(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានជំរុញអភិបាលស្រុកល្វាឯម ទើបឡើងតំណែងថ្មី ត្រូវខិតខំសហការគ្នាល្អក្នុងរង្វង់ការងារ ទប់ស្កាត់បទល្មើសនេសាទ ក្មេងទំនើង ល្បែងស៊ីសង ពិសេសត្រូវបំរើប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ឲ្យបានល្អប្រសើរបំផុត ដោយឈរលើគោលនយោបាលភូមិឃុំសង្កាត់មានសុវត្ថិភាពឲ្យបានរឹងមាំ។
លោកអភិបាលខេត្ត បានថ្លែងយ៉ាងដូច្នេះ នៅក្នុងពិធីប្រកាសតែងតាំងអភិបាលស្រុកល្វាឯមថ្មី គឺលោក កន សុខកាយ ជំនួសលោក ភឹម ភារ៉ា ក្រោមវត្តមានមន្ត្រីអ្នកមុខអ្នកការជាច្រើននាក់ នៅសាលាស្រុកល្វាឯម ខេត្តកណ្ដាល។
លោក គង់ សោភ័ណ្ឌ បានលើកឡើងបន្តថា ក្នុងនាមមន្ត្រីត្រូវខិតខំធ្វើយ៉ាងណាអនុវត្តន៍ឲ្យបានយ៉ាងម៉ឺងម៉ាត់ នូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយប្រឹងប្រែងបំរើប្រជាពលរដ្ឋ ថែរក្សាសុខសុវត្ថិភាព ទប់ស្កាត់អំពើល្មើសច្បាប់នានា ទប់ស្កាត់មិនឲ្យមានការរំលោភយកដីសាធារណៈ ចុះមូលដ្ឋានពិនិត្យមើលសុខទុក្ខប្រជាពលរដ្ឋ ដោះស្រាយតម្រូវការចាំបាច់របស់ពលរដ្ឋ បង្ករភាពងាយស្រួលចំពោះសេវាសាធារណៈ និងការងារជាច្រើនផ្សេងទៀតឲ្យបានល្អប្រសើរបំផុត។
លោកអភិបាលខេត្ត បានកោតសរសើរនូវស្នាដៃដ៏ល្អប្រសើររបស់អតីតអភិបាលស្រុកល្វាឯម លោក ភឹម ភារ៉ា ផងដែរថា បានសម្រេចចេញជាសមិទ្ធផលល្អប្រសើរយ៉ាងច្រើនក្នុងមូលដ្ឋានរបស់ខ្លួន ខណៈដែលស្រុកល្វាឯមបច្ចុប្បន្ន ឃើញមានសន្ទុះការរីកចំរើនច្រើនគួរឲ្យកត់សំគាល់។
លោក កន សុខកាយ បានឡើងប្ដេជ្ញាចិត្តថា នឹងបំរើពលរដ្ឋឲ្យបានល្អប្រសើរពិសេសអនុវត្តន៍នូវគោលនយោបាយភូមិឃុំ-សង្កាត់ ឲ្យល្អប្រសើរបំផុត ស្របតាមការចង់បានរបស់ថ្នាក់លើ។
គួរជម្រាបជូនថា អភិបាលស្រុកចាស់ពោលគឺលោក ភឹម ភារ៉ា នឹងត្រូវទៅបំរើការងារជាអភិបាលរងខេត្តក្រចេះ រីឯលោក កន សុខកាយ ពីអភិបាលរងស្រុកល្វាឯម ត្រូវឡើងទៅកាន់តំណែងជាអភិបាលស្រុកល្វាឯម ចាប់ពីថ្ងៃនេះតទៅ៕