(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០នេះ បានប្រាប់ទៅក្រុមហ៊ុនប្រមូលសំរាមទាំងអស់ ដែលបំណងចង់ដេញថ្លៃប្រមូលសំរាម ក្នុងរាជធានីភ្នំពេញ ត្រូវស្វែងយល់ឲ្យបានច្បាស់ជាមុនអំពីចរិក នៃការបញ្ចេញសំរាមរបស់ប្រជាពលរដ្ឋ មុនសម្រេចចិត្តចូលរួមដេញថ្លៃ។
ក្នុងសន្និសីទ ស្ដីពីដំណើរការ និងនីតិវិធីលទ្ធកម្មដេញថ្លៃជ្រើសរើសក្រុមហ៊ុនផ្ដល់សេវាប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ ក្នុងដំណាក់កាលទី១ លោក ឃួង ស្រេង បានបញ្ជាក់ថា ក្រុមហ៊ុនក៏ត្រូវស្វែងយល់ផងដែរពីទីលាន ដែលត្រូវយកសំរាមទៅចោល។ លោកថា នៅពេលក្រុមហ៊ុនដេញថ្លៃបានហើយ នឹងរៀបចំកិច្ចពិភាក្សាមួយបន្ថែម អំពីចរិកនៃការបញ្ចេញសំរាមរបស់ពលរដ្ឋ។
បើតាមលោក ឃួង ស្រេង ផែនការបន្ដទៅទៀតនោះ សមត្ថកិច្ចអាចនឹងអនុវត្តវិធានច្បាប់ ចំពោះការចោលសំរាមរបស់ប្រជាពលរដ្ឋ សំដៅធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋបញ្ចេញសំរាម ទៅតាមការកំណត់ និងលក្ខណៈបច្ចេកទេសឲ្យបានត្រឹមត្រូវ ដើម្បីលើកកម្ពស់សោភ័ណភាព បរិស្ថាន ក្នុងរាជធានីភ្នំពេញ។
អភិបាលរាជធានីភ្នំពេញ ក៏ បានបញ្ជាក់ផងដែរ រាជធានីភ្នំពេញ នឹងត្រូវបែងចែកជា៣តំបន់ សម្រាប់ឲ្យក្រុមហ៊ុនធ្វើការជ្រើសរើស ក្នុងការផ្តល់សេវាប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹងទៅតាមតំបន់ទាំង៣ផ្សេងៗគ្នា ហើយចំពោះដំណើរការ និងនីតិវិធីលទ្ធកម្មនេះ នឹងត្រូវឆ្លងកាត់ជា២ដំណាក់កាល ក្នុងនោះទី១ ការវាយតម្លៃ ជ្រើសរើសក្រុមហ៊ុនចំនួន៣ ក្នុងការផ្តល់សេវាតាមតំបន់ដែលបានកំណត់។
លោក ឃួង ស្រេង បានបន្ថែមថា ចំពោះដំណើរការដេញថ្លៃក្រុមហ៊ុនប្រមូលសំរាមនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ឈប់ការទទួលពាក្យនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ខាងមុខ ដូច្នេះសូមបណ្ដាក្រុមហ៊ុនដែលមានចំណាប់អារម្មណ៍ចូលរួមដៃថ្លៃទាំងអស់ ត្រូវរុះរាន់បំពេញឯកសារឲ្យបានត្រឹមត្រូវតាមនីតិវិធី ដែលបានកំណត់។
សូមបញ្ជាក់ថា បន្ទាប់ពីមានបញ្ហាញឹកញាប់ពាក់ព័ន្ធនឹងការប្រមូលសំរាម នៅរាជធានីភ្នំពេញនោះ រាជរដ្ឋាភិបាលកម្ពុជា បានដកហូតសិទ្ធិប្រមូលសំរាម ពីក្រុមហ៊ុនស៉ិនទ្រី យកមកគ្រប់គ្រងវិញ ដោយរាជរដ្ឋាភិបាល បានបង្កើតរដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណង់រឹងរាជធានីភ្នំពេញ ដើម្បីគ្រប់គ្រងការងារនេះ៕