(ព្រៃវែង)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០នេះ បានជំរុញឲ្យមានការប្រមូលផ្ដុំ បង្កើតប្រសិទ្ធភាព នៃការផ្ដល់សេវាសាធារណៈ ការផ្ដល់ប្រយោជន៍នានាពីការអភិវឌ្ឍ ការផ្ដល់នូវកិច្ចគាំពារផ្នែកសង្គម ប្រកបដោយសមធម៌ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
ការលើកឡើងរបស់សម្ដេចក្រឡាហោម ស ខេង ត្រូវបានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីបិទសន្និបាត បូកសរុបលទ្ធផលការងារប្រចាំ ឆ្នាំ២០១៩ និងលើកទិសដៅការងារ ឆ្នាំ២០២០ របស់រដ្ឋបាលខេត្តព្រៃវែង និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន។
ក្នុងឱកាសនោះ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង ក៏បានរាយការណ៍អំពីសកម្មភាពការងាររបស់ក្រុមការងារថ្នាក់ក្រោមជាតិ ដែលបានអនុវត្ត ក្នុងឆ្នាំ២០១៩ កន្លងមកនោះមាន រៀបចំវេទិកាសាធារណៈ និងកិច្ចប្រជុំនានា ចំនួន៤២៣លើក មានអ្នកចូលរួមសរុបចំនួន៤៩,០៤២នាក់ ក្នុងនោះទទួលបានសំណើ សំណូមពរ របស់ប្រជាពលរដ្ឋដែលបានលើកឡើងសរុបចំនួន ៥៥៩ករណី បានដោះស្រាយរួចចំនួន ១៩០ករណី កំពុងដោះស្រាយ ១៦៣ករណី និងបញ្ជូនទៅថ្នាក់ជាតិ ចំនួន ២០៦ករណី។
លោកបញ្ជាក់ថា តាមរយៈការជួបប្រជុំ និងការធ្វើវេទិកាសាធារណៈ បានធ្វើឲ្យក្រុមការងារក្តាប់បាននូវបញ្ហាសំណូមពរតម្រូវការ និងចម្ងល់នានា របស់ប្រជាពលរដ្ឋ ហើយបញ្ហាទាំងអស់នេះ ក៏ត្រូវបានក្រុមការងារធ្វើការពន្យល់ បកស្រាយ និងដោះស្រាយតាមលទ្ធភាព និងសមត្ថកិច្ចរបស់ខ្លួននៅនឹងកន្លែង និងជាបន្តបន្ទាប់។ ជាមួយនេះ ក្នុងរយៈពេលកន្លងមក ជារួមឃើញថា ការដោះស្រាយនូវសំណូមពរដែលនៅសេសសល់បានតិចតួច ដោយសារតែ បញ្ហាមួយចំនួន ពាក់ព័ន្ធនឹងក្រសួងស្ថាប័នថ្នាក់ជាតិ និងមានលក្ខណៈជាច្បាប់កំណត់ផង និងលក្ខណៈ អន្តរស្ថាប័នផង។
សម្តេចក្រឡាហោម សខេង បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង ធ្វើការងារយកអស់កម្លាំងការចិត្ត របស់ក្រុមការងារថ្នាក់ក្រោមជាតិ រដ្ឋបាលក្រុង ស្រុក ទាំង១៣ ដែលបានខិតខំអនុវត្តការងារ ផែនការសកម្មភាពបានយ៉ាងល្អប្រសើរ ដែលធានាបាននូវតម្រូវការ និងសំណូមពររបស់ប្រជាពលរដ្ឋប្រសើឡើងគួឲ្យកត់សម្គាល់។
សម្ដេចក្រឡាហោម ស ខេង បានបន្តទៀតថា ឆ្នាំ២០២០ នេះជាឆ្នាំទី២ នៃការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញការអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យជាបន្តទៀត ដោយហេតុនេះក្នុងឆ្នាំ២០២០ នេះយើងត្រូវរួមគ្នាធ្វើការពង្រឹងការប្ដេជ្ញាចិត្ត សម្រេចឲ្យបាននូវទិសដៅយុទ្ធសាស្ត្រសំខាន់ៗចំនួន ៤មានដូចជា៖
*ទី១៖ បន្តប្ដូរផ្ដាច់ការពារដាច់ខាតនូវឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ព្រមទាំងលើកស្ទួយនូវសិទ្ធិ សេរីភាពគ្រប់យ៉ាងរបស់ប្រជាពលរដ្ឋ ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់នានាជាធរមាននៅកម្ពុជា។
*ទី២៖ បន្តជំរុញលើកកម្ពស់ដំណើរការលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សលើមូលដ្ឋាន នៃការធានាឲ្យបាននូវសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ ប្រកបដោយចីរភាព ដោយត្រូវផ្សាភ្ជាប់ការដំណើរការប្រជាធិបតេយ្យជាមួយនីតិរដ្ឋ និងការថែរក្សាការពារ ឲ្យបាននូវអត្តសញ្ញាណជាតិសេចក្តីថ្លៃថ្នូរ ប្រពៃណី ទំនៀមទម្លាប់ដ៏ល្អរបស់ជាតិ និងការកសាងភាពសុខដុមរមនាក្នុងសង្គម។
*ទី៣៖ បន្តជំរុញការអនុវត្តកម្មវិធីកំណែទម្រង់នានា ដែលបានកំណត់ក្នុងកម្មវិធីនយោបាយយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៤ ក្នុងនោះរួមទាំងកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការសំដៅបង្កើតឡើងនូវកាលានុវត្តភាពថ្មីៗ បន្ថែមទៀត សម្រាប់បន្តជំរុញកំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ ប្រកបដោយសមធម៌និងចីរភាព។
*ទី៤៖ ខិតខំប្រមូលផ្ដុំបង្កើតប្រសិទ្ធភាព នៃការផ្ដល់សេវាសាធារណៈការផ្ដល់ប្រយោជន៍នានា ពីការអភិវឌ្ឍការផ្ដល់នូវកិច្ចគាំពារផ្នែកសង្គម ប្រកបដោយសមធម៌ និងការខិតខំដោះស្រាយបញ្ហាប្រឈមសំណើ សំណូមពរនានារបស់ប្រជាពលរដ្ឋ សំដៅធានាលើកកម្ពស់ការចូលរួម និងភាពជាម្ចាស់របស់ប្រជាពលរដ្ឋ លើកិច្ចការគ្រប់វិស័យក្នុងសង្គម៕