(រតនគិរី)៖ យុទ្ធនាការបង្ការ និងទប់ស្កាត់វីរុសកូរ៉ូណា ឬ Covid-19 នៅតាមសាលារៀនមួយចំនួនក្នុងក្រុងបានលុង ខេត្តរតនគិរី បានប្រារព្ធធ្វើរយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី១១-១២ ខែមីនា ឆ្នាំ២០២០ ស្របទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល និងក្រសួងអប់រំ ក៏ដូចជាការណែនាំរបស់លោក ថង សាវុន អភិបាលខេត្ត និងជាប្រធាន ស.ស.យ.ក ខេត្តរតនគិរី ដើម្បីផ្ដល់នូវទំនុកចិត្តជូនអាណាព្យាបាល ឲ្យបញ្ជូនកូនមករៀន និងធានាថា កូនៗរបស់ពួកគាត់មានសុវត្ថិភាពចៀសផុតពីការចម្លងមេរោគ Covid-19។
លោក ចាន់ សារុន ចៅសង្កាត់ឡាបានសៀក ដែលបានដឹកនាំក្នុងយុទ្ធនាការនេះ បានឲ្យដឹងថា ឆ្លើយតបនឹងការរីករាលដាលនៃជំងឺរលាកផ្លូវដង្ហើម ដោយសារមេរោគ Covid-19 សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី បានសហការជាមួយសាលារៀនមួយចំនួន ធ្វើសកម្មភាពផ្សព្វផ្សាយទប់ស្កាត់ការឆ្លងមេរោគ Covid-19 នៅវិទ្យាល័យមួយចំនួន រួមមាន វិទ្យាល័យសម្តេចឪសម្តេចម៉ែ, វិទ្យាល័យហ៊ុនសែនភូមិថ្មី, សាលាបឋមសិក្សាហ៊ុនសែនភូមិថ្មី, សាលាបឋមសម្តេចក្រុមព្រះ និងគ្រឹះស្ថានសិក្សាឯកជនហេងលាង ដោយមានសិស្សានុសិស្ស ចូលរួមស្តាប់ជាង៦០.០០០នាក់។
ចៅសង្កាត់រូបនេះបានលើកទឹកចិត្តឱ្យសិស្សានុសិស្ស ពាក់ម៉ាសការពារជាប្រចាំ មានការវាស់ស្ទង់សីតុណ្ហភាពក្នុងខ្លួនមុនពេលចូលរៀនជាដើម។ ក្នុងនោះដែរ លោកក៏បានឧបត្ថម្ភថវិកាមួយចំនួន ដល់សាលាខាងលើ សម្រាប់ទិញអាល់កុល សាប៊ូ ឲ្យសិស្សលាងដៃឱ្យបានទៀងទាត់ និងញឹកញាប់ជាប្រចាំផងដែរ។
លោកបានដាក់ចេញវិធានការសំខាន់ៗមួយចំនួនក្នុងការរបង្ការ និងទប់ស្កាត់ និងការឆ្លងដោយប្រការណាមួយ ពីជំងឺរលាកសួតប្រភេទថ្មីដោយមេរោគ Covid-19 ដែលកំពុងរីករាលដាលនា ពេលបច្ចុប្បន្ន មានជាអាទិ៍៖ ផ្សព្វផ្សាយសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ព្រមជាមួយក្រសួងអប់រំយុវជន និងកីឡា ជាពិសេសការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ជូនដល់គណៈដឹកនាំសាលាទាំងអស់ ដើម្បីបានជាចំណេះដឹងក្នុងការស្វែងយល់ បង្ការនិងទប់ស្កាត់ព្រមទាំងយកទៅផ្សព្វផ្សាយបន្តដល់បុគ្គលិកពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ បន្ទុកថ្នាក់គ្រប់កម្រិត បានធ្វើការអប់រំ ណែនាំ និងជំរុញដល់សិស្សានុសិស្សទាំងអស់ឲ្យពាក់ម៉ាស និងលាងដៃជាប្រចាំជាមួយសាប៊ូ មុនពេលចូលក្នុងថ្នាក់ និងមុនពេលញាំអាហារ។
លោកចៅសង្កាត់ ឡាបានសៀកឱ្យដឹងទៀតថា បន្ថែមពីលើវិធានការសំខាន់ៗទាំងនេះ សាលារៀនក៏បានរៀបចំឲ្យមានជាសាប៊ូ សម្រាប់សិស្សានុសិស្សលាងដៃ នៅតាមបន្ទប់ទឹករបស់សាលា និងការត្រៀមខ្លួនឆ្លើយតប និងរាយការណ៍ជូនក្រសួងសុខាភិបាល តាមរយៈលេខ១១៥ បើមានករណីសង្ស័យ មានអ្នកផ្ទុកមេរោគ Covid-19៕