(ឧត្តរមានជ័យ)៖ ជម្លោះដណ្តើមប្តីមួយបានកើតឡើង រហូតប្រពន្ធដើម និងប្រពន្ធចុង កើតអំពើហិង្សា ហើយឈានទៅដល់ការកាប់ប្រហារ បណ្តាលឲ្យម្នាក់ដាច់ស្លឹកត្រចៀក និងម្នាក់ទៀតដាច់ម្រាមដៃ ដែលករណីនេះ បានកើតឡើងនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតនៅភូមិ តាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
មន្រ្តីនគរបាលមូលដ្ឋានបានឲ្យដឹងថា ប្រពន្ធដើម ឈ្មោះ មូល ងិុ អាយុ៤២ឆ្នាំ ដាច់ម្រាមដៃខាងឆ្វេងចំនួន ០៣ម្រាម និងប្រពន្ធចុង ឈ្មោះ សេង សា អាយុ៣៩ឆ្នាំ ដាច់ស្លឹកត្រចៀកខាងឆ្វេង។
ជនរងគ្រោះទាំងពីរ នាក់ ត្រូវបានសាច់ញាតិ និងប្តី បញ្ជូនទៅសង្គ្រោះទាំងពីរនាក់នៅមន្ទីរសុខភាព តាមាន់ និងមន្ទីរសុខភាពឈូក។
យ៉ាងណាក៏ដោយមិនទាន់អាចស្វែងរក ការបញ្ជាក់ពីសមត្ថកិច្ច អំពីដំណើរលំអិតដែលនាំឲ្យឈានទៅដល់ការកាប់ប្រហារគ្នានេះនៅឡើយទេ ៕