(ភ្នំពេញ)៖ ដោយមានការណែនាំពីប្រធានអគ្គនាយកដ្ឋានកាំកុងត្រូល និងប្រធានសាខាផែស្ងួតចុងទីភ្នំពេញ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ មន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ និងសាខាកាំកុងត្រូលទាំង៨ ក្នុងរាជធានីភ្នំពេញ បានសហការជាមួយ មន្រ្តីពិសោធន៍ និងគណៈកម្មការផ្សារអូឡាពិក នឹងផ្សារច្បារអំពៅ បានចុះអង្កេតនិងស្រាវជ្រាវ ទប់ស្កាត់ នូវទំនិញខូចគុណភាព ដែលធ្វើអោយប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។
លោក ហេង បុ៑នចំរើន ប្រធានសាខាអន្តរជាតិភ្នំពេញ បានបញ្ជាក់ថា ប្រតិបត្តិការចុះពិនិត្យផ្សារចំនួន៣ ក្នុងនោះមន្ត្រីជំនាញបានយកគំរូ៨៤ គំរូ បញ្ជូនមករថយន្តពិសោធន៍ចល័ត ដើម្បីរកនៅសារធាតុគីមីហាមឃាត់ដូចជា គ្រឿងសមុទ្រ គុយទាវតូច លត បាញ់កាញ់ មីគ្រប់មុខ ទឹកខ្មេះគ្រប់ប្រភេទ ប្រហិតគ្រប់មុខ ជ្រក់គ្រប់មុខ សាច់ក្រក ត្រីងៀតគ្រប់មុខ និងត្រួតពិនិត្យទំនិញម្ហូបអាហារវេចខ្ចប់ស្រេចនៅតាមតូបលក់ទំនិញ ខូចគុណភាព គ្មានស្លាកសញ្ញា គ្មានកាលបរិច្ឆេទ សំបកវេចខ្ចប់មិនត្រឹមត្រូវ ។ល។
លោកបន្តថា ជាលទ្ធផលបានរកឃើញសារធាតុបូរ៉ាក់នៅក្នុង ឈាមជ្រូក ១គីឡូក្រាមនឹង លតអង្ករចំនួន ២គីឡូក្រាម ហើយចំពោះទំនិញទាំងអស់នេះត្រូវបានដកហូត យកមកបំផ្លាញចោលនៅនឹងកន្លែងទៅតាមនិតិវិធី។
ជាមួយគ្នានោះ លោកបានពន្យល់ណែនាំ ផ្សព្វផ្សាយ អប់រំ អំពី សុវត្ថិចំណីអាហារ និងអនុវត្តទៅតាមច្បាប់ ស្តីពី ការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជាពិសេសសផ្តោតទៅលើ ម៉ាស់ ជែល អាលកុល នឹងផលិតផលម្ហូបអាហារសំខាន់ៗ មួយចំនួនដែលដាក់តាំងលក់នៅលើទីផ្សារ រួមទាំងផលិតផលលក់តាម online ផងដែរ ដើម្បីស្វែងរកបទល្មើស ឈានទៅអនុវត្តវិធានការច្បាប់ ចំពោះជនខិលខូច៕