(ព្រះវិហារ)៖ លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បានជឿជាក់ថា ភាពក្រីក្ររបស់ប្រជាកសិករនៅក្នុងខេត្ត នឹងត្រូវកាត់បន្ថយមួយកម្រិតថែមទៀត តាមរយៈសកម្មភាពផលិតស្រូវសរីរាង្គ ដោយផ្អែកលើផលិតកម្ម កសិកម្មតាមកិច្ចសន្យា និងសកម្មភាពអាជីវកម្មផ្សេងៗទៀត។
ការថ្លែងបែបនេះរបស់លោកអភិបាលខេត្តព្រះវិហារ បានធ្វើឡើងក្នុងពិធីបើកមហាសន្និបាតប្រចាំឆ្នាំ២០១៩ របស់សហភាពសហគមនកសិកម្មព្រះវិហារមានជ័យ ដោយមានការចូលរួមពីលោកជា សាំង ដូណា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម, លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មខេត្ត ព្រមទាំងអស់លោក លោកស្រីជាប្រធានមន្ទីរ អភិបាលក្រុង ស្រុក តំណាងក្រុមហ៊ុន អង្កការដៃគូរអភិវឌ្ឍន៍ និងសហគមន៍កសិកម្មជាច្រើនរូបទៀត។
នៅក្នុងឱកាសនោះលោក ប្រាក់ សុវណ្ណ បានថ្លែងអរគុណផងដែរ ចំពោះទីភ្នាក់ងារបារាំងអភិវឌ្ឍន៍ (AFD) ដែលបានគាំទ្រថវិកាដល់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ (SNEC) ក្នុងការអនុវត្តគម្រោងមួយហៅថា «គម្រោងគាំទ្រពាណិជ្ជូនីយកម្មស្រូវអង្ករកម្ពុជា (SCCRP)» ដើម្បីជំរុញវិសយ័ស្រូវអង្ករនៅកម្ពុជា។ ពិសេសគម្រោងនេះបានជួយសម្របសម្រួល និងគាំទ្រថវិកាក្នុងការបង្កើតសហភាពទី១នេះឡើង ដោយមានការសហការយ៉ាងល្អពីនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម និងមន្ទីរកសិកម្មខេត្តព្រះវិហារ។
ជាមួយគ្នានោះ លោកអភិបាលខេត្តព្រះវិហារ បានថ្លែងអរគុណដល់ដៃគូរអភិវឌ្ឍន៍ទាំងក្នុង និងក្រៅរដ្ឋាភិបាល ដែលបានធ្វើជាដៃគូរ និងបានគាំទ្រដល់សហភាពសហគមន៍កសិកម្មកន្លងមក ដូចជា ក្រុមហ៊ុនអែមរុរាយស៍ ក្រុមហ៊ុនស៊ីកនេតឈរ័ អស្វ អេស៊ា និងក្រុមហ៊ុនហ្គោលឌេនរាយ អង្កការអ្នកស្ម័គ្រចិត្តអន្តរជាតិ នៃយ៉ាម៉ាកាតា អង្កការអ្នកក្សេត្រសាស្ត្រ ពេទ្យសត្វគ្មានព្រំដែនអង្កការអភិវឌ្ឍន៍ ភាពជាដៃគូរ ក្នុងសកម្មភាព (DPA) អង្កការជីអាយហ្សិត និងកម្មវិធីអាសស្ប៉ាយរបស់មន្ទីរកសិកម្មខេត្តជាដើម។
លោក ប្រាក់ សុវណ្ណ បានថ្លែងទៀតថា ការរៀបចំមហាសន្និបាតប្រចាំឆ្នាំរបស់សហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យ នាពេលនេះ ក្នុងគោលបំណងបង្ហាញពីសមិទ្ធិផល និងសកម្មភាពអាជីវកម្មរបស់ខ្លួន ដែលសម្រេចបានក្នុងឆ្នាំ២០១៩ និងបន្តការលើកទិសដៅផែនការ អាជីវកម្ម និងសេវាកម្មសម្រាប់ឆ្នាំ២០២០នេះ។
ការរៀបជំពិធីនាពេលនេះ បានបង្ហាញនូវបទពិសោធន៍ និងការចែករំលែកពីភាពជោគជ័យរបស់សហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យ ស្តីពីការអនុវត្តផលិតកម្មស្រូវសរីរាង្គតាមកិច្ចសន្យា ហើយក៏ជាការផ្តល់ឱកាសដល់អ្នកចូលរួមទៃងអស់បានជួបមុខគ្នា ក្នុងការបង្កើតទំនាន់ទំនង និងការចងបណ្តាញរវាងអ្នកផលិតនិងអ្នកនាំចេញស្រូវសរីរាង្គ ព្រមទាំងដៃគូរអភិវឌ្ឍន៍នានាផងដែរ។
លោកអភិបាលខេត្តព្រះវិហារ បានសំដែងការជឿជាក់ថា ភាពក្រីក្ររបស់ប្រជាកសិករក្នុងខេត្តព្រះវិហារ នឹងត្រូវបានកាត់បន្ថយមួយកម្រិតថែមទៀត តាមរយៈសកម្មភាពផលិតស្រូវសរីរាង្គ ដោយផ្អែកលើផលិតកម្ម កសិកម្មតាមកិច្ចសន្យានិងសកម្មភាពអាជីវកម្មផ្សេងៗទៀតផងដែរ។
លោក ប្រាក់ សុវណ្ណ បានចែកគោយន្តកន្ត្រៃយ៍ជូនសហគមន៍ចំនួន១ និងម៉ាស៊ីនបូមទឹកជូនសហគមន៍២៥ ដែលជាអំណោយរបស់កម្មវិធីគម្រោង៕