(ភ្នំពេញ)៖ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃ អគ្គនាយកដ្ឋានពន្ធដារ បានពន្យល់យ៉ាងលម្អិត ដល់សារធារណជនឲ្យកាន់តែច្បាស់បន្ថែមអំពី ការបង់ពន្ធលើការរកស៊ី ក្នុងប្រព័ន្ធអនឡាញ (E-Commerce)។

ថ្លែងក្នុងកម្មវិធីស្តីពី «ការផ្តល់សេវា និងបច្ចុប្បន្នភាពព្រឹត្តិការណ៍ផ្សេងៗ របស់អគ្គនាយកដ្ឋានពន្ធដារ» នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ តាមរយៈការ Live តាម Facebook ពន្ធដារ លោក គង់ វិបុល បានឲ្យដឹងថា នៅក្នុងសម័យអនឡាញ ជាបញ្ហាដ៏ស្មោគស្មាញរបស់រដ្ឋបាលសារពើពន្ធទាំងកម្ពុជា ទាំងអន្ដរជាតិ។ អ្នកលក់អនឡាញ នៅក្នុងប្រទេសកម្ពុជា តាមច្បាប់សារពើពន្ធ គឺត្រូវមានកតព្វកិច្ចចុះបញ្ជីពន្ធដារ។

លោកបានបន្ដថា «រាល់សកម្មភាពសេដ្ឋកិច្ចកើតឡើង១៥ថ្ងៃ ត្រូវមកចុះបញ្ជី តាមមាត្រា១០១នៃច្បាប់សារពើពន្ធ ហើយប្រសិនបើចំណូលនោះ ត្រូវបានលើកលែង ក្រោម២៥០លានរៀល មិនត្រូវបានជាប់ពន្ធទេ ប្រសិនបើ២៥០ដល់៧០០លានរៀលត្រូវជាប់ពន្ធ ប៉ុន្ដែជាអ្នកជាប់ពន្ធតូច ហើយចន្លោះពី៧០០លានរៀល ដល់៤០០០លានរៀល ត្រូវជាប់ពន្ធមធ្យម ហើយចាប់ពី៤០០០លានរៀលឡើងទៅ គឺជាអ្នកជាប់ពន្ធធំ តាមច្បាប់សារពើពន្ធ គឺត្រូវជាប់ពន្ធ និងត្រូវទៅប្រកាសបង់ពន្ធ»

លោក គង់ វិបុល បានបន្ថែមថា «ខ្ញុំសង្កេតឃើញថា អ្នកលក់អនឡាញមួយចំនួន ពិសេសអ្នកលក់ឡេ ប្រហែលជាមិនបានបំពេញកត្វកិច្ចនោះទេ ហើយអ្នកទាំងនោះកំពុងតែ ធ្វើអាជីវកម្មដែលមានប្រាក់ចំណូល ប៉ុន្ដែមិនបានចុះបញ្ជីបង់ពន្ធដារ។ ហេតុដូច្នេះខ្ញុំសូមអំពាវនាវយ៉ាងទទូចថា រាល់ការលក់ដូរត្រូវគោរពច្បាប់ពន្ធដារ រាល់អាជីវកម្មសេដ្ឋកិច្ចទាំងឡាយណា មានរយៈពេល១៥ថ្ងៃត្រូវតែមកចុះបញ្ជី»

លោក គង់ វិបុល បានបន្តថា បច្ចុប្បន្ននេះអគ្គនាយកដ្ឋានពន្ធដារ កំពុងរៀបចំជាមួយក្រសួងសេដ្ឋកិច្ច នូវការគ្រប់គ្រង់នៃ E-Commerce ខណៈច្បាប់ E-Commerce ត្រូវបានអនុម័តរួចរាល់ផងដែរ៕