភ្នាក់ងាររដ្ឋបរទេសណាមួយនោះឡើយ។ នេះបើតាមសេចក្តីប្រកាសរបស់អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ក្នុងសេចក្តីប្រកាសរបស់អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្នុងដំណើរការនៃការជំនុំជម្រះក្តី លើសំណុំរឿងពាក់ព័ន្ធនឹង ជនជាប់ចោទ ឈ្មោះ កឹម សុខា ពីបទសន្ទិដ្ឋិភាព ជាមួយបរទេស តាមបញ្ញត្តិមាត្រា ៤៤៣ ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា គឺព្រះរាជអាជ្ញាពុំបានចោទប្រកាន់ប៉ះពាល់ទៅលើសហរដ្ឋអាមេរិក រដ្ឋបរទេស ឬភ្នាក់ងារបរទេសណាមួយនោះឡើយ ព្រះរាជអាជ្ញា បានចោទប្រកាន់ទៅលើ ជនជាប់ចោទឈ្មោះ កឹម សុខា ដែលមានអង្គហេតុ អង្គច្បាប់ ព្រមទាំងមានធាតុផ្សំបទល្មើសគ្រប់គ្រាន់ទៅតាមច្បាប់ នៃព្រះរាជាណាចក្រកម្ពុជាតែប៉ុណ្ណោះ»

ប្រតិកម្មតំណាងអយ្យការ បានធ្វើឡើងបន្ទាប់ពី លោក W. Patrick Muphy អគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានថ្លែងក្នុងសន្និសីទសារព័ត៌មានថា សហរដ្ឋអាមេរិក មានការរំខានចិត្តដោយខាងព្រះរាជអាជ្ញា បានលើកឡើងនូវរឿងមិនពិត ដែលត្រូវបានប្រឌិតឡើង ទាក់ទងនឹងសហរដ្ឋអាមេរិក»។

អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា នៅក្នុងដំណើរការជំនុំជម្រះ លើសំណុំរឿងក្តីនេះ គឺមានសាធារណជនជាតិ និងអន្តរជាតិជាច្រើន ចូលរួមស្ដាប់ និងសង្កេតការណ៍គ្រប់ពេលសវនាការ៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ៖